អន្តរជាតិ
ប្រជាជន​កូរ៉េខាងជើង​រាប់លាន​នាក់​គាំទ្រ​សង្គ្រាម​ប្រឆាំង​អាមេរិក​
29, Sep 2017 , 5:27 pm        
រូបភាព
ដោយ:
​ប្រជាជន​កូរ៉េខាងជើង​៤,៧​លាន​នាក់​បាន​ស្ម័គ្រចិត្ត​ចូល​ជា​យោធា បន្ទាប់ពី​មេដឹកនាំ​របស់ខ្លួន​ប្រកាសថា កូរ៉េខាងជើង​នឹង​បង្ក្រាប​អាមេរិក​។ ក្រុង​ព្យុងយ៉ាង​បាន​អះអាងថា ការស្ម័គ្រចិត្ត​ចូលរួម​ជា​យោធា​នេះ​ជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​ផ្សព្វផ្សាយ​ដើម្បី​ជំរុញ​សាមគ្គីភាព​របស់​កូរ៉េខាងជើង​។​



​ប្រជាជន​កូរ៉េខាងជើង​ចំនួន​៤,៧​លាន​នាក់​បាន​ស្ម័គ្រចិត្ត​ចុះឈ្មោះ​ជា​យោធា​បន្ទាប់ពី​មេដឹកនាំ​របស់ខ្លួន​គីម ជុង​អ៊ុន បានប្រកាស​បង្ក្រាប​អាមេរិក​។ ក្នុងចំណោម​នេះ គេ​ឃើញ​មាន​ស្ដ្រី ១,២២​លាន​នាក់ និង​យុវជន​ជាច្រើន​លាន​នាក់​ទៀត​។ ការចុះឈ្មោះ​ចូល​ជា​យោធា​ដោយ​ស្ម័គ្រចិត្ត​របស់​ប្រជាជន​កូរ៉េខាងជើង​ពេលនេះ​ជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​ផ្សព្វផ្សាយ​ដើម្បី​ជំរុញ​សាមគ្គីភាព​របស់​ក្រុង​ព្យុងយ៉ាង​។​

​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន South China Morning Post មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន កាលពី​ថ្ងៃទី​២១ ខែកញ្ញា បានប្រកាស​ដូច្នេះ​ថា​៖ «​ខ្ញុំ​ប្រាកដ​ណាស់​ថា​នឹង​កម្ទេច​អាមេរិក​ដោយ​អាវុធ​នុយក្លេអ៊ែរ​»​។ លោក​គីម ជុង​អ៊ុន បានប្រកាស​បែបនេះ​ក្រោយពេល​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បាន​អះអាង​នៅ​មហាសន្និបាត​អង្គការសហប្រជាជាតិ​ថា លោក​នឹង​ប្រើ​ចំណាត់ការ​យោធា​ដើម្បី​ការពារ​អាមេរិក និង​សម្ព័ន្ធ​របស់ខ្លួន​។​

​ដោយឡែក ចិន​ដែលជា​សម្ព័ន្ធមិត្ត​ជិតស្និទ្ធ​របស់​កូរ៉េខាងជើង​ក៏បាន​បញ្ជា​ឲ្យ​ក្រុមហ៊ុន​កូរ៉េខាងជើង​នៅ​ចិន​បិទ​បណ្ដោះអាសន្ន បន្ទាប់ពី​អង្គការសហប្រជាជាតិ​បានចេញ​សេចក្ដីសម្រេច​ដាក់ទណ្ឌកម្ម​លើ​កូរ៉េខាងជើង​នៅ​ថ្ងៃទី​១២ ខែកញ្ញា​។ ចំណែកឯ​ម៉ាឡេស៊ី​វិញ​បាន​ហាមប្រាម​ប្រជាជន​ខ្លួន​ក្នុងការ​ធ្វើដំណើរ​ទៅ​កូរ៉េខាងជើង ដរាបណា​ស្ថានភាព​តានតឹង​នៅ​ឧបទ្វីប​កូរ៉េ​នៅ​មិនទាន់​ត្រលប់មក​ធម្មតា​វិញ​។​

​នៅមុននេះ កូរ៉េខាងជើង​ក៏បាន​រៀបចំ​ការប្រមូល​ផ្ដុំ​ប្រជាជន​រាប់ពាន់នាក់​ដើម្បី​សម្ដែង​ការប្រឆាំង​សម្ដី​ប្រធានាធិបតី ដែល​គំរាម​កម្ទេច​កូរ៉េខាងជើង ក៏ដូចជា​គាំទ្រ​ការឆ្លើយតប​វិញ​របស់​មេដឹកនាំ​ក្រុង​ព្យុងយ៉ាង​ផងដែរ​។ នេះ​ជា​ទម្លាក់​ដែល​គេ​តែង​ឃើញ​ជា​ញឹកញាប់ ពេល​ថ្នាក់ដឹកនាំ​កូរ៉េខាងជើង​ចេញ​សេចក្ដីថ្លែងការណ៍​ម្ដងៗ​។​

​សង្គ្រាមពាក្យសម្ដី​រវាង​អាមេរិក និង​កូរ៉េខាងជើង កើន​កម្ដៅ​ខ្លាំង តាំងពី​ការ​ថ្លែង​របស់លោក ត្រាំ នៅក្នុង​កិច្ចប្រជុំ​មហាសន្និបាត​អង្គការសហប្រជាជាតិ​។ គូសត្រូវ​ទាំងពីរ​មាន​គំរាម​គ្នា​ទៅវិញទៅមក ដោយ​កូរ៉េខាងជើង​គំរាម​បាញ់​មី​ស៊ី​ល​ដាក់​អាមេរិក ឯ​អាមេរិក​វិញ​ក៏​ឆ្លើយតប​វិញ​ថា ជម្រើស​យោធា​របស់ខ្លួន នឹងធ្វើ​ឲ្យ​កូរ៉េខាងជើង​វិនាស​មិន​ខាន​៕ 


Tag:
 កូរ៉េខាងជើង​
  អាមេរិក​
© រក្សាសិទ្ធិដោយ thmeythmey.com