អន្តរជាតិ
ដើម្បីសុខភាពប្រជាជន និងប្រែក្លាយជាប្រទេសគ្មានផ្សែង សិង្ហបុរីដាក់បម្រាមបន្ថែមលើការជក់បារី
×
រដ្ឋាភិបាលសិង្ហបុរី បានចេញបម្រាមថ្មីដើម្បីរឹតត្បិតលើការជក់បារីទាំងកន្លែងសាធារណៈ និងឯកជន ជាពិសេសនោះនៅតាមស្ថាប័នអប់រំ ។ បម្រាមថ្មីនេះ មានទិសដៅដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ដល់អ្នកជក់បារីដោយប្រយោល និងជាពិសេសនោះដើម្បីវិវត្តទៅដល់គោលដៅ«សិង្ហបុរីគ្មានផ្សែង» ។
ចាប់ពីថ្ងៃទី០១ ខែតុលា តទៅ ការជក់បារីនៅក្បែរបរិវេណខាងក្រៅសាកលវិទ្យាល័យ វិទ្យាស្ថានអប់រំឯកជន និងនៅឡានឯកជនរបស់ក្រុមហ៊ុន Uber និង Grab នឹងត្រូវចាត់ទុកថាជាអំពើល្មើស ។ ជនទាំងឡាយណា ដែលបំពាននឹងបម្រាមនេះ នឹងត្រូវទទួលការផាកពិន័យ ។ នេះគឺជាបម្រាមថ្មីរបស់ភ្នាក់ងារបរិស្ថានជាតិរបស់រដ្ឋាភិបាលសិង្ហបុរីដើម្បីរឹតត្បិតលើការជក់បារី ។
តាមបម្រាមថ្មីបន្ថែមរបស់ភ្នាក់ងារបរិស្ថានជាតិ ពលរដ្ឋ ក៏ត្រូវបានហាមឃាត់មិនឲ្យជក់បារីនៅតំបន់ក្បែរវិទ្យសា្ថនអប់រំ ដូចជាមជ្ឈមណ្ឌលថែទាំកុមារ សាលាមត្តេយ្យ និងសាលាបឋមសិក្សានិងអនុវិទ្យាល័យជាដើម ។ ផ្សារទំនើប ការិយាល័យ មន្ទីរពេទ្យ ឧទ្យាន ចំណតរថយន្ត និងចំណុចប្រសព្វនៃអគារ ក៏ត្រូវបានរាប់បញ្ចូលក្នុងតំបន់ដែលហាមឃាត់មិនឲ្យជក់បារីផងដែរ ។
គោលបំណងនៃការចេញបម្រាមថ្មីបន្ថែមនេះ ដើម្បីធានាពីសុខភាព ក៏ដូចជាកាត់បន្ថយអត្រាគ្រោះថ្នាក់ដល់អ្នកដែលជក់បារីដោយប្រយោល ពោលគឺ អ្នកដែលស្រូបផ្សែងបារីពីអ្នកជក់ដោយផ្ទាល់ និងពិសេសនោះ ដើម្បីជាការវិវត្តសិង្ហបុរីឲ្យប្រែក្លាយជាប្រទេសដែលគ្មានផ្សែងតែម្តង ។ តាមពិតទៅបម្រាមលើការជក់បារីទាំងទីកន្លែងសាធារណៈ និងទីឯកជនមួយចំនួន ត្រូវបានអនុវត្តនៅសិង្ហបុរីតាំងពីឆ្នាំ១៩៧0មកម្ល៉េះ ដោយគ្រាន់តែបម្រាមថ្មីនេះ បានបញ្ជាក់បន្ថែមកន្លែងថ្មីប៉ុណ្ណោះ ។
តាមការបញ្ជាក់របស់ភ្នាក់ជាតិដដែលនេះ បម្រាមថ្មីលើការរិតត្បិតការជក់បារីនេះ នឹងត្រូវចូលជាធរមានពេញលេញនៅថ្ងៃទី០១ មករា ឆ្នាំ២០១៨ ពោលគឺ រដ្ឋាភិបាលសិង្ហបុរី ទុករយៈពេលបីខែចាប់ពីថ្ងៃទី០១តុលា ដល់ថ្ងៃទី៣១ ធ្នូ ដើម្បីផ្សព្វផ្សាយ និងទុកពេលឲ្យពលរដ្ឋអាចសម្របសម្រួលជាមួយនឹងបម្រាមថ្មីនេះសិន ។ អំពើល្មើសក្នុងរយៈពេលបីខែនេះ ពួកគេគ្រាន់តែទទួលបានការណែនាំ និងព្រមានប៉ុណ្ណោះ ៕
Tag:
សិង្ហបុរី
គោលនយោបាយ
អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com