ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ជំនាញ​ប្រភេទ​ណា ទាមទារ​ជំនាញ​ទន់​ខ្លាំង និង​ជំនាញ​ណា ដែល​ចាំបាច់​ត្រូវមាន​ជំនាញ​រឹង​ឲ្យ​ខ្លាំង​ជាង​?
08, Oct 2017 , 10:39 pm        
រូបភាព
ដោយ:
​លោក ឃីម សុខ​ហេង អ្នកឯកទេស​ផ្នែក​អភិវឌ្ឍន៍​មនុស្ស និង​ជា​ស្ថាបនិក​វិទ្យាស្ថាន​សិក្សា​ដើម្បី​ជោគជ័យ បាន​គូសបញ្ជាក់ថា ជំនាញ​ទន់ និង​ជំនាញ​រឹង មាន​សារៈសំខាន់​ណាស់​ក្នុង​ជីវភាព​រស់នៅ​រប​ស់បុ​គ្គល​ម្នាក់ៗ​។ បើតាម លោក សុខ​ហេង ដដែល មនុស្ស​ដែលមាន​ចំណេះ​ជំនាញ​បច្ចេកទេស ឬ​ជំនាញ​រឹង គួបផ្សំ​នឹងមាន​ជំនាញ​ទន់​រឹងមាំ​ទៀត​នោះ ជីវិត​របស់​ពួកគេ​មានលទ្ធភាព​ជោគជ័យ និង​ការស្រឡាញ់​ចូលចិត្ត​ច្រើនជាង​បុគ្គល​ដែលមាន​ជំនាញ​រឹង​តែមួយ​មុខ​។ ដើម្បី​ឲ្យ​ការរស់នៅ​ប្រសើរ តើ​ចំណេះ​ជំនាញ​ប្រភេទ​ណា ដែល​ទាមទារ​ត្រូវមាន​ជំនាញ​ទន់​ខ្លាំង និង​តើ​ជំនាញ​ប្រភេទ​ណា ដែល​ចាំបាច់​ត្រូវមាន​ជំនាញ​រឹង​ឲ្យ​ខ្លាំង​ជាង​?



​ដើម្បី​ជ្រាប​លម្អិត សូម​អញ្ជើញ​អាន​បទ​សម្ភាស រវាង​លោក ទីន សុខ​លីម អ្នកកាសែត​នៃ​សារព័ត៌មាន​អេឡិចត្រូនិក​thmeythmey.com និង​លោក  ឃីម សុខ​ហេង ស្ថាបនិក​វិទ្យាស្ថាន​សិក្សា​ដើម្បី​ជោគជ័យ​ដូចតទៅ​៖

​លោក ទីន សុខ​លីម​៖ ខ្ញុំ​ចង់​ឲ្យ​លោក ឃីម សុខ​ហេង ពន្យល់ថា តើ​អ្វី​ជា​ជំនាញ​ទន់​? 

​លោក ឃីម សុខ​ហេង​៖ ជំនាញ​ទន់ ដែលជា​ភាសា​ខ្មែរ​យើង ថា​ជំនាញ​ទន់ និង​នៅលើ​ពិភពលោក​គេ​ស្គាល់​ថា People Skills ។ ជំនាញ​ទន់​នេះ ជា​ជំនាញ​មួយ​ដែលមាន​សារៈសំខាន់ ដែល​ទាក់ទង​ទៅនឹង​ការគិត​របស់​មនុស្ស លទ្ធភាព​ដែល​ធ្វើ​ឲ្យ​គេ​ចូលចិត្ត​យើង ក្នុងនាម​ជា​បុគ្គល អ្នកដឹកនាំ និង​ជា​ដៃគូ​ជីវិត​។ ជំនាញ​ទន់​នេះដែរ ដើរតួ​យ៉ាងសំខាន់​ណាស់ ដើម្បី​ជំរុញ​ការរីកចម្រើន​រប​ស់បុ​គ្គល ឈានទៅរក​សេចក្តីសុខ និង​សុភមង្គល​នៅក្នុង​ជីវិត​។  

​លោក ទីន សុខ​លីម​៖ លោក សុខ​ហេង តើ​ជំនាញ​Soft Skills​នេះ សិក្សា​ពីអ្វី​ខ្លះ​?

