ជាតិ
បទល្មើស​នេសាទ​ពិបាក​បង្ក្រាប​ដោយសារ​ឈ្មួញ​ខ្លះ​មាន​ខ្នងបង្អែក​
06, Oct 2017 , 8:39 pm        
រូបភាព
រូបថត៖ ហ្វេសប៊ុករដ្ឋបាលជលផល
រូបថត៖ ហ្វេសប៊ុករដ្ឋបាលជលផល
ដោយ:
​ភ្នំពេញ​៖ លោក ឱម សាវ៉ាត នាយក​ប្រតិបត្តិ​សម្ព័ន្ធភាព​ដើម្បី​អភិរក្ស​ធនធាន​ជលផល​(Fact) និង​តំណាង​សហគមន៍​នេសាទ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា មូលហេតុ​ដែល​ធ្វើ​ឲ្យ​បទល្មើស​នេសាទ​នៅតែ​បន្ត​កើតមាន គឺ​បណ្តាលមកពី​អំពើពុករលួយ​។ ពួកគេ ពន្យល់ថា អាជ្ញាធរ​នៅ​មូលដ្ឋាន​មួយចំនួន បាន​ធ្វើជា​ខ្នងបង្អែក​របស់​ឈ្មួញ​ក្នុងការ​ប្រព្រឹត្ត​បទល្មើស​នេសាទ​។

       


​ក្នុង​សិក្ខាសាលា​មួយ​នៅ​ភ្នំពេញ ដែលមាន​មន្ត្រីជាន់ខ្ពស់​របស់​រដ្ឋ​បាល​ជលផល​នៃ​ក្រសួងកសិកម្ម ក្រសួងមហាផ្ទៃ អង្គការ​សង្គម​ស៊ីវិល និង​ប្រធាន​សហគមន៍​នេសាទ បានលើកឡើង​ពី​បញ្ហា​ប្រឈម និង​ឧបសគ្គ​ក្នុងការ​បង្ក្រាប​បទល្មើស​នេសាទ ដែល​ធ្វើ​ឲ្យ​ត្រី​ថយចុះ និង​ប៉ះពាល់​ដល់​ជីវភាព​អ្នកនេសាទ​។

​តំណាង​សហគមន៍​នេសាទ​មកពី​ខេត្តក្រចេះ ភ្នំពេញ និង​សហគមន៍​នេសាទ​ជុំវិញ​បឹង​ទន្លេសាប បានលើកឡើង​ដូចៗ​គ្នា​ថា អ្នកប្រព្រឹត្ត​បទល្មើស នៅតែ​រួច​ផុតពី​សំណាញ់​ច្បាប់ ហើយ​ពួកគេ​បាន​ឃុ​ត​ឃិត​គ្នា​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​ប្រព្រឹត្ត​បទល្មើស​នេសាទ​។ ពួកគេ បានស្នើ​ឲ្យ​អាជ្ញាធរ​ថ្នាក់ជាតិ ពិនិត្យ​លើ​កូនចៅ​ក្រោមបង្គាប់​របស់ខ្លួន ដើម្បី​ចាត់វិធានការ​តាមផ្លូវ​ច្បាប់ ជាការ​ព្រមាន​ដល់​អ្នកប្រព្រឹត្ត​បទ​ល្មើ​ល​នេសាទ​ដទៃទៀត​។

​ឆ្លើយតប​នឹង​ការលើកឡើង​ខាងលើ លោក អេង ជា​សាន ប្រធាន​រដ្ឋបាល​ជលផល បាន​ប្រាប់ ប្រធាន​សហគមន៍ ដែល​ឃើញ​បទល្មើស​នេសាទ រាយការណ៍​បន្ទាន់​ទៅ​នគរបាល​យុត្តិធម៌​ប្រចាំការ​នៅ​ជិត​បំផុត ឬ សុំ​អន្តរាគមន៍​ទៅ​ថ្នាក់ស្រុក ដើម្បី​ចុះបង្ក្រាប​អ្នកប្រព្រឹត្ត​បទល្មើស​នេសាទ​។ 

​លោក​ថ្លែង​យ៉ាង​ដូច្នេះ​ថា​៖ «​សូម​បងប្អូន​ទាក់ទង​អាជ្ញាធរ​មូលដ្ឋាន  នគរបាល និង​ថ្នាក់ស្រុក ដើម្បី​ចាត់វិធានការ​ក្នុង​បទល្មើស​ជាក់ស្តែង ហើយ​ខ្ញុំ​នឹង​បញ្ជា​ទៅ​បញ្ជា​ការឯកភាព ឬ​អធិការដ្ឋាន ដើម្បី​ជួយ​បងប្អូន​ក្នុងការ​បង្ក្រាប​បទល្មើស​»​។  

​ទាក់ទង​នឹង​បញ្ហា​នេះ លោក ឱម សាវ៉ាត នាយ​ប្រតិបត្តិ​សម្ព័ន្ធភាព​ដើម្បី​អភិរក្ស​ធនធាន​ជលផល​(Fact) ដែលជា​បណ្តុំ​អង្គការ​ជាតិ និង​អន្តរជាតិ ធ្វើការ​ងារ​លើ​វិស័យ​ជលផល បាន​ថ្លែងប្រាប់​ព័ត៌មាន​ថ្មីៗ​ថា មូលហេតុ​ដែល​ធ្វើ​ឲ្យ​បទល្មើស​នេសាទ​នៅតែ​បន្ត​កើតមានឡើង គឺ​បណ្តាលមកពី​ការអនុវត្តន៍​ច្បាប់​នៅមានកម្រិត និង​អំពើពុករលួយ​នៅ​មូលដ្ឋាន​។ 

​សូម​ស្តាប់​ការពន្យល់​របស់លោក ឱម សាវ៉ាត ដូចតទៅ​៖ 




​បើតាម​លោក ឱម សាវ៉ាត បច្ចុប្បន្ន សហគមន៍​នេសាទ​នៅ​ទូទាំងប្រទេស​មាន​ចំនួន​៥១៦​។ លោក​អះអាងថា វិធានការ​បង្កើត​ជាស​ហគ​មន៍​នេសាទ គឺ​អាចមាន​ប្រសិទ្ធភាព​ច្រើន ពីព្រោះ ពួកគេ បាន​បង្កើត​ក្រុម​ល្បាត ដើម្បី​ឃ្លាំមើល​បទល្មើស​នេសាទ ដែល​វា​ជា​កាត់បន្ថយ​បទល្មើស​នេសាទ​ផងដែរ​។ លោក​បន្ថែមថា យុទ្ធសាស្ត្រ​មួយចំនួនទៀត ដូចជា ការបណ្តុះបណ្តាល និង​រៀបចំ​សហគមន៍​នេសាទ​ឲ្យ​ចេះ​កែច្នៃ​ផលិតផល​មច្ឆជាតិ បង្កើត​ក្រុម​សន្សំ និង​បង្រៀន​ពួកគេ​ឲ្យ​បង្កើតជា​តំបន់​អេកូ​ទេសចរណ៍ធម្មជាតិ គឺ​សុទ្ធសឹង​ជា​វិធី​ជួយ​ពួកគេ កុំ​ឲ្យ​ពឹងផ្អែក​ទាំងស្រុង​លើ​ផល​នេសាទ ដែល​អាច កាត់បន្ថយ​បទល្មើស​នេសាទ បាន​មួយកម្រិត​ទៀត​។​

​យោងតាម​របាយការណ៍​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ឲ្យ​ដឹងថា ការនាំចេញ​ផល​នេសាទ​ស្រស់​រយៈពេល​៥​ខែ​ដើមឆ្នាំ​២០១៧ មាន​ចំនួន​៤,០៨០​តោន ថយចុះ​១២០​តោន បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន ខណៈ​ការនាំចេញ​ផល​នេសាទ​កែច្នៃ ក្នុង​រយៈពេល​៥​ខែ​ឆ្នាំ​២០១៧ មាន​២,៣០០​តោន ថយចុះ​ចំនួន​១០០​តោន បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០១៦៕   


© រក្សាសិទ្ធិដោយ thmeythmey.com