អន្តរជាតិ
​ឌូ​ទើ​តេ ប្រាប់​អាមេរិក​ថា «​ទុក​សម្តី​អាក្រក់ៗ​របស់លោក​ពីមុន​ដូចជា​ទឹក​ហូរ​ក្រោម​ស្ពាន​ចុះ​»
29, Sep 2017 , 10:19 pm        
រូបភាព
​ប្រធានាធិបតី​មាត់ដាច​របស់​ហ្វីលីពីន រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ ផ្លាស់ប្តូរ​ជំហរ​របស់ខ្លួន​ដោយ​ងាក​មក​សរសើរ​អាមេរិក​ជា​លើកដំបូង​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី ២៨ ខែកញ្ញា​នេះ ដោយ​លោក​ហៅ​អាមេរិក​ថា​ជា «​សម្ព័ន្ធមិត្ត​»​ដ៍​សំខាន់​។ មេដឹកនាំ​រូបនេះ​ថែមទាំង​ព្រលយ​ពាក្យ​ថា រឿង​លោក​ធ្លាប់​ទិតៀន​ជេរប្រទេច​ផ្តាសារ​អាមេរិក​ឲ្យ​វា​កន្លង​ហួស​តាម​អតីតកាល​ទៅ​ចុះ​។

  


«​អាមេរិក​ជា​សម្ព័ន្ធមិត្ត​ដ៏​សំខាន់​ខាង​ផ្នែក​សន្តិសុខ​»​។ នេះ​ជាស​ម្ពី​របស់លោក​ប្រធានាធិបតី រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី ២៨ ខែកញ្ញា​ក្នុងពេលដែល​លោក​ស្ថិតក្នុង​ពិធី​រម្លឹក​ខួប​លើក​ទី ១១៦ នៃ​សមរភូមិ​អាមេរិក និង​ហ្វីលីពីន​នៅ​កោះ Samar​។ វា​ក៏​ជាស​ម្តី​សរសើរ​អាមេរិក​ដ៏​កម្រ​បំផុត​ដែរ​។

​ទីភ្នាក់ងារ​ព័ត៌មាន Reuters បាន​ចុះផ្សាយ​ថា លោក ឌូ​ទើ​តេ បាន​អះអាងថា ក្រសួង​ការ​បរ ទេស​លោក​បានផ្តល់​ប្រឹក្សា​ឲ្យ​កាត់បន្ថយ​វោហា​សព្ទ​ប្រឆាំង​អាមេរិក​បន្តិច ហើយ​លោក​បានប្រកាសថា គ្រប់យ៉ាង​ដែល​កើតឡើង​ពី​អតីតកាល​ឲ្យ​វារ​សាត់​ដូច​ទឹក​ក្រោម​ស្ពាន​ទៅ​ចុះ​។ 

«​អ្វីដែល​កើតឡើង​ឲ្យ​វា​ហួស​ទៅ​បាត់​ដូច​ទឹក​ហូរ​ក្រោម​ស្ពាន​ទៅ​ចុះ​។ ខ្ញុំ​ទទួលបាន​ការផ្តល់​ប្រឹក្សា​យោបល់​ពី​ក្រសួងការបរទេស​ឲ្យ​ខ្ញុំ​ទប់​ភាសា​កំហឹង និង​ចៀស​វាង​ជេរ​ដាក់​បណ្តាសារ​គេ ដែល​វា​ជា​អ្វីដែល​ខ្ញុំ​ធ្វើ ពេលដែល​ខ្ញុំ​មាន​អារម្មណ៍មិនល្អ​»​។

«​ខ្ញុំ​មិន​និយាយថា អាមេរិក​ជា​អ្នក​ជួយសង្គ្រោះ​ឡើយ ប៉ុន្តែ​អាមេរិក​ជា​សម្ព័ន្ធមិត្ត​របស់​យើង ហើយ​បាន​ជួយ​យើងកន្លងមក​។ សូម្បីតែ​បច្ចុប្បន្ន គេ​បានផ្តល់​ជំនួយសម្ភារៈ​យោធា​សំខាន់ៗ​ដល់​ទាហាន​យើង​នៅដែលស្ថិតនៅក្រុង​ម៉ា​រ៉ាវី​ កំពុង​ច្បាំង​កម្ចាត់​ភេរវកម្ម​ផង​»​។​

​តាមពិតទៅ​លោក ឌូ​ទើ​តេ បង្ហាញ​អារម្មណ៍​ខឹងសម្បារ និង​ទិតៀន​អាមេរិក ដោយ​សម្អាង​លើ​ហេតុផល​ប្រវត្តិសាស្ត្រ​ដូចជា​ការសម្លាប់​ប្រជាជន​ហ្វីលីពីន មុនពេល​ហ្វីលីពីន​បាន​ឯករាជ្យ​ពេញលេញ​ឆ្នាំ ១៩៤៦​នោះ​។  

​លោក​បាន​គំរាម​ផ្តាច់ទំនាក់ទំនង​យោធា​ជាមួយ​អាមេរិក និង​បាន​ជេរ​ប្រទេចផ្តាសា​រលោក បា​រ៉ា​ក់ អូ​បា​ម៉ា ថែមទៀត​នៅក្នុង​កិច្ចប្រជុំ​អាស៊ាន​នៅ​ឡាវ រហូត​បណ្តាល​ឲ្យ​លោក អូ​បា​ម៉ា លុបចោល​ជំនួប​ទ្វេភាគី​ផង​។​

​ប៉ុន្តែ​ក្រោយ​លោក​ដូ​ណា​ល់ ត្រាំ ជាប់ឆ្នោត​ក្លាយជា​ប្រធានាធិបតី លោក ឌូ​ទើ​តេ ចាប់ផ្តើម​បន្ថយ​សម្តី​រិះគន់​អាមេរិក​ដែរ បើទោះជា​លោក​ធ្លាប់​ប្រកាសថា លោក​មិន​ទៅ​ជាន់ដី​អាមេរិក​ក៏ដោយ​។ នេះ​ក៏ដោយ​សារ លោក ត្រាំ មិន​ត្រឹមតែ​មិន​ថ្កោលទោស​សង្គ្រាម​គ្រឿងញៀន​ទេ លោក​ថែមទាំង​សរសើរ​លោក ឌូ​ទើ​តេ ថែមទៀត​៕


Tag:
 រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ​
  អាមេរិក​
  ហ្វីលីពីន​
  Samar
© រក្សាសិទ្ធិដោយ thmeythmey.com