អន្តរជាតិ
ទំនាក់ទំនង​ចិន​-​អាមេរិក​អាច​នឹង​ប្រសើរ​ក្រោយ​ទស្សនកិច្ច​លោក ត្រាំ នៅ​ចិន​ខែវិច្ឆិកា​
29, Sep 2017 , 10:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ចិន និង​អាមេរិក​រំពឹងថា ទំនាក់ទំនង​រវាង​មហាអំណាច​ទាំងពីរ​នឹង​ផ្លាស់ប្តូរ​ទៅរក​ភាពល្អប្រសើរ​នៅពេល​ខាងមុខ​ពោលគឺ​នៅក្រោយ​ដំណើរ​ទស្សនកិច្ច​របស់​លោក ដូ​ណា​ល់ ត្រាំ នៅ​ខែវិច្ឆិកា​ខាងមុខ​។   ការផ្លាស់ប្តូរ​ទស្សនកិច្ច​កម្រិត​ការទូត​ជាច្រើន​ត្រូវគេ​រៀបចំ​ឡើងជា​បន្តបន្ទាប់​ដើម្បី​ត្រៀម​ពង្រឹង​ទំនាក់ទំនង និង​ទទួល​ទស្សនកិច្ច​របស់​លោក ត្រាំ​ផង​។



​ប្រធានាធិបតី​អាមេរិក​លោក ដូ​ណា​ល់ ត្រាំ នឹង​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន​នៅ​ខែវិច្ឆិកា​ខាងមុខ​។ គេ​រំពឹងថា ដំណើរ​ទស្សនកិច្ច​រប​ស់​ប្រមុខរដ្ឋ​អាមេរិក និង​ការផ្លាស់ប្តូរ​ក្បាលម៉ាស៊ីន​ដឹកនាំ​នៅ​ចិន​ក្រោយ​សមាជ​បក្ស​កុម្មុយនីស្ត​ចិន​ខែតុលា​ខាងមុខ នឹង​នាំ​ឲ្យ​ទំនាក់ទំនង​ទ្វេភាគី​ដែល​ធ្លាក់ចុះ​នោះ​ត្រឡប់​ទៅរក​ភាពល្អប្រសើរ​ផង​។​

​មុន​មានដំណើរ​ទស្សនកិច្ចរ​ប​ស់លោក ដូ​ណា​ល់ ត្រាំ នេះ គេ​ឃើញ​ភាគី​ទាំងសងខាង​បង្កើន​ការផ្លាស់ប្តូរ​ទស្សនកិច្ច​ការទូត​ជា​បន្តបន្ទាប់​ផងដែរ​។  ទីភ្នាក់ងារ​ព័ត៌មាន​ចិន ស៊ិន​ហួរ​ផ្សាយ​ថា ឧ​បទ​នាយករដ្ឋមន្ត្រី​លោកស្រី Liu Yandong ធ្វើជា​អធិបតី​រួមជាមួយ​រដ្ឋមន្ត្រីការបរទេស​អាមេរិក រិច ធី​ល័​រ​សិន​នៃ​វេទិកា​សន្ទនា​សង្គម​និង​ទំនាក់ទំនង​ប្រជាជន​និង​ប្រជាជន​រវាង​អាមេរិក និង​ចិន​នៅ​ក្រុង​វ៉ាស៊ីនតោន​ផង​។  

​ក្នុង​វិធី​នេះ លោកស្រី​បាន​ប្រា​ប់លោក ធី​ល័​រ​សិន​ថា ចិន​និង​អាមេរិក​គួរតែ​ផ្តោត​សំខាន់​លើ​កិច្ចសហប្រតិបត្តិការ និង​ដោះស្រាយ​រាល់​ការយល់ឃើញ​ខុសគ្នា​ឲ្យ​មាន​ប្រសិទ្ធភាព​ដើម្បី​ធានាថា ទំនាក់ទំនង​ទ្វេភាគី​នឹង​អាច​លូតលាស់​យ៉ាង​មាន​ស្ថិរភាព​។

​លោកស្រី Liu Yandong ក៏បាន​ជួបពិភាក្សា​ជាមួយ​ប្រធានាធិបតី​អាមេរិក​លោក ដូ​ណា​ល់ ត្រាំ ផងដែរ​។ លោក ដូ​ណា​ល់ ត្រាំ បានលើកឡើង​ផង​ថា វា​ជា​រឿង​ចាំបាច់​ដែល​អាមេរិក និង​ចិន​ត្រូវ​បង្កើន​កម្រិត​នៃ​ការផ្លាស់ប្តូរ​ទំនាក់ទំនង​រវាង​ប្រជាជន ហើយ​លោក​ក៏​ទន្ទឹងរង់ចាំ​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ក្រុង​ប៉េកាំង​មកដល់​ដែរ​។ 

​ដោយឡែក រដ្ឋមន្ត្រីការបទេស​អា​មេ​រិ​កលោក ធី​ល័​រ​សិន ក៏បាន​ចេញដំណើរ​ទៅកាន់​ក្រុង​ប៉េកាំង​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី ២៨ កញ្ញា​ម្សិលមិញ​នេះដែរ ដើម្បី​ជជែក​ពិភាក្សា​ជាមួយ​មេដឹកនាំ​ចិន​រឿង​បញ្ហា​សន្តិសុខ​តំបន់ និង​ត្រៀម​ទទួល​ទស្សនកិច្ច​លោក ត្រាំ​នៅ​ប៉េកាំង​។

​លោក ធី​ល័​រ​សិន នឹង​ជួបពិភាក្សា​ជាមួយ​រដ្ឋមន្ត្រីការបរទេស​ចិន​លោក វ៉ាង យី និង​ទីប្រឹក្សា​រដ្ឋ​លោក Yang Jiechi ផងដែរ​ហើយ​ប្រធានបទ​សំខាន់​នៃ​កិច្ចពិភាក្សា​គឺ កូរ៉េខាងជើង​៕


Tag:
 ដូ​ណា​ល់ ត្រាំ​
  ចិន​
  រិច ធី​ល័​រ​សិន​
  Liu Yandong
© រក្សាសិទ្ធិដោយ thmeythmey.com