អន្តរជាតិ
ម៉ាឡេស៊ីបានហាមប្រជាជនខ្លួនធ្វើដំណើរទៅកូរ៉េខាងជើង ព្រោះភាពតានតឹងកើនឡើង រូបភាព៖ Asia Corrrespondent
× ម៉ាឡេស៊ីបានហាមប្រាមប្រជាជនខ្លួនធ្វើដំណើរទៅកូរ៉េខាងជើងរហូតទាល់តែស្ថានភាពនៅឧបទ្វីបកូរ៉េត្រលប់មកជាធម្មតាវិញ។ ម៉ាឡេស៊ីបានសម្រេចចិត្តដូច្នេះ ក៏ដោយសារតែភាពតានតឹងនៅឧបទ្វីបកូរ៉េ ជាប់ពាក់ព័ន្ធនឹងបញ្ហានុយក្លេអ៊ែរដែលនៅមិនទាន់ធូរស្រាលនៅឡើយ។
ក្រសួងការបរទេសម៉ាឡេស៊ីនៅថ្ងៃទី២៨ខែកញ្ញាបានហាមឃាត់ប្រជាជនរបស់ខ្លួនក្នុងការធ្វើដំណើរទៅកូរ៉េខាងជើងរហូតទាល់តែស្ថានភាពនៅឧបទ្វីបកូរ៉េមានភាពធូរស្រាល។ ម៉ាឡេស៊ីហាមឃាត់ប្រជាជនខ្លួនបែបនេះ នោះក៏ដោយសារតែភាពតានតឹងនៅឧបទ្វីបកូរ៉េនៅមិនទាន់ថមថយទេ។
ទូរទស្សន៍សិង្ហបុរី Channel News Asia បានស្រង់សេចក្តីថ្លែងការណ៍របស់ក្រសួងការបទេសម៉ាឡេស៊ីថា៖«ម៉ាឡេស៊ីនឹងដកការហាមឃាត់ក្នុងការធ្វើដំណើរទៅកូរ៉េខាងជើងវិញ ដរាបណាស្ថានភាពតានតឹងនៅទីនោះត្រលប់មកធម្មតាវិញ»។
កាលពីដើមខែកញ្ញា ក្រសួងការបរទេសសិង្ហបុរី ក៏បានដាស់តឿនប្រជាជនខ្លួនឲ្យចៀសវាងធ្វើដំណើរទៅកូរ៉េខាងជើងផងដែរ បើសិនជាគ្មានការចាំបាច់។ ម្យ៉ាងទៀត សិង្ហបុរីមិនមានស្ថានទូតនៅកូរ៉េខាងជើងឡើយ ដូច្នេះជនជាតិសិង្ហបុរីនឹងពិបាកទទួលជំនួយ បើសិនជាពួកគេជួបបញ្ហា។
សូមជម្រាបដែរថា ទាក់ទិននឹងការហាមឃាត់នេះ សហព័ន្ធបាល់ទាត់អាស៊ានម៉ាឡេស៊ីបាននិយាយថា ម៉ាឡេស៊ីបានពន្យារពេលប្រកួតរវាងក្រុមម៉ាឡេស៊ី និងកូរ៉េខាងជើងដែលនឹងធ្វើឡើងនៅថ្ងៃទី៥ខែតុលា៕
Tag:
ម៉ាឡេស៊ី
សិង្ហបុរី
កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com