អន្តរជាតិ
ប្រា​យុទ្ធ មិន​ខ្វល់​លោកស្រី យី​ង​ឡាក់ សុំ​សិទ្ធិ​ជ្រកកោន​នៅ​បរទេស​ឡើយ​
03, Oct 2017 , 8:59 am        
រូបភាព
ដោយ:
​អតីត​នាយករដ្ឋមន្ត្រី​ថៃ លោកស្រី យី​ង​ឡាក់ ស៊ីន​ណា​វ៉ា​ត់ ត្រូវបាន​ភ្នាក់ងារ​ព័ត៌មាន​មួយចំនួន​ចុះផ្សាយ ថា លោកស្រី កំពុងតែ​ស្នើសុំ​សិទ្ធិ​ជ្រកកោន​ពី​អង់គ្លេស ខណៈពេលដែល​លោកស្រី កំពុងតែ​រស់នៅ​និរទេស​នៅ​បរទេស ។ ទោះជា​ករណី​របស់លោក​ស្រី បាន​វិ​វត្ត​ដល់​ដំណាក់កាល​ថ្មី​នេះ​ក៏ដោយ លោកនាយក​រដ្ឋមន្ត្រី​ថៃ ប្រា​យុទ្ធ ចន្ទ អូ​ចា អះអាងថា​លោក សូវ​ខ្វល់​ពី​បញ្ហា​នេះឡើយ ។



​អ្នកនាំពាក្យ​នាយករដ្ឋមន្ត្រី​ថៃ លោក Sansern Kaewkamnerd នៅ​ថ្ងៃ​ចុង​សប្តាហ៍​មុន បាន​ថ្លែង​ឲ្យ​ដឹង​ពី​គោលជំហរ​រដ្ឋាភិបាល​ថៃ ថា លោក​ប្រា​យុទ្ធ មិន​ចាប់អារម្មណ៍​នឹង​របាយការណ៍​ពាក់ព័ន្ធ​នឹង​ករណី​លោកស្រី យី​ង​ឡាក់​អ្វី​ឡើយ  ដោយ លោក គ្រាន់តែ​អះអាងថា រដ្ឋាភិបាល​មាន​ភារៈកិច្ច​បំពេញ ការងារ​តាមច្បាប់​ប៉ុណ្ណោះ ហើយ​រឿង​ខ្លះ​ជា​រឿង​បុគ្គល​នោះទេ​។ នេះ​បើ​យោងតាម​សារព័ត៌មាន The Nation ។

​អ្នកនាំពាក្យ​ដដែល​នោះ បាន​បន្ថែមទៀតថា រដ្ឋាភិបាល កំពុងតែ​អនុវត្តតាម​នីតិវិធី​ច្បាប់​ជាតិ និង​អន្តរជាតិ ដោយ​រួមទាំង​ការពិនិត្យ​មើល​ពី​លទ្ធភាព​ក្នុង​ការធ្វើ​បត្យាប័ន​លោកស្រី យី​ង​ឡាក់ ដែល​បាន​អវត្តមាន​ក្នុង​សវនាការ​ជំនុំជម្រះ​ដើម្បី​រត់គេច​ពី​ទីក្រុង​បាងកក​ទៅ​ក្រុង​ឌូ​បៃ​ឲ្យ​មក​ទទួលទោស​ក្រោម​ប្រព័ន្ធ​ច្បាប់​ថៃ ។

​ប្រតិកម្ម​របស់​អ្នកនាំពាក្យ ធ្វើឡើង​បន្ទាប់ពី មានការ​ចុះផ្សាយ​របស់​សារព័ត៌មាន ថា លោកស្រី យី​ង​ឡាក់ បាន​បំពេញ​ទស្សនកិច្ច​ទៅកាន់​អង់គ្លេស ហើយ​កំពុងតែ​ស្នើសុំ​សិទ្ធិ​ជ្រក​នយោបាយ​នៅ​ទីនោះ​ផងដែរ ។ ទស្សនកិច្ច​របស់លោក​ស្រី​យី​ង​ឡាក់ ទៅកាន់​អង់គ្លេស ក៏មាន​ន័យ​ដែរ​ថា លោកស្រី បាន​ចាក​ចេញពី​ទីក្រុង​ឌូ​បៃ​ហើយ ដើម្បី​បន្ត​រត់គេច​ពី​ចំណាត់ការ​ច្បាប់​របស់​របប​សឹក ។​

​សូម​រម្លឹក​បន្តិច​ដែរ​ថា នៅ​ថ្ងៃទី​២៧ កញ្ញា តុលាការ​កំពូល​ថៃ​បាន​កាត់ទោស​កំបាំងមុខ​លើ​សំណុំរឿង​របស់​អតីត​នាយករដ្ឋមន្ត្រី យី​ង​ឡាក់ ដោយ​សម្រេច​ឲ្យ​ជាប់ពន្ធនាគារ​៥​ឆ្នាំ​ពីបទ​ធ្វេសប្រហែស​ក្នុងការ​ដឹកនាំ​ដែល​ធ្វើ​ឲ្យ​រដ្ឋ​ខាតបង់​ទឹកប្រាក់​រាប់លាន​ដុល្លារ​ជុំវិញ​កម្មវិធី​ទិញ​អង្ករ​តម្លៃថោក​។​

​ជុំវិញ​ករណី​នេះដែរ លោក​ឧបនាយករដ្ឋមន្ត្រី​ថៃ Wissanu Krea-ngam ក៏បាន​ឲ្យ​ដឹង​ដែរ​ថា រដ្ឋាភិបាល​អាច​ពិចារណា​ក្នុងការ​លុបចោល​លិខិតឆ្លងដែន​របស់លោក​ស្រី​បាន​ដោយ​ស្របច្បាប់ ហើយ​ស្ថាប័ន​ដែលមាន​យុត្តាធិការ​ក្នុងការ​លុប​នេះ គឺ​ក្រសួងការបរទេស​ថៃ​តែម្តង ។​

​លទ្ធភាព​នៃ​ការលុបចោល​លិខិតឆ្លងដែន​របស់​អតីត​នាយករដ្ឋមន្ត្រី​ថៃ​រូបនេះ មិនមែនជា​រឿង​ថ្មី​អ្វី​ឡើយ ។ អតីត​នាយករដ្ឋមន្ត្រី​ថៃ និង​ជា​បងប្រុស​បង្កើត​លោកស្រី​យី​ង​ឡាក់ គឺ​លោក​ថាក់ស៊ីន ស៊ីន​ណា​វ៉ា​ត់​ត្រា ក៏​ត្រូវបាន​រដ្ឋាភិបាល​ថៃ លុប​លិខិតឆ្លងដែន​ចេញពី​បញ្ជី​នៅ​ឆ្នាំ​២០១៥​ផងដែរ ។ លោក ថាក់ស៊ីន ដែល​កំពុងតែ​រស់នៅ​និរទេស​ក្រៅប្រទេស ត្រូវបាន​តុលាការ​ថៃ កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ ក្រោយ​លោក ត្រូវបាន​ទម្លាក់​ចេញពី​តំណែង​តាមរយៈ​រដ្ឋប្រហារ​នៅ​ឆ្នាំ​២០០៦ ៕


Tag:
 ថៃ​
  អាស៊ាន​
  យី​ង​ឡាក់ ស៊ីណា​វ៉ា​ត់​
© រក្សាសិទ្ធិដោយ thmeythmey.com