ជាតិ
ចិន​ជួយ​សង់​មន្ទីរពិសោធន៍​រ៉ែ តម្លៃ ២.៥​លាន​ដុល្លារ នៅ​ខេត្តកំពង់ឆ្នាំង
01, Oct 2017 , 8:30 pm        
រូបភាព
ដោយ:
 
​ភ្នំពេញ​៖ ចិន​ជួយ​សាង់សង់​មន្ទីរពិសោធន៍​ភូគព្ភសាស្ត្រ​ជាតិ​នៅ​ខេត្តកំពង់ឆ្នាំង ដែល​ចំណាយ​ទឹកប្រាក់​ជាង​២​លាន​ដុល្លារ​។ មន្ទីរពិសោធន៍​នេះ នឹង​ជួយ​កម្ពុជា​ឲ្យ​មាន​កន្លែង​ពិសោធន៍​អំពី​ធនធាន​រ៉ែ​របស់ខ្លួន ដោយ​មិនចាំបាច់​យក​សំណាក​ទៅ​ពិសោធន៍​នៅក្រៅ​បរទេស​ដូច​សព្វមួយដង​ទៀតឡើយ​។   


​កម្ពុជា និង​ចិន បាន​ប្រារព្ធ​ពិធី​បញ្ចុះបឋមសិលា​បើក​ការដ្ឋាន​សាង់សង់​មន្ទីរពិសោធន៍​ភូគព្ភសាស្ត្រ​ជាតិ មាន​ទីតាំង​ស្ថិតនៅ​ឃុំ​លង្វែក ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដែលមាន​តម្លៃ ២.៥​លាន​ដុល្លារ​។ ការសាងសង់​មន្ទីរពិសោធន៍​ភូគព្ភសាស្ត្រ​នេះ បានចេញ​ជា​ផ្លែផ្កា​ក្រោយ​អតីត​ក្រសួង​ឧស្សាហកម្ម រ៉ែ និង​ថាមពល របស់​កម្ពុជា និង ក្រសួង​ដែនដី និង​ធនធាន​នៃ​ប្រទេស​ចិន បាន​ចុះ​អនុស្សារណៈ យោគយល់​គ្នា​(MoU)​កាលពី​ឆ្នាំ​២០១១​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន របស់​ក្រសួង​រ៉ែ និង​ថាមពល ដែល​បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃទី​២៧ ខែកញ្ញា​។ 
   
​បើតាម​សេចក្តីប្រកាស​ខាងលើ ការសាងសង់​មន្ទីរពិសោធន៍​នេះ នឹង​ជួយ​ដល់​កម្ពុជា ឲ្យ​មាន​កន្លែង​ពិសោធន៍ និង​ធ្វើតេស្ត​លើ​សំណាក​គំរូ​ភូគព្ភសាស្ត្រ​នានា ដូចជា ទឹក ដី ថ្ម និង​រ៉ែ ដែល​ជួយ​ក្នុង​ការសិក្សា​ស្រាវជ្រាវ​សក្តានុពល​ធនធាន​រ៉ែ និង​ការវាយតម្លៃ​ប្រកបដោយ​ប្រសិទ្ធិភាព​នៅក្នុង​ទឹកដី​របស់ខ្លួន​។ មន្ទីរពិសោធន៍​នេះ នឹង​ជួយ​កាត់បន្ថយ​ការខាតបង់​រូបិយវត្ថុ និង​ពេលវេលា​ក្នុងការ​នាំចេញ​សំណាក​គំរូ​ភូគព្ភសាស្ត្រ​ទៅ​វិភាគ និង​ធ្វើតេស្ត​នៅ​បរទេស ខណៈដែល​កម្ពុជា​ពុំទាន់​មាន​មន្ទីរពិសោធន៍​ប្រភេទ​នេះ កាលពីពេល​កន្លងមក​។   
 
​សេចក្តីប្រកាស​ដដែល ឲ្យ​ដឹង​បន្ថែមថា មន្ទីរពិសោធន៍​នេះ នឹង​សាងសង់​លើ​ផ្ទៃដី​១៤០០០​ម៉ែត្រក្រឡា និង​ប្រើ​ពេលវេលា​សាងសង់​៣​ឆ្នាំ ហើយ​ពេល​សាងសង់​រួចរាល់ នឹងត្រូវ​ប្រគល់​ឲ្យ​ក្រសួង​រ៉ែ និង​ថាមពល​ជា​អ្នកគ្រប់គ្រង​។ ទន្ទឹម​នោះដែរ ការសាងសង់​មន្ទីរពិសោធន៍ ការបំពាក់​សម្ភារ​បរិ​ក្ខា​រវិ​ភាគ និង​ការបណ្តុះបណ្តាល​ពី​ការវិភាគ​ដល់​មន្ត្រី​កម្ពុជា គឺជា​ការចំណាយ​ទាំងស្រុង​របស់​ភាគី​ចិន​៕                

Tag:
 រ៉ែ​
 ​ មន្ទីរពិសោធន៍​
 ​ កំពង់ឆ្នាំង
© រក្សាសិទ្ធិដោយ thmeythmey.com