វិទ្យាសាស្រ្ត និង បច្ចេកវិទ្យា
អន្តរជាតិ
ជាមួយនឹង​ប្រាក់​១៥​លាន​ដុល្លារ អ្នកបង្កើត​កម្មវិធី App ទូរស័ព្ទ​មាន​គោលបំណង​នឹង​បង្ហាញថា កុមារ​ក្រីក្រ​បំផុត​ក្នុង​ពិភពលោក​អាច​រៀន​ដោយ​ខ្លួនឯងបាន​
02, Oct 2017 , 6:39 pm        
រូបភាព
នេះ​ជា​និម្មិតសញ្ញា​នៃ​កម្មវិធី Global Learning XPrize
នេះ​ជា​និម្មិតសញ្ញា​នៃ​កម្មវិធី Global Learning XPrize
ដោយ: VOA
ញូវយ៉ក ៖ លោក Matt Keller នាយក​ជាន់ខ្ពស់​នៃ​កម្មវិធី Global Learning XPrize ដែលជា​កម្មវិធី​ប្រកួតប្រជែង​មួយ ដែល​ឧបត្ថម្ភ​ថវិកា​ដោយ​មូលនិធិ XPrize បាន​មានប្រសាសន៍ថា «​វា​គឺជា​គំនិត​ដ៏​មាន​មហិច្ឆតា​មួយ​»​។ មូលនិធិ XPrize គឺជា​អង្គ​ការមិន​ស្វែងរក​ប្រាក់កម្រៃ​មួយ ដែល​លើកទឹកចិត្ត​ឲ្យ​វិនិយោគិន​ដោះស្រាយ​បញ្ហា​សកលលោក​នានា​ដូចជា​ការប្រែប្រួល​អាកាសធាតុ​និង​ការថែទាំ​សុខភាព​សកល​ជាដើម​។​



​ការប្រកួតប្រជែង Global Learning XPrize លើកដំបូង​នេះ​នឹង​ផ្តល់ប្រាក់​ចំនួន​១០​លាន​ដុល្លារ​ដល់​ក្រុម​ឬ​ក្រុមហ៊ុន​ណា ដែល​បង្កើត​កម្មវិធី app ទូរស័ព្ទ​សម្រាប់​ការអប់រំ​ដ៏​ល្អ​បំផុត​សម្រាប់​កុមារ ដែល​មិនដែល​បាន​ចូលរៀន​នៅ​សាលា​ទាល់តែសោះ​។ យោងតាម​វិទ្យាស្ថាន​ស្ថិតិ​របស់​អង្គការ UNESCO បាន​ឲ្យ​ដឹងថា កុមារ​ប្រហែល​២៦៣​លាន​នាក់​នៅ​ទូទាំង​ពិភពលោក​មិនបាន​ចូលរៀន​នោះទេ​។

​លោក Keller បាន​មានប្រសាសន៍ថា «​តើ​អ្នក​អាចបង្កើត​អ្វីមួយ​ដែល​ប្រកបដោយ​វិចារណញ្ញាណ ការពិចារណា និង​មាន​ថាមពល ដែល​អ្នក​អាច​ប្រគល់​វា​ទៅ​ឲ្យ​កុមារ​ម្នាក់​ដែល​មិនចេះ​អក្សរ​នៅ​តំបន់​ដាច់ស្រយាល​មួយ​នៅក្នុង​ពិភពលោក​នេះ ហើយ​ក្មេង​ម្នាក់​នោះ​អាច​កាន់​វា​បាន ប៉ះ​វា​បាន និង​អាច​ចាប់ផ្តើម​រៀន​អាន​ដោយ​ខ្លួនឯង​បានទេ​? នេះ​គឺជា​វិញ្ញាសារ​ដែល​យើង​ដាក់​ទៅ​ឲ្យ​មនុស្ស​ទូទាំង​ពិភពលោក​នេះ​ដោះស្រាយ​»​។​

​យ៉ាងហោចណាស់​មាន​ក្រុម​ចំនួន​១៩៨​បាន​ចូលរួម​ការប្រកួតប្រជែង​នេះ​។ ក្នុងចំណោម​ក្រុម​ទាំងអស់នោះ ក្រុម​ចំនួន​៥​ដែល​ឈានដល់​វគ្គ​ប្រកួត​ផ្តាច់ព្រ័ត្រ​ទើបតែ​ត្រូវបាន​ជ្រើសរើស​កាលពីពេល​ថ្មីៗ​នេះ ហើយ​ក្រុម​នីមួយៗ​ទទួលបាន​ប្រាក់រង្វាន់​ចំនួន​មួយ​លាន​ដុល្លារ​។

