កីឡាជាតិ
ជាតិ
បុណ្យ​សមុទ្រ ប្រារព្ធ​នៅ​ចុងខែ​ធ្នូ ក្នុង​ខេត្ត​កែប​
01, Oct 2017 , 9:59 pm        
រូបភាព
រូបភាពពីហ្វេសប៊ុកក្រសួងទេសចរណ៍២
រូបភាពពីហ្វេសប៊ុកក្រសួងទេសចរណ៍២
ដោយ:
 
​រដ្ឋាភិបាល បានកំណត់​យក​ខេត្ត​កែប ដើម្បី​ប្រារព្ធ​ពិធីបុណ្យ​សមុទ្រ ចាប់ពី​ថ្ងៃទី​២២ ដល់​ថ្ងៃទី​២៤​នៅ​ខែធ្នូ​។ ការសម្រេច​នេះ ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​រវាង​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ អភិបាលខេត្ត​កែប ភាគី​ពាក់ព័ន្ធ ដែល​វិស័យ​ឯកជន និង​ដៃគូ​អភិវឌ្ឍន៍​កាលពី​ថ្ងៃ ទី​២៧ ខែកញ្ញា​។ នេះ​បើតាម​ហ្វេ​ស​ប៊ុ​ក​ក្រសួងទេសចរណ៍ ដែល​បញ្ជាក់ដែរថា សម្ដេច ហ៊ុន សែន នឹង​អញ្ជើញ​បើក​ប្រារព្ធ​ពិធីបុណ្យ​សមុទ្រ នេះដែរ​។​


​បើតាម​ប្រភព​ដដែល​ក្នុង​កិច្ចប្រជុំ​នេះ លោក ថោង ខុន រដ្ឋមន្ត្រី​ទេសចរណ៍ បាន​ណែនាំ​ឲ្យ​អាជ្ញាធរខេត្ត រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​នានា​ក្នុង​ខេត្ត​រៀបចំ​កន្លែង​កម្សាន្ត ចំណត​យានយន្ត ក៏ដូចជា​ជំរុញ​ការងារ​បង្កើត​បង្គន់​អនាម័យ និង​បង្គន់​ចល័ត និង​ទីតាំង​ពាក់ព័ន្ធ​ដទៃទៀត សម្រាប់​ព្រឹត្តិការណ៍​បុណ្យ​សមុទ្រ​នេះ​។ ទន្ទឹមនឹងនេះ ការបណ្តុះបណ្តាល និង​ពង្រឹងគុណភាព​សេវាកម្ម​ទេសចរណ៍​ក៏ត្រូវ​រៀបចំ​ឲ្យ​ល្អ​ផងដែរ ព្រមទាំង​បំផុស និង​ណែនាំ​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត ឲ្យ​រៀបចំ និង​តុបតែង​គេហដ្ឋាន​របស់ខ្លួន​ឲ្យ​បាន​ស្អាត សម្រាប់​ជួល​ឲ្យ​ភ្ញៀវទេសចរ ដែល​នឹង​ទៅ​ចូលរួម​ពិធី​នេះ​។  អាជ្ញាធរខេត្ត ក៏ត្រូវ​អភិវឌ្ឍន៍​ផលិតផល​ទេសចរណ៍​ថ្មីៗ​ឲ្យ​បាន​ច្រើន ដើម្បី​ទាក់ទាញ​ទេសចរ ឲ្យ​ទៅ​ចូលរួម​ក្នុង​ពិធីបុណ្យ​សមុទ្រ នៅ​ចុងឆ្នាំ​២០១៧​នេះ​។ ទស្សនីយភាព​សិល្បៈ កម្មវិធី​កម្សាន្ត និង​កីឡា​ជាច្រើន​ទៀត នឹងមាន​វត្តមាន​នៅក្នុង​ពិធីបុណ្យ​សមុទ្រ​នេះ ដូច​ការរៀបចំ​កាលពី​ឆ្នាំកន្លងមក​ដែរ​។ 
 
​សូម​រម្លឹកថា មាន​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ចូលរួម​ប្រមាណ​៥០​ម៉ឺន​នាក់ ក្នុង​ព្រឹត្តិការណ៍​បុណ្យ​សមុទ្រ​កាលពី​ឆ្នាំ​២០១៦ ដែល​រៀបចំ​នៅ​ខេត្ត​ព្រះសីហនុ​។ 
 
​កិច្ចប្រជុំ​នោះ អភិបាលខេត្ត​កែប លោក កែន ស​ត្ថា បញ្ជាក់ថា ខេត្ត​កែប​ទទួលបាន​ភ្ញៀវទេសចរ សរុប​ជាង​១​លាន​នាក់ នៅ​ឆ្នាំ​២០១៦ កើន​ចំនួន​១.៦ ភាគរយ​ធៀប​នឹង​ឆ្នាំ​២០១៥ ។ ដោយឡែក រយៈពេល​៩​ខែ ឆ្នាំនេះ កែប​ទួល​ទេសចរ​ជាតិ និង​អន្តរជាតិ​បាន​ជិត​១​លាន​នាក់​៕
 
 
 

Tag:
 បុណ្យ​សមុទ្រ​
  ថោង ខុន​
  កែន ស​ត្ថា​
 ​កែប​
© រក្សាសិទ្ធិដោយ thmeythmey.com