អន្តរជាតិ
អង្គការសហប្រជាជាតិ​បានស្នើ​មី​យ៉ាន់​ម៉ា​អនុញ្ញាតិ​ឲ្យ​ភ្នាក់ងារ​មនុស្សធម៌​ចូល​អន្តរាគមន៍​
29, Sep 2017 , 5:00 pm        
រូបភាព
ដោយ:
​អង្គការសហប្រជាជាតិ​បានស្នើ​មី​យ៉ាន់​ម៉ា​ឲ្យ​បញ្ឈប់​ការ​ធ្វើទុក្ខបុកម្នេញ​ជន​ជាតិ​រ៉ូ​ហ៊ីង​យ៉ា និង​អនុញ្ញាតិ​ឲ្យ​ភ្នាក់ងារ​មនុស្សធម៌​ចូលទៅ​អន្តរាគមន៍​ផ្តល់ជំនួយ​ជាដើម​។ ការស្នើសុំ​នេះ​កើតឡើង​បន្ទាប់ពី​មានការ​ចោទប្រកាន់ថា មី​យ៉ាន់​ម៉ា​ធ្វើទុក្ខបុកម្នេញ​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា និង​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​។​



​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​លោក Antonio Guterres បាន​រិះគន់​មី​យ៉ាន់​ម៉ា​ជុំវិញ​ការ​ធ្វើទុក្ខបុកម្នេញ​ជន​ជាតិ​រ៉ូ​ហ៊ីង​យ៉ា​ដែល​បង្ក​ឲ្យ​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​ប្រហែល ប្រាំ​សែន​នាក់​រត់​ភៀសខ្លួន​ទៅ​បង់​ក្លា​ដែ​ស​។ សកម្មភាព​របស់​មី​យ៉ាន់​ម៉ា​ក៏បាន​បង្ក​ឲ្យ​មាន​វិបត្តិ​មនុស្សជាតិ និង​ការរំលោភបំពាន​សិទ្ធិមនុស្ស ធ្ងន់ធ្ងរ​ផង​។​

​ទីភ្នាក់ងារ​ព័ត៌មាន AFP បាន​ស្រង់​សម្ដី​លោក Antonio Guterres ដូច្នេះ​ថា​៖«​អង្គការសហប្រជាជាតិ​បានទទួល​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​មួយចំនួនធំ​ដែល​រត់​ភៀសខ្លួន​ពី​ការ​ធ្វើទុក្ខបុកម្នេញ​ដូចជា ការប្រើ​អំពើហិង្សា ការបាញ់សម្លាប់ និង​ការរំលោភបំពាន​ផ្លូវភេទ​ជាដើម​។ ដូច្នេះហើយ យើង​ត្រូវតែ​បញ្ឈប់​អំពើហិង្សា​នេះ​ជាបន្ទាន់​»​។​

​លោក Antonio Guterres ក៏បាន​អំពាវនាវ​ឲ្យ​មី​យ៉ាន់​ម៉ា​អនុញ្ញាតិ​ឲ្យ​ក្រុម​ផ្តល់ជំនួយ​មនុស្សធម៌​ចូល​អន្តរាគមន៍​ក៏ដូចជា​អនុញ្ញាតិ​ឲ្យ​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​ត្រឡប់មកវិញ​ដោយ​ស្ម័គ្រចិត្ត និង​សុវត្ថិភាព​។​ប៉ុន្តែ​បច្ចុប្បន្ន​ចាំបាច់​ណាស់​ត្រូវមាន​ចំណាត់ការ​បន្ទាន់​ដើម្បី​កាត់បន្ថយ​ទុក្ខលំបាក​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា ទប់ស្កាត់​អស្ថេរភាព ដោះស្រាយ​ដើមហេតុ​នៃ​ការ​ធ្វើទុក្ខបុកម្នេញ និង​ស្វែងរក​ដំណោះស្រាយ​យូរអង្វែង​ផង​។​

​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​រូបនេះ​បាន​កត់សម្គាល់ថា ការ​ធ្វើទុក្ខបុកម្នេញរ​បស់​កងសន្តិសុខ​មី​យ៉ាន់​ម៉ាប​ង្ក​ឲ្យ​មាន​ភាពចលាចល​នៅ​រដ្ឋ Rakhine ហើយ​ក៏បាន​គំរាមកំហែង​ដល់​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​ដែល​បាន​រត់​ភៀសខ្លួន​ចំនួន ២៥​ម៉ឺន​នាក់​ផងដែរ​។​

​សូម​រម្លឹក​បន្តិច​ថា នៅ​ថ្ងៃទី ២៥​ខែសីហា ក្រុម​សន្តិសុខ​មី​យ៉ាន់​ម៉ា​បាន​ប៉ះទង្គិច​ជាមួយ​ក្រុម​សកម្មប្រយុទ្ធ​រ៉ូ​ហ៊ីង​យ៉ា ហើយ​បណ្ដាល​ឲ្យ​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​មួយចំនួនធំ​បាន​រត់​ភៀសខ្លួន​ទៅ​បង់​ក្លា​ដែ​ស​តាម​ព្រំដែន​គោក និង​ទឹក​៕


Tag:
 អង្គការសហប្រជាជាតិ​​
  Antonio Guterres
 ​ ​រ៉ូ​ហ៊ីង​យ៉ា
© រក្សាសិទ្ធិដោយ thmeythmey.com