អន្តរជាតិ
យ៉ាងហោច ៥០​នាក់​ស្លាប់ និង ២០០​នាក់​របួស​ក្នុងករណី​បាញ់ប្រហារ​នៅ​ក្រុង Las Vegas
02, Oct 2017 , 6:02 pm        
រូបភាព
រូបភាព៖ Getty Images
រូបភាព៖ Getty Images
ដោយ: ថ្មីៗ
​មនុស្ស​ច្រើនជាង​៥០​នាក់​ស្លាប់ និង​ជាង ២០០​នាក់​រងរបួស​ក្នុងការ​បាញ់ប្រហារ​មួយ​លើ​ហ្វូងមនុស្ស​ដែល​កំពុង​ចូលរួម​ក្នុង​កម្មវិធី​រាត្រីសមោសរ​មួយ​នៅក្នុង ទីក្រុង​Las Vegas​។ ខ្មាន់កាំភ្លើង​នោះ​ត្រូវបាន​ប៉ូលិស​កំណត់​អត្តសញ្ញាណ ហើយ​គេ​មាន​ឈ្មោះថា Stepen Paddock​។​
 

​សារព័ត៌មាន​អាមេរិក New York Times បាន​ផ្សាយ​ថា មនុស្ស​ស្លាប់​ក្នុងករណី​បាញ់រះ​នៅ​កម្មវិធី​រាត្រីសមោសរ​មួយ​ដែលមាន​ការចូលរួម​ពី​តារាចម្រៀង Jason Aldean នៅក្នុង​ក្រុង Las Vegas កើន​ឡើងដល់​ច្រើនជាង ៥០​នាក់​ហើយ​។ ចំណែក​អ្នក​ដែល​រងរបួស​វិញ​នោះ កើន​ដល់​ច្រើនជាង ២០០​នាក់​ឯណោះ​។   
 
Joseph Lombardo មន្ត្រីប៉ូលិស​ប្រចាំ​ស្រុក Clark បានបញ្ជាក់​ប្រាប់​អ្នកកាសែត​ថា មនុស្ស​ដែល​ស្លាប់​កើនឡើង​លើស ៥០​នាក់ ហើយ​ខ្មាន់កាំភ្លើង​នោះ​ត្រូវបាន​គេ​កំណត់​អត្តសញ្ញាណ​បាន​ហើយ​។ គេ​មាន​ឈ្មោះថា Stepen Paddock មាន​វ័យ ៦៤ ឆ្នាំ ហើយ​ត្រូវបាន​ប៉ូលិស​សម្លាប់​ក្រោយ​ធ្វើ​សកម្មភាព​នៅ​សណ្ឋាគារ Mandalay Bay​។ 
 
​បើតាម​មន្ត្រី​នៅ​កន្លែងកើតហេតុ ការបាញ់ប្រហារ​នេះ​កើតឡើង​នៅ​ម៉ោង ១០៖ ០៨​នាទី​យប់​។  ខ្មាន់កាំភ្លើង​ប្រើប្រាស់​កាំភ្លើងយន្ត​បាញ់​ចេញពី​បន្ទប់​សណ្ឋាគារ​មួយ​នៅក្បែរ ហើយ​នៅពេល​គេ​បាញ់ប្រហារ​នោះ តន្ត្រី​ដែល​កំពុង​ប្រគំ​នោះ​ឈប់ ហើយ​អ្នក​ចូលរួមបាន​ស្រែក​ឲ្យ​មនុស្សម្នារ​ក្រាបចុះ​ផងដែរ​។​
 
​ប៉ូលិស​កំពុង​ស្រាវជ្រាវ​នៅ​ឡើង​ពាក់ព័ន្ធ​ករណី​វាយប្រហារ​នេះ​និង​មិន​មានការ​អះអាងថា វា​ជា​ករណី​អ្វី​ឲ្យ​ពិតប្រាកដ​ឡើយ​។ ប៉ូលិស​ជឿជាក់ថា វា​មិនមាន​ខ្មាន់កាំភ្លើង​ផ្សេង​ទៀតឡើយ ក្រៅពី​ជន​ឈ្មោះ Paddock នោះ​៕

© រក្សាសិទ្ធិដោយ thmeythmey.com