ជាតិ
រដ្ឋាភិបាល​កំណត់​ថ្ងៃ​ប្រារព្ធ​ទិវា​មនុស្ស​ចាស់​កម្ពុជា​-​អន្តរជាតិ នៅ​ថ្ងៃទី​១ ខែតុលា ជា​រៀងរាល់ឆ្នាំ​
02, Oct 2017 , 7:39 pm        
រូបភាព
ដោយ:
​រាជរដ្ឋាភិបាល​បាន​បង្កើត​គណៈកម្មាធិកា​រ​ជាតិ​កម្ពុជា​ដើម្បី​មនុស្ស​ចាស់ ក្នុង​គោលដៅ​អនុវត្ត​នូវ​តួនាទី និង​ភារកិច្ច​ដែលមាន​ជាអាទិ៍ រៀបចំ​គោលនយោបាយ​ជាតិ​ដើម្បី​លើកស្ទួយ​សុខុមាលភាព​មនុស្ស​ចាស់ និង​រៀបចំ​ទិវា​មនុស្ស​ចាស់​នៃ​កម្ពុជា ដោយ​កំណត់​យក​ថ្ងៃទី​១ ខែតុលា ជា​រៀងរាល់ឆ្នាំ ដោយ​រួមជាមួយ​ទិវា​មនុស្ស​ចាស់​អន្តរជាតិ​ផងដែរ​។



​សារាចរ​របស់​រដ្ឋាភិបាល​ស្តីពី ការរៀបចំ​ទិវា​មនុស្ស​ចាស់​កម្ពុជា និង​ទិវា​មនុស្ស​ចាស់​អន្តរជាតិ​ថ្ងៃទី ១ ខែតុលា បាន​ឲ្យ​ដឹងថា រាជរដ្ឋាភិបាល​កម្ពុជា​ចាត់ទុក​ទិវា​មនុស្ស​ចាស់​កម្ពុជា​-​អន្តរជាតិ ជា​ទិវា​បុណ្យ​រម្លឹក​ដល់​គុណូបការៈ របស់​មនុស្ស​ចាស់​កម្ពុ​ជា បុព្វការី​ជន ជីដូន​ជីតា ឪពុកម្ដាយ អ៊ំ ពូ មីង ដែលជា​អ្នក​កសាង និង​បន្សល់ទុក​នូវ​កេរ​មរតក​ដ៏​ថ្លៃថ្លា សម្រាប់​កូនចៅ​ជំនាន់​ក្រោយៗ​ទៀត​។

​ដើម្បី​រៀបចំ​ទិវា​មនុស្ស​ចាស់​កម្ពុជា​-​អន្តរជាតិ ថ្ងៃទី ១ ខែតុលា ឆ្នាំ​២០១៧ ឲ្យ​បាន​ទូលំទូលាយ និង​ផ្សព្វផ្សាយ​ឲ្យ​ប្រជាជន​កម្ពុជា​គ្រប់​វ័យ​បាន​យល់ដឹង​កាន់តែច្បាស់​អំពី​អត្ថន័យ​ទិវា​នេះ ក្នុងនោះដែរ​រាជរដ្ឋាភិបាល​បាន​ណែនាំ​ដូចខាងក្រោម​៖

​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា គណៈកម្មាធិការ​ជាតិ​កម្ពុជា​ដើម្បី​មនុស្ស​ចាស់ ត្រូវ​សហការ​ជាមួយ​ក្រសួង ស្ថាប័ន អង្គការ​ជាតិ​-​អន្តរជាតិ ដែល​ពាក់ព័ន្ធ​ដើម្បី​ចាត់តាំង​ពិធី​អបអរសាទរ​ទិវា​មនុស្ស​ចាស់​កម្ពុជា​-​អន្តរជាតិ នេះ​ឲ្យ​បាន​អធិកអធម​រាល់​ឆ្នាំ​។ បន្ទាប់មកទៀត រាជធានី​-​ខេត្ត ត្រូវ​រៀបចំ​ពិធី​នេះ ដោយ​បង្កលក្ខណៈ​ឲ្យ​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​គ្រប់លំដាប់​ថ្នាក់ ព្រះសង្ឃ បព្វជិត លោកយាយ​-​តា ព្រមទាំង​ប្រជាជន​គ្រប់​វ័យ​បាន​ចូលរួម ដើម្បី​បង្កើន​ការយល់ដឹង​ឲ្យ​កាន់តែ​ទូលំទូលាយ​អំពី​សារៈសំខាន់​នៃ​គោលនយោបាយ​ជាតិ​មនុស្ស​ចាស់​កម្ពុជា​។

​ក្រសួង​អប់រំ យុវជន​និង​កីឡា ត្រូវធ្វើ​សេចក្ដីណែនាំ​ដល់​គ្រប់​សាកលវិទ្យាល័យ វិទ្យាស្ថាន មន្ទីរអប់រំ យុវជន​និង​កីឡា រាជធានី​-​ខេត្ត ជំរុញ​ចលនា សិស្ស​-​និស្សិត ឲ្យ​ចេះ​គោរព​ដំបូន្មាន​របស់​មាតាបិតា ជីដូន​-​តា ចាស់ព្រឹទ្ធាចារ្យ និង​ឲ្យ​យល់ដឹង​អំពី​ការប្រែប្រួល​របស់​មនុស្ស​ចាស់ ព្រមទាំង​បង្កើត​កម្មវិធី​ម៉ោង​សិក្សា​ចុះសួរសុខទុក្ខ​មនុស្ស​ចា​ស់ ពិសេស​នោះ​ជួយ​បំពេញការងារ​ជា​ឧ​ត្ត​ម​ប្រយោជន៍​មនុស្ស​ចាស់ ជរា ពិការ ក្រីក្រ ទុរគត គ្មាន​ទីពឹង នៅក្នុង​មូលដ្ឋាន ស្ថិតនៅ​ជិត​កន្លែង​សិក្សា​របស់ខ្លួន​។

​ជាមួយគ្នានេះដែរ​ក្រសួង​ព័ត៌មាន ត្រូវ​ណែនាំ​បណ្ដាញសារព័ត៌មាន​រដ្ឋ និង​ឯកជន​ទាំងអស់​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ នូវ​ខ្លឹមសារ​សកម្មភាព​ក្នុងឱកាស​ទិវា​មនុស្ស​ចាស់​-​អន្តរជាតិ ថ្ងៃទី ១ ខែតុលា​។ រីឯ​គ្រប់​ក្រសួង ស្ថាប័ន រាជធានី​-​ខេត្ត ត្រូវ​រៀបចំ​បដា​នៅតាម​អង្គភាព និង​ទីសាធារណៈ​គ្រប់​ទីកន្លែង​៕


Tag:
 ទិវា​មនុស្ស​ចាស់​កម្ពុជា​-​អន្តរជាតិ​
© រក្សាសិទ្ធិដោយ thmeythmey.com