អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
មី​យ៉ាន់​ម៉ា ត្រៀមខ្លួន​រួចហើយ​ក្នុងការ​ផ្តល់​លិខិតបញ្ជាក់​ដល់​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា​
30, Sep 2017 , 1:57 pm        
រូបភាព
ដោយ:
 ក្រោម​ការរិះគន់ និង​បន្ទោស​ដូច​ព្យុះភ្លៀង​ពី​បណ្តា​ប្រទេសជិតខាង ក៏ដូចជា​សហគមន៍​អន្តរជាតិ​នោះ រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា បានប្រកាស​នឹង​នាំ​ជនភៀសខ្លួន​ដែល​បាន​ចាក​ចេញពី​មី​យ៉ាន់​ម៉ា​ដោយសារតែ​ការប្រយុទ្ធ​គ្នា​នៅក្នុង​ប្រទេស​ថ្មីៗ​នេះ មក​ប្រទេស​វិញ ។ រដ្ឋាភិបាល​ក្រុង​រ៉ង​ហ្គូ​ន ក៏បាន​អះអាងថា នឹង​ចេញ​លិខិតបញ្ជាក់​អត្តសញ្ញាណ​ដល់​ពួកគេ​ផងដែរ ។​

 
​រដ្ឋមន្ត្រី​សុខមាលភាព​សង្គម​មី​យ៉ាន់​ម៉ា លោក Win Myat Aye នៅ​ថ្ងៃ ២៧ កញ្ញា កន្លងទៅ បាន​ឲ្យ​ដឹងថា មី​យ៉ាន់​ម៉ា មាន​គម្រោង​ក្នុងការ​ចុះបញ្ជី​ជនភៀសខ្លួន ដោយ​យោងតាម​កិច្ចព្រមព្រៀង​ឆ្នាំ​១៩៩៣​របស់​មី​យ៉ាន់​ម៉ា​-​បង់​ក្លា​ដែ​ស ។ លោក អះអាងថា រដ្ឋាភិបាល​នឹង​ចាប់ផ្តើម​គម្រោង​នេះ ឲ្យ​បាន​ឆាប់​តាម​ដែល​អាចធ្វើ​ទៅបាន ។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន​មី​យ៉ាន់​ម៉ា The Irrawaddy ។ 
 
​តាម​ប្រភពព័ត៌មាន​ដដែល រដ្ឋមន្ត្រី​ការិយាល័យ​ប្រធានាធិបតី​មី​យ៉ាន់​ម៉ា លោក Kyaw Tint Swe ក៏​នឹង​បំពេញ​ទស្សនកិច្ច​ទៅកាន់​បង់​ក្លា​ដែ​ស​ដើម្បី​ចរចា​ជាមួយនឹង​អាជ្ញាធរ​បង់​ក្លា​ដែ​ស​លើ​ការបញ្ជូន​ជនភៀសខ្លួន​មកវិញ ។ លោក​រដ្ឋមន្ត្រី បានបញ្ជាក់​បន្ថែមទៀត​ថា រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា នឹង​ចេញ​លិខិតបញ្ជាក់​សញ្ជាតិ​ឲ្យ​ជនភៀសខ្លួន​ទាំងឡាយណា ដែល​ព្រម​ត្រលប់មក​ប្រទេស​វិញ​ផងដែរ ។ 
 
​សេចក្តីថ្លែងការណ៍​រប​ស់​មន្ត្រីជាន់ខ្ពស់​មី​យ៉ាន់​ម៉ា​ទាំងនេះ បាន​ស្រប​ជាមួយនឹង​ការប្រកាស​ជំហរ​របស់​ទីប្រឹក្សា​រដ្ឋ និង​ជា​មេដឹកនាំ​កំពូល de facto មី​យ៉ាន់​ម៉ា លោកស្រី អ៊ុង​សាន ស៊ូ​ជី ដែល​បាន​ថ្លែង​ថ្មីៗ​នេះ ថា លោកស្រី នឹង​អនុវត្តតាម​អនុសាសន៍​របស់​អតីត​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​លោក Kofi Annan ក្នុងការ​ព​ន្លឿ​ន​ការផ្តល់​លិខិតបញ្ជាក់​អត្តសញ្ញាណ​ដល់​ប្រជាជន​រស់នៅក្នុង​រដ្ឋ Rakhine ។ 
 
​សូម​ជម្រាប​ផងដែរ​ថា ក្រោយពី​មាន​ហិង្សា​ប្រដាប់អាវុធ​រវាង​កងក​ម្លាំ​ង​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា និង​ក្រុម​ឧទ្ទាម​នៅក្នុង​រដ្ឋ Rakhine មាន​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា មិនតិចជាង​៣០​ម៉ឺន​នាក់​ឡើយ​បាន​ភៀសខ្លួន​ចេញពី​ប្រទេស​ទៅកាន់​ប្រទេសជិតខាង ជាពិសេស​បង់​ក្លា​ដែ​ស ។​
 
​ហេតុការណ៍ ដែល​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា អះអាងថា​ជា​រឿង​ស្មុគស្មាញ និង​ទាមទារ​ពេលវេលា​វែង​ដើម្បី​ដោះស្រាយ​នោះ បាន​រង​នូវ​ការ​ថ្កោលទោស​ខ្លាំង​ពី​សំណាក់​សហគមន៍​អន្តរជាតិ ។ គួរកត់សម្គាល់ វិបត្តិ​ក្នុង​រដ្ឋ Rakhine ក៏បាន​ក្លាយជា​ប្រធាន​ក្តៅ​មួយ​នៅក្នុង​កិច្ចប្រជុំ​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ផងដែរ ៕ 

Tag:
 មី​យ៉ាន់​ម៉ា​
  រ៉ូ​ហ៊ីង​យ៉ា
© រក្សាសិទ្ធិដោយ thmeythmey.com