ជាតិ
លោក ឃីម សុខ​ហេង ថា​កូន​អាច​ទម្លាក់កំហុស​ដាក់​ឪពុកម្តាយ បើ​ហាម​កូន​មិន​ឲ្យ​ធ្វើ​ការដែល​គេ​ពេញចិត្ត
01, Oct 2017 , 10:39 pm        
រូបភាព
ដោយ:
 
​លោក ឃីម សុខ​ហេង អ្នកឯកទេស​ផ្នែក​អភិវឌ្ឍ​មនុស្ស និង​ជា​ស្ថាបនិក​វិទ្យាស្ថាន​សិក្សា​ដើម្បី​ជោគជ័យ​យល់ថា ការបង្ខំ ឬ​ហាមប្រាម​របស់​ឪពុកម្តាយ មិន​ឲ្យ​កូន​ខ្លួន​ធ្វើការ​ងារ​ដែល​ពួកគេ​ពេញចិត្ត ឪពុកម្តាយ​នោះ អាច​ប្រឈម​នឹង​ការ​ទម្លាក់កំហុស​ពី​កូន​ទៅ​អនាគត​។ លោក សុខ​ហេង ពន្យល់ថា ការបង្ខំ ធ្វើ​ឲ្យ​កូន​គ្មាន​ឆន្ទៈ ហើយ​ក្នុងករណី​កូន​ធ្វើតាម តែ​មិន​ជោគជ័យ ពួកគេ​នឹង​បន្ទោស​ឪពុកម្តាយ​។ តែ​ផ្ទុយទៅវិញ បើ​ពួកគេ​សម្រេចចិត្ត​ដោយ​ខ្លួនឯង នោះ​ពួកគេ​នឹង​ខិតខំ​ប្រឹងប្រែង និង​ទទួលខុស​លើ​ការសម្រេចចិត្ត​របស់ខ្លួន​។​


​លោក  ឃីម សុខ​ហេង អ្នកឯកទេស​ផ្នែក​អភិវឌ្ឍ​មនុស្ស និង​ជា​ស្ថាបនិក​វិទ្យាស្ថាន​សិក្សា​ដើម្បី​ជោគជ័យ​មើលឃើញថា ការហាម ឬ​បង្ខំ​កូន​មិន​ឲ្យ​ធ្វើ​ការងារ​ដែល​ពួកគេ​ពេញចិត្ត ភាគី​ទាំង​២ មាន​ផ្នត់គំនិត​ខុសគ្នា​។ ម្យ៉ាង​ព័ត៌មាន​ដែល​កូន​ផ្តល់​ទៅ​ឪពុកម្តាយ មិន​ល្មម​គ្រប់គ្រាន់ ដែល​អាច​បញ្ចុះបញ្ចូល​ឪ​ពុ​ម្តាយ​ពួកគេ​បាន​។ 
 
​ជា​ដំណោះស្រាយ អ្នក​ដែល​ជួប​បញ្ហា​នេះ​គួរតែ​ពន្យល់​ហេតុផល និង​បង្ហាញ​ផែនការ​ច្បាស់លាស់​ដែល​ពួកគេ​ចង់​ធ្វើទៅ​ឪពុកម្តាយ​ខ្លួន​។ បន្ថែម​ពីនេះ ពួកគេ​ត្រូវ​រក​បុគ្គល​ណា​ម្នាក់​ក្នុង​វិស័យ ឬ​អាជីព​ដែល​ខ្លួន​ចង់​ធ្វើ​នោះ​ជា​គំរូ និង​បើ​អាច​ត្រូវសុំ​ការណែនាំ ឬ​ស្នើ​ឲ្យ​ជន​គំរូ​នោះ ជួយ​បញ្ចុះបញ្ចូល​ឪពុកម្តាយ​។ 
 
​សម្រាប់​លោក ឃីម សុខ​ហេង ឪពុកម្តាយ​ក៏​គួរ​បើកទូលាយ​ចិត្ត​ដែរ​ឲ្យ​កូន​ធ្វើ​កិច្ចការ​តាម​ចំណូលចិត្ត និង​ទេពកោសល្យ​របស់​ពួកគេ ទើប​កូន​គាត់ មានឱកាស​ជោគជ័យ​ខ្ពស់​ទៅ​អនាគត​។ លោក ឃីម សុខ​ហេង បន្ថែមទៀតថា​៖«​ការបង្ខំ​ពី​ឪពុកម្តាយ ធ្វើ​ឲ្យ​កូន​គ្មាន​ឆន្ទៈ ហើយ​បើ​គេ​ធ្វើតាម​ឪពុកម្តាយ ហើយ​មិន​ជោគជ័យ ពួកគេ​នឹង​បន្ទោស​យើង​ជា​ឪពុកម្តាយ​។ ផ្ទុយទៅវិញ បើ​កូន​សម្រេចចិត្ត​ដោយ​ខ្លួនឯង នោះ​ពួកគេ​នឹង​ទទួលខុស ហើយ​ខិតខំ​ប្រឹងប្រែង​»៕ 

Tag:
 ឃីម សុខ​ហេង​
 ​ យុវជន​
 ​ ការងារ​
© រក្សាសិទ្ធិដោយ thmeythmey.com