អន្តរជាតិ
ស្រីលង្ការ​ចាត់វិធានការ​ប្រឆាំង​សង្ឃ​ជ្រុលនិយម ដែល​ប្រើ​ហិង្សា​បំពាន​ជន​ភៀស​ខ្លូន​រ៉​ហ៊ីង​យ៉ា​
02, Oct 2017 , 11:19 pm        
រូបភាព
​រដ្ឋាភិបាល​ស្រីលង្ការ​បានសម្រេច​ចាត់វិធានការ​ប្រឆាំង​លោកសង្ឃ​ជ្រុលនិយម​ដែល​បង្ក​ឲ្យ​មាន​អំពើហិង្សា​ប្រឆាំង​ជនជាតិភាគតិច​ឥស្លាម​រ៉ូ​ហ៊ីង​យ៉ា​ដែល​ភៀសខ្លួន​ទៅកាន់​ស្រីលង្ការ​នោះ​។ អ្នកគាំទ្រ​សង្ឃ​ជ្រុលនិយម​ប្រាំមួយ​នាក់​ត្រូវបាន​អាជ្ញាធរ​ចាប់ខ្លួន​រួចទៅហើយ ហើយ​អាជ្ញាធរ​នឹង​ចាប់ខ្លួន​សង្ឃ​ទាំងនោះ​បន្តទៀត​។



​បន្ទាប់ពី​អំពើហិង្សា​ប្រឆាំង​ជនភៀសខ្លួន​មី​យ៉ាន់​ម៉ា​រ៉ូ​ហ៊ីង​យ៉ា​កើតឡើង​នៅ​កូឡុំបូ រដ្ឋាភិបាល​ស្រីលង្ការ​បន្ត​ដុតដៃដុតជើង​ស្វែងរក​ជនបង្ក និង​នាំ​ពួកគេ​មក​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់​ដែរ​។ បច្ចុប្បន្ននេះ​អាជ្ញាធរ​ចាប់ខ្លួន​ក្រុម​បង្ក​បាន ប្រាំមួយ​នាក់​ហើយ ហើយ​អាជ្ញាធរ​ក៏​កំពុង​តាម​ចាប់ខ្លួន​លោកសង្ឃ​ជ្រុលនិយម​ទាំងនោះ​បន្ថែមទៀត​ដែរ​។​
 
​ទីភ្នាក់ងារ​ព័ត៌មាន AFP បាន​ស្រង់​សម្តី​មន្ត្រីប៉ូលិស​ស្រីលង្ការ​ដែល​សុំ​មិន​បង្ហាញ​អត្តសញ្ញាណ​ដូច្នេះ​៖ «​យើង​បានកំណត់​អត្តសញ្ញាណ​លោកសង្ឃ​ដែល​បង្ក​ឲ្យ​មាន​ហិង្សា​ទាំងនោះ​រួចរាល់​ហើយ​។ យើង​ក៏បាន​បញ្ជូន​ក្រុមការងារ​បី​ក្រុម​ទៅ​ចាប់​ពួកគេ​ផងដែរ​» ។

​សូមបញ្ជាក់​បន្តិច​ដែរ ក្រោយ​មានការ​វាយប្រហារ​លើ​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​កាលពី​ថ្ងៃ​អង្គារ​នៅ​តំបន់​ជាយក្រុង​កូឡុំបូ រដ្ឋាភិបាល​ស្រីលង្ការ​ក៏​បានចេញ​ថ្កោលទោស​សង្ឃ​ជ្រុលនិយម និង​ចាត់ទុក​ពួកគេ​ជាស​ត្វ​ផងដែរ​។​

​អំពើហិង្សា​ប្រឆាំង​ប្រជាជន​រ៉ូ​ហ៊ីង​យ៉ា​នេះ​កើតឡើង​ដោយមាន​ការចូលរួម​ពី​ក្រុម​អ្នកគាំទ្រ​សង្ឃ​ជ្រុលនិយម ដោយ​ពួកគេ​គប់​ដុំថ្ម​ជាដើម ហើយ​ហិង្សា​នេះ​ក៏បាន​បណ្តាល​ឲ្យ​ប៉ូលិស​ពីរ​នាក់​រងរបួស​ធ្ងន់​ផងដែរ​។​

​រដ្ឋាភិបាល​ស្រីលង្ការ​បាន​បង្ហើប​ថា មនុស្ស​ប្រុស​ប្រាំ​នាក់ និង​ស្ត្រី​ម្នាក់​ត្រូវបាន​គេ​ចាប់ខ្លួន​រួចរាល់​ដែរ ហើយ​មន្ត្រីប៉ូលិស​ជាច្រើន​នាក់​ក៏​កំពុង​ស្ថិតក្រោម​ការស៊ើបអង្កេត​ផងដែរ​ដោយសារ​ពួកគេ​មិន​ចាត់វិធានការ​ទប់ស្កាត់​អំពើហិង្សា​នេះ​ផងដែរ​។​

​តាមពិតទៅ​ស្រីលង្ការ​ជា​ប្រទេស​មាន​ប្រជាជន​ភាគច្រើន​កាន់សាសនា​ព្រះពុទ្ធ ហើយ​សង្ឃ​ដែល​ជ្រុលនិយម​បង្ក​ហិង្សា​ប្រឆាំង​ប្រជាជន​រ៉ូ​ហ៊ីង​យ៉ា​នេះ​ក៏មាន​ទំនាក់ទំនង​ជិត​ស្ន​ទ្ធិ​ជាមួយ​ក្រុម​សង្ឃ​ជ្រុលនិយម​នៅ​មី​យ៉ាន់​ម៉ា​ដូចគ្នា​។ ក្រុម​សង្ឃ​ទាំងពីរ​ត្រូវបាន​គេ​ចោទប្រកាន់ថា បាន​ព្យាយាម​បញ្ឆេះ​ហិង្សា និង​កំហឹង​ប្រឆាំង​ប្រជាជន​ឥស្លាម​ជា​ជនជាតិភាគតិច​នោះ​៕


Tag:
 ស្រីលង្ការ​
  មី​យ៉ាន់​ម៉ា​
  រ៉ូ​ហ៊ីង​យ៉ា
© រក្សាសិទ្ធិដោយ thmeythmey.com