អន្តរជាតិ
ថៃ​បាន​ឃាត់ខ្លួន​អ្នកស្វែងរក​ការងារ​ខុសច្បាប់​៧០០​នាក់​ក្នុងការ​ធ្វើដំណើរ​ទៅ​កូរ៉េខាងត្បូង​
02, Oct 2017 , 9:59 pm        
រូបភាព
ដោយ:
​អ្នកស្វែងរក​ការងារ​ខុសច្បាប់​ថៃ​ចំនួន​៧០០​នាក់​ត្រូវបាន​ហាម​មិន​ឲ្យ​ធ្វើដំណើរ​ទៅ​កូរ៉េខាងត្បូង​អំឡុងពេល​១០​ខែ​ដំបូង​នៃ​ឆ្នាំសារពើពន្ធ​២០១៧​នោះទេ​។ មូលហេតុ​នៃ​ការឃាត់ខ្លួន​នេះ ក៏​ដោយសារតែ​អ្នកស្វែងរក​ការងារ​ខុសច្បាប់​ទាំងនេះ​បាន​ចូលទៅ​ធ្វើ​ការងារ​ខុសច្បាប់​នៅ​កូរ៉េខាងត្បូង​តាម​ទិដ្ឋាការ​ទេសចរណ៍​។​



​អគ្គនាយក​នៃ​នាយកដ្ឋាន​ការងារ​ថៃ​លោក Waranon Pitiwan បាន​អះអាងថា អ្នកស្វែងរក​ការងារ​ខុសច្បាប់​៧០០​នាក់ ត្រូវបាន​ហាមឃាត់​ក្នុងការ​ធ្វើដំណើរ​ទៅ​កូរ៉េខាងត្បូង​អំឡុងពេល​១០​ខែ​ដំបូង​នៃ​ឆ្នាំសារពើពន្ធ​២០១៧ គឺ​ចាប់ពី​ខែតុលា​ឆ្នាំ​២០១៦​ដល់​ខែសីហា​ឆ្នាំ​២០១៧​។ នោះ​ក៏​ដោយសារតែ​អ្នកស្វែងរក​ការងារ​ទាំងនេះ​បាន​ចូលទៅ​ធ្វើ​ការងារ​ខុសច្បាប់​នៅ​កូរ៉េខាងត្បូង​តាមរយៈ​ការប្រើប្រាស់​ទិដ្ឋាការ​ទេសចរណ៍​ជាមួយ​ភ្ញៀវ​ទេសចរណ៍​ដទៃទៀត​។​

​កាសែត Bangkok Post បាន​ស្រង់​សម្ដី​លោក Pitiwan ដូច្នេះ​ថា​៖ «​បន្ទាប់ពី​ទទួលបាន​ការណែនាំ​ពី​រដ្ឋមន្ត្រីក្រសួង​ការងារ​ថៃ​លោក Sirichai Distakul ប៉ុស្ដិ៍​ត្រួតពិនិត្យ​នៅ​អាកាសយានដ្ឋាន​សុវណ្ណ​ភូមិ បាន​ត្រួតពិនិត្យ​យ៉ាង​តឹងរ៉ឹង​លើ​ភ្ញៀវទេសចរ​ថៃ​ដែល​ធ្វើដំណើរ​ទៅ​បរទេស ជាពិសេស​ក្រុម​ភ្ញៀវទេសចរ​ដែល​ធ្វើដំណើរ​ទៅ​កូរ៉េខាងត្បូង​»​។​

​អគ្គនាយក​នៃ​នាយកដ្ឋាន​ការងារ​ថៃ​រូបនេះ​បាន​បន្ថែមថា មុនពេល​អ្នកស្វែងរក​ការងារ​ទាំងនេះ​ឆ្លងដែន​ទៅ​កូរ៉េខាងត្បូង ពួកគេ​បាន​ទាក់ទង​ជាមួយ​ឈ្មួញកណ្ដាល​តាមរយៈ​បណ្ដាញ​ទំនាក់ទំនង​សង្គម​ដោយ​មិនបាន​ស្គាល់​អត្ត​សញ្ញា​ច្បាស់លាស់​ឡើយ​។ ដូច្នេះ អ្នកខ្លះ​អាច​ទទួលបាន​បៀវត្សរ៍​មុនពេល​កំណត់ ចំណែកឯ​អ្នក​ខ្លះទៀត​ត្រូវបាន​គេ​ជួញដូរ​។​

​អ្នក​សែ្វ​ង​រក​ការងារ​ខុសច្បាប់​ទាំងនេះ​បាន​ចូល​ជាមួយ​ក្រុម​ភ្ញៀវ​ទេសចរណ៍​។ ហើយ​នៅពេលដែល​ពួកគេ​អាច​ឆ្លង​ផុត​ប៉ុស្ដិ៍​ត្រួតពិនិត្យ​ហើយ​នោះ ទីភ្នាក់ងារការងារ​នៅ​ប្រទេស​ទាំងនោះ​នឹង​ទទួល​ពួកគេ​ទៅធ្វើ​ការងារ​ដោយ​ខុសច្បាប់​។​

​ក្រសួង​ការងារ​ថៃ​ជា​ញឹកញាប់​ក៏បាន​ចេញ​សេចក្ដីប្រកាស​ដាស់តឿន​អ្នក​សែ្វ​ងរ​ក​ការងារ​ទាំងអស់​កុំ​ឲ្យ​ទុកចិត្ត​លើ​ទីភ្នាក់ងារ​កា​ងារ​ដែល​ទាក់ទង​តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​។ ក្រសួង​ការងារ​ថៃ​បាន​ណែនាំ​ឲ្យ​អ្នកស្វែងរក​ការងារ​ទាំងនេះ​គួរតែ​សុំ​ការអនុញ្ញាតិ​ពី​រដ្ឋាភិបាល​វិញ ព្រោះ​ថៃ​បាន​ចុះ​អនុស្សារណ​នៃ​ការយោគយល់​គ្នា​ជាមួយ​កូរ៉េខាងត្បូង​តាមរយៈ​ប្រព័ន្ធ​អនុញ្ញាតិ​ការងារ​។​

​គួរ​បញ្ជាក់ដែរថា ការធ្វើការងារ​ខុសច្បាប់​នៅ​កូរ៉េខាងត្បូង​បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​ថៃ​យ៉ាងខ្លាំង​។​ហើយ​ពលករ​ថៃ​ដែល​ធ្វើ​ការងារ​ខុសច្បាប់​នៅ​កូរ៉េខាងត្បូង​នឹងត្រូវ​ចាប់ខ្លួន ហើយ​ផាកពិន័យ​យ៉ាងធ្ងន់ធ្ងរ ព្រមទាំង​ត្រូវ​ហាមឃាត់​ក្នុងការ​ធ្វើដំណើរ​ទៅ​កូរ៉េខាងត្បូង​ទៀតផង​។​រដ្ឋាភិបាល​ថៃ​ធ្វើ​ដូចនេះ​ក្នុង​គោលបំណង​ដកហូត​ឳ​កាស​ការងារ​របស់​ពល​ករ​ទាំងនេះ​។​


Tag:
 ថៃ​
  កូរ៉េខាងត្បូង​
  ​Waranon Pitiwan​
© រក្សាសិទ្ធិដោយ thmeythmey.com