អន្តរជាតិ
ត្រាំ ប្រាប់​រដ្ឋមន្ត្រីការបរទេស​ខ្លួន​៖ «​កុំ​ចំណាយ​កម្លាំង​ឥតប្រយោជន៍​ចរចា​ជាមួយ គីម ជុង​អ៊ុន​»
02, Oct 2017 , 5:02 pm        
រូបភាព
​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បាន​ប្រាប់​រដ្ឋមន្ត្រីការបរទេស​លោក រិច ធី​ល័​រ​សិន ឲ្យ​ឈប់​ចំណាយ​កម្លាំង​និង​ពេលវេលា​ឥតប្រយោជន៍​ដើម្បី​ចរចា​ជាមួយ​កូរ៉េខាងជើង​ទៀត​។ លោក​និយាយ​បែបនេះ​បន្ទាប់ពី​រដ្ឋមន្ត្រីការបរទេស​ខាងលើ​លើកឡើងថា វ៉ាស៊ីនតោន​នៅ​បើកទ្វារ​ចរចា​ជាមួយ​ក្រុង​ព្យុងយ៉ាង​ដដែល​។



«​សន្សំ​កម្លាំង​ទុក​ទៅ ធី​ល័​រ​សិន​។ យើង​នឹងធ្វើ​អ្វីដែល​គួរតែ​ត្រូវបានធ្វើ​នោះ​»​។ នេះ​ជាស​ម្តី​របស់លោក ដូ​ណា​ល់ ត្រាំ ក្នុង​គណនី Twitter ផ្លូវការ​របស់ខ្លួន​ផ្តាំ​ទៅ​រដ្ឋមន្ត្រីការបរទេស​អាមេរិក​លោក រិច ធី​ល័​រ​សិន ដែល​ចង់​ចរចា​ជាមួយ​កូរ៉េខាងជើង​នោះ​។  

​លោក ដូ​ណា​ល់ ត្រាំ បានលើកឡើង​បែបនេះ​បន្ទាប់ពី​លោក ធី​ល័​រ​សិន​ដែល​កំពុង​ទស្សនកិច្ច​នៅ​ចិន​នោះ​បង្ហើប​ថា អាមេរិក​នៅតែ​រក្សា​ផ្លូវ​សម្រាប់​ទំនាក់ទំនង​ដោយផ្ទាល់​ជាមួយ​កូរ៉េខាងជើង​ជានិច្ច ប៉ុន្តែ​កូរ៉េខាងជើង​ហាក់​មិនមាន​ចំណាប់អារម្មណ៍​សោះ​។ វា​ព័ត៌មាន​ពាក់ព័ន្ធ​ការចរចា​ជាមួយ​កូរ៉េខាងជើង​ដំបូង​បំផុត​ដែល​គេ​បានលឺ​ពី​មាត់​សមាជិក​គណៈរដ្ឋមន្ត្រីរ​ប​ស់លោក ដូ​ណា​ល់ ត្រាំ​នោះ​។

 លោក ត្រាំ បាន​សរសេរ​ដូច្នេះ​៖«​ខ្ញុំ​បាន​ប្រា​ប់លោក រិច ធី​ល័​រ​សិន រដ្ឋមន្ត្រីការបរទេស​ដ៏​អស្ចារ្យ​របស់​យើង​រួចហើយ​ថា គាត់​កំពុងតែ​ខ្ជះខ្ជាយ​ពេលវេលា​ទៅ​ព្យាយាម​ចរចា​ជាមួយ​បុរស​គ្រាប់​រ៉ុក្កែត (​គីម ជុង​អ៊ុន​) នោះ​»​។

​កន្លងមក លោក ដូ​ណា​ល់ ត្រាំ បាន​ផ្តោះ​ប្តូរ​ពាក្យសម្តី​គំរាមកំហែង និង​ប្រមាថ​គ្នា​ទៅវិញទៅមក​ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង​លោក គីម ជុង​អ៊ុន ហើយ​វា​បាន​បង្ក​ឲ្យ​មាន​ភាព​តានតឹង​ខ្លាំង​ផងដែរ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ លោក ដូ​ណា​ល់ ត្រាំ ថែមទាំង​បាន​ទិតៀន​បណ្តា​អតីត​ប្រធានាធិបតី​មុនៗ​ថែម​ទៀតផង​ពាក់ព័ន្ធ​ការ​បណ្តែតបណ្តោយ​ឲ្យ​កូរ៉េខាងជើង​ឡើងចាង​និង​មាន​នុយក្លេអ៊ែរ​បែបនេះ​។ 

​យ៉ាងណាមិញ​ពាក្យសម្តី​របស់លោក ដូ​ណា​ល់ ត្រាំ ដែល​ប្រាប់​ឲ្យ​លោក ធី​ល័​រ​សិន ឈប់​ចំណាយពេល​ចរចា​បាន​ក្លាយជា​រឿងចម្រូងចម្រាស​ផងដែរ​។ គេ​ចោទ​ជា​សំណួរ​ថា បើ​មិន​ចរចា​មានន័យថា ត្រាំ​កំពុង​គិត​ចង់​ធ្វើសង្គ្រាម​។​ប៉ុន្តែ​មន្ត្រី​សេត​វិមាន​ព្យាយាម​បន្ធូរបន្ថយ​ស្ថានការណ៍​។

 យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP មន្ត្រីជាន់ខ្ពស់​សេត​វិមាន​ម្នាក់​ដែល​មិន​បង្ហាញ​អត្តសញ្ញាណ​បានលើកឡើង​ថា វា​ជា​រឿង​ធម្មតា​ទេ​ដែល​ប្រធានាធិបតី​លើកឡើង​ដូច្នេះ​ព្រោះ​កូរ៉េខាងជើង​មិនបាន​ឈប់​បង្ករឿង​ឡើយ​។ មន្ត្រី​រូបនេះ​បន្តថា​៖« នៅពេលដែល​កូរ៉េខាងជើង​បន្ត​បង្ករឿង ប្រធានាធិបតី​មិន​គិតថា វា​ជា​ពេលដែល​ត្រូវ​ចរចា​ឡើយ​»​។​
 
​ចំណែក​ទីប្រឹក្សា​លោក រិច ធី​ល័​រ​សិន R.C Hammond ឯណោះ​វិញ​បាន​ពន្យល់​ផងដែរ​ពី​ផ្លូវ​សម្រាប់​ការទាក់ទង​រវាង​អាមេរិក​និង​កូរ៉េខាងជើង​បើកចំហរ​យក​ហើយ ប៉ុន្តែ​វា​មិន​ត្រូវបាន​ប្រើប្រាស់​សោះ​។ រីឯ​អ្នកនាំពាក្យ​ក្រសួងការបរទេស​អាមេរិក Heather Nauert ក៏​លើកឡើង​ស្រដៀង​គ្នា​ដែរ​ថា ផ្លូវ​ការទូត​នៅ​បើកចំហរ​សម្រាប់ គីម ជុង​អ៊ុន នៅពេល​បច្ចុប្បន្ន ប៉ុន្តែ​វា​មិនមែន​បើកចំហរ​រហូត​ឡើយ​៕


Tag:
 ដូ​ណា​ល់ ត្រាំ​
  រិច ធី​ល័​រ​សិន​
  គីម ជុង​អ៊ុន​
© រក្សាសិទ្ធិដោយ thmeythmey.com