​ក្រុម​ទាំង​៥​នោះ​នឹង​ចាប់ផ្តើម​ធ្វើតេស្ត​ទៅលើ​កម្មវិធី app ទូរស័ព្ទ​បែប​អប់រំ​របស់​ពួកគេ​នៅ​ខែវិច្ឆិកា​ខាងមុខនេះ​។ កុមារ​ជិត​៤០០០​នាក់​មកពី​ភូមិ​ចំនួន​១៥០​នៅក្នុង​តំបន់ Tanga នៃ​ប្រទេស​តង់​ហ្សា​នី នឹង​ប្រើប្រាស់ tablet ដែល​បរិច្ចាគ​ដោយ​ក្រុមហ៊ុន Google ដើម្បី​ចូលទៅ​ប្រើ​កម្មវិធី app ទូរស័ព្ទ​ទាំងនោះ​និង​រៀន​ដោយ​ខ្លួនឯង​។

​ជាដំបូង សិស្ស​មួយក្រុម​តូច​នឹង​ត្រូវគេ​ធ្វើតេស្ត​ទៅលើ​ការយល់ដឹង​ផ្នែក​អក្សរសាស្ត្រ​និង​លេខ ដោយ​ប្រើ​គំរូ​នៃ​ការវាយតម្លៃ​លើ​បំ​ណិ​ន​អាន​ពី​ថ្នាក់ដំបូង ដែល​ហៅ​កាត់​ថា (EGRA) និង​គំរូ​ការវាយតម្លៃ​លើ​គណិតវិទ្យា​ពី​ថ្នាក់ដំបូង ដែល​ហៅ​កាត់​ថា (EGMA)​។ ១៥​ខែក្រោយ​មក សិស្ស​ដដែល​នេះ​នឹង​ត្រូវគេ​ធ្វើតេស្ត​ជាថ្មី​ម្តងទៀត​។ រង្វាន់​ធំ​១០​លាន​ដុល្លារ​នេះ​នឹងត្រូវ​ប្រគល់​ដល់​ក្រុម​ដែល​បាន​ចូលដល់​វគ្គ​ផ្តាច់ព្រ័ត្រ​ណា ដែល​កម្មវិធី​ទូរស័ព្ទ​របស់ខ្លួន​ជួយ​ឲ្យ​សិស្ស​ទទួលបាន​ពិន្ទុ​ខ្ពស់បំផុត​។

​មូលនិធិ XPrize កំពុងតែ​សហការ​ជាមួយនឹង​អង្គការ UNESCO អង្គការ​ស្បៀងអាហារ​ពិភពលោក និង​រដ្ឋាភិបាល​តង់​ហ្សា​នី ដើម្បី​ចែកចាយ​និង​រក្សា tablet ទាំងនោះ​។

​លោក Keller បាន​ថ្លែងប្រាប់ VOA ថា «​អង្គការ​អភិវឌ្ឍន៍ ទីភ្នាក់ងារ​ផ្តល់ជំនួយ​និង​រដ្ឋាភិបាល​ភាគច្រើន​ផ្តោតទៅលើ​ការសាងសង់​សាលារៀន​ថ្មី​និង​បណ្តុះបណ្តាល​គ្រូបង្រៀន​ថ្មី​។ អ្វីដែល​យើង​ចង់​និយាយ​នៅពេលនេះ​គឺថា មាន​ក្មេង​ជាច្រើន​ដែល​មិនអាច​ចូលរៀន​បាន ហើយ​មាន​ក្មេង​ជាច្រើន​ដែល​បាន​ចូលរៀន​នៅតាម​សាលា​ដែល​មិនល្អ​។ ដូច្នេះ​អ្នក​អាច​ផ្តល់​ជា​បច្ចេកវិទ្យា​ដល់​ក្មេង​ម្នាក់​ដែល​ល្អ ដែល​មិន​ផ្លាស់ប្ដូរ​អ្វីដែល​ល្អៗ​ទេ ប៉ុន្តែ​ផ្តល់​ចំណេះដឹង​បន្ថែម​ទៅលើ​ដំណើរការ​រៀនសូត្រ ដែល​ក្មេង​ម្នាក់​ប្រហែលជា​អាចមាន​ឬ​ប្រហែលជា​អត់​»​។​

​ត្រឹម​ឆ្នាំ​២០៣០ ពិភពលោក​នឹងត្រូវ​ការ​រើស​គ្រូបង្រៀន​៦៨​លាន​៨​សែន​នាក់ ដើម្បី​បំពេញ​ទៅតាម​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចិ​រ​ភាព​នៅក្នុង​ការអប់រំ​ថ្នាក់បឋមសិក្សា​និង​មធ្យមសិក្សា​របស់​អង្គការសហប្រជាជាតិ​។ នេះ​បើ​យោងតាម​របាយការណ៍​ឆ្នាំ​២០១៦​មួយ​នៃ​វិទ្យាស្ថាន​ស្ថិតិ​របស់​អង្គការ UNESCO​។​

​លោកស្រី Jamie Stuart សហ​ស្ថាបនិក​នៃ​អង្គ​ការអប់រំ​មិន​ស្វែងរក​ប្រាក់កម្រៃ Onebillion ដែលជា​អង្គការ​មួយ​ក្នុងចំណោម​ក្រុម​ទាំង​៥​នៅក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​នៃ​ការប្រកួតប្រជែង​នេះ បាន​និយាយថា «[​គោលដៅ​]​នេះ​មិនអាច​សម្រេចបាន​នោះទេ​។ ដូច្នេះ​យើង​ត្រូវ​ស្វែងរក​ជម្រើស​ផ្សេងទៀត​សម្រាប់​ការសិក្សា​របស់​កុមារ​»​។​

​អ្នកបង្កើត​កម្មវិធី app ទូរស័ព្ទ​របស់​អង្គការ Onebillion បានធ្វើ​តេស្ត​សាកល្បង​ទៅលើ app របស់ខ្លួន ដែលមាន​ឈ្មោះថា Onecourse អស់​រយៈពេល​១០​ឆ្នាំ​ទៅហើយ​នៅក្នុង​ប្រទេស​ម៉ាឡាវី​។ កម្មវិធី app ទូរស័ព្ទ​នេះ​ត្រូវបាន​បង្កើតឡើង ដើម្បី​ឲ្យ​កុមារ​អាច​ប្រើប្រាស់​បាន​ដោយមាន​ជំនួយ​តិចតួច​ឬ​គ្មាន​ជំនួយ​ទាល់តែសោះ​ពី​មនុស្ស​ធំ​។ កម្មវិធី app នេះ​បង្រៀន​កុមារ​នូវ​បំ​ណិ​ន​អាន​និង​លេខ ដោយ​ប្រើប្រាស់​តួ​អង្គជា​គ្រូបង្រៀន​ម្នាក់​ដែល​និយាយ​ភាសា​កំណើត​របស់​ពួកគេ​។

​ការធ្វើ​តេស្ត​ជួប​ឧបសគ្គ​ជាច្រើន ដូចជា​ការធ្វើការ​ជាមួយនឹង​ប្រជាជន​ដែល​មិន​ធ្លាប់ប្រើ​ប្រាស់ tablet ពីមុនមក​ទាល់តែសោះ​ជាដើម​។

​លោកស្រី Stuart បាន​មានប្រសាសន៍ថា «​បង្កើត​កម្មវិធី app ទូរស័ព្ទ​មួយ​ដែល​សាមញ្ញ ផ្តោតទៅលើ​តម្រូវការ​របស់​កុមារ​ម្នាក់ៗ ហើយ​និង​សម្រប​ទៅតាម​វិធី​ដែល​ពួកគេ​រៀន គឺជា​គន្លឹះ​សំខាន់​»​។​

​ក្រុម​ដែល​បាន​ចូល​ប្រកួត​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ផ្សេងទៀត​មាន​បង្កើត​កម្មវិធី app ផ្សេងៗ ដូចជា Curriculum Concepts International ដែល​ហៅ​កាត់​ថា (CCI) ដែលជា​កម្មវិធី app ដែល​ផ្តោតទៅលើ​មេរៀន ដែលមាន​ការបញ្ចូល​ល្បែង​បែប​អប់រំ វីដេអូ និង​សៀវភៅ កម្មវិធី Chimple ដែល​ផ្តោតទៅលើ​ការ​ការសិក្សា​បែប​លេង​កម្សាន្ត​និង​ការរកឃើញ​ដោយ​ខ្លួនឯង កម្មវិធី Kitkit School ដែល​ត្រូវបាន​បង្កើតឡើង​ដោយ​អ្នកស្រាវជ្រាវ​នៅឯ​សាកលវិទ្យាល័យ Carnegie Mellon ដែលមាន​ច្របាច់​បញ្ចូល​នូវ​ប្រាជ្ញា​សិប្បនិម្មិត (artificial intelligence) និង​ការសិក្សា​ជាមួយ​ម៉ាស៊ីន​។

​លោក Keller ថ្លែងថា «​ប្រសិនបើ​យើង​អាច​បង្ហាញថា កុមារ​ម្នាក់​មិន​ត្រូវការ​ការបង្ហាត់បង្រៀន​ជាជាង​អ្វី​ដែលមាន​ស្រាប់​នៅលើ​ឧបករណ៍​នោះ យើង​អាច​ចាប់ផ្តើម​បង្កើត​ព្រឹត្តិការណ៍​ជា​បន្តបន្ទាប់ ដែល​នឹង​អាច​ឈានទៅ​បង្កើត​ឧបករណ៍​មួយ​សម្រាប់​កុមារ​ម្នាក់​នោះ និង​សម្រាប់​កុមារ​ផ្សេងទៀត​នៅក្នុង​តំបន់​នោះ ជាមួយនឹង​គ្រូបង្រៀន​សិប្បនិម្មិត​ម្នាក់​នៅក្នុង​ឧបករណ៍​នោះ​»៕

​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​

© រក្សាសិទ្ធិដោយ thmeythmey.com