​លោក ឃីម សុខ​ហេង​៖
ជំនាញ​ទន់ គឺ​ទី​១ រៀន​អភិវឌ្ឍន៍​ការគិត ដែល​យើង​ដឹង​ហើយ​ថា អភិវឌ្ឍន៍​គំនិត គឺ​ជីវិត​កាន់តែ​ប្រសើរឡើង​។ ជំនាញ​ក្នុង​ការគិត​នេះ មែនទែនទៅ គ្មាន​សាលា​ណាមួយ ដែល​បើក​បង្រៀន​គិត រៀន​ទៅ​ដឹង​តែ​ពូកែ​ការគិត​នោះទេ ប៉ុន្តែ​ជំនាញ​ទន់ ជា​ជំនាញ​ដែល​បង្ហាញ​យើង ពី​ដំណើរ​ឈានទៅរក​ការគិត​រីកចម្រើន​។ ទី​២ គឺ​ទាក់ទង​នឹង​ការអប់រំ​ចិត្ត និង​ការគ្រប់គ្រង​ខ្លួនឯង គ្រប់គ្រង​អារ​ម្មរណ៍​ឆេវឆាវ ដែល​ចំណុច​នេះ​សំខាន់ ដូចដែល​ធ្លាប់​ឃើញថា មនុស្ស​ខ្លះ​ចេះ​ជំនាញ​បច្ចេកទេស ប៉ុន្តែ​មិនចេះ​គ្រប់គ្រង​កំហឹង​ខ្លួនឯង​។ ទី​៣ គឺ​ទាក់ទង​នឹង​ការពង្រឹង​បុគ្គលិកលក្ខណៈ​របស់​យើង មានន័យថា ការធ្វើ​ខ្លួន​យើង ឲ្យ​ទាក់ទាញ ឲ្យ​គេ​ពេញចិត្ត​។ មនុស្ស​នេះ គឺ​ធ្វើការ​ឆាប់​ឡើង​តំណែង ប៉ុន្តែ​មិនមែន​ជិះជាន់​គេ​ដើម្បី​ឡើង​តំណែង​ទេ ប៉ុន្តែ​គឺ​ប្រើ​សមត្ថភាព​ជំនាញ​ទំនាក់ទំនង​របស់គាត់​។ មួយទៀត គឺ​រៀន​ពង្រឹង​ភាពជា​អ្នកដឹកនាំ ពោល​កាលដែល​យើង​ចេះ​ធ្វើការ​ងារ​ជា​ក្រុម ចេះ​កៀរគរ​មនុស្ស​ឲ្យ​ធ្វើការ​ជាមួយគ្នា សម្រេច​គោលដៅ​រួម ទាល់តែ​អ្នកនោះ​មាន​ជំនាញ​ទន់​នៅក្នុង​ខ្លួន គឺ​ភាពជា​អ្នកដឹកនាំ​នេះឯង​។ នៅ​កម្ពុជា​បច្ចុប្បន្ន ការបង្រៀន​ជំនាញ​ទន់​នេះ កាន់​តែមាន​ភាពល្បីល្បាញ ដោយសារ​របត់​នៃ​សកលភាវូបនីយកម្ម ការប្រកួតប្រជែង ដែល​ទាមទា​ឲ្យ​មនុស្ស​ចេះ​ទាំង​ជំនាញ​បច្ចេកទេស ការទំនាក់ទំនង ការគិត ការគ្រប់គ្រង មាន​ភាពជា​អ្នកដឹកនាំ ដែលជា​ជំនាញ​ទន់​នេះ​។​

លោក ទីន សុខ​លីម​៖ សម្រាប់​លោក ឃីម សុខ​ហេង អ្វី​ជា​ភាពផ្ទុយ​គ្នា រវាង​ជំនាញ​ទន់ និង​ជំនាញ​រឹង ឬ Soft Skills  និង​Hard Skills?

​លោក ឃីម សុខ​ហេង​៖
ជំនាញ​រឹង គឺ​សំដៅ​ទៅលើ​ជំនាញ​បច្ចេកទេស ដែល​យើង​រៀន ដូចជា​វិទ្យាសាស្ត្រ​ពិត ទាក់ទង​នឹង​រូប គីមី គណិតវិទ្យា គណនេយ្យ ឬ​ទាក់ទង​នឹង​បច្ចេកទេស ដូចជា​អេឡិចត្រូនិក អគ្គិសនី​ជាដើម​។ ជំនាញ​ទន់​គឺ​ទាក់ទង​នឹង​ជំនាញ​មនុស្ស ជំនាញ​ក្នុង​ការគិត ការធ្វើការ​ជាមួយ​មនុស្ស​។ យើង​អាច​និយាយបានថា ក្រៅពី​ការគិត និង​ការធ្វើការ​ជាមួយ​មនុស្ស គឹជា​ជំនាញ​ដែល​ដឹកនាំ ឲ្យ​សម្រប​ខ្លួន ក្នុង​បរិបទ​នៃ​ការផ្លាស់ប្តូរ​។ អ៊ីចឹង វា​ទាមទា​ឲ្យ​យើង​មាន​ការគិត​ស៊ីជម្រៅ​ប្រកបដោយ​យុទ្ធសាស្ត្រ​។ បើ​យើង​ធ្វើការ​ជាមួយ​បច្ចេកទេស គឺ​យើង​ផ្អែកលើ​តក្ក ឬ​ភាព​ពិត​ជាក់ស្តែង​(Logic)​។ ឧទាហរណ៍ ម៉ូតូ​ខូច​ប៊ូ​ហ្ស៊ី ដោះ​តែ​ប៊ូ​ហ្ស៊ី​ចេញ យើង​អាចដាក់​ប៊ូ​ហ្ស៊ី​ថ្មី​បាន ហើយ​វា​អាច​ឆេះ ប៉ុន្តែ​បើ​មនុស្ស​មាន​បញ្ហា យើង​ត្រូវ​ការជំនាញ​ទន់ ដើម្បី​អាច​រក​ដំណោះស្រាយ​បាន​។ ឧទាហរណ៍ មនុស្ស​២​នាក់ មាន​ផ្លូវ​អារម្មណ៍ ឬ​ទំនាស់​ផលប្រយោជន៍​ជាមួយគ្នា ប្រការនេះ ទាមទា​ឲ្យ​យើង​មាន​ជំនាញ ក្នុង​ការគិត​ប្រកបដោយ​ការច្នៃប្រឌិត​ថ្មី និង​ប្លែក ហើយ​អាច​ដោះស្រាយ​បញ្ហា​មនុស្ស​បាន​។

​លោក ទីន សុខ​លីម​៖ លោក​ឃីម សុខ​ហេង លោក​ជា​អ្នកឯកទេស​អភិវឌ្ឍន៍​មនុស្ស​ស្រាប់ តើ​រវាង​ជំនាញ​រឹង និង​ជំនាញ​ទន់ មួយណា​សំខាន់​ជាង​សម្រាប់​និស្សិត​?

​លោក ឃីម សុខ​ហេង​៖
មនុស្ស​ដែល​ពូកែ​ច្រៀង និង​ធ្វើ​ឲ្យ​គេ​ចូលចិត្ត​ក្នុង​វិស័យ​សិល្បៈ គឺ​មិន​ប្រាកដថា​ទៅ​ស្ល​ឆ្លា​ញ់​ទេ ក៏​មិន​ប្រាកដថា​ទៅ​ជួលជុល​ឡាន​កើត​ដែរ​។ អ្នកខ្លះ​ពូកែ​ធ្វើ​ឲ្យ​គេ​សប្បាយ ធ្វើ​ឲ្យ​គេ​ចូលចិត្ត​នៅលើ​ឆាក ប៉ុន្តែ​មាន​បុគ្គល​មួយទៀត ធ្វើ​ឲ្យ​គេ​សប្បាយ និង​រីករាយ ដោយសារ​ហូប​ម្ហូប​របស់គាត់​ធ្វើ​។  អ៊ីចឹង ជំនាញ​ទាំង​២​នេះ គឺ​សំខាន់​ដូចគ្នា​។ តើ​មួយណា​ល្អ សម្រាប់​បុគ្គល​បែបណា​? គឺ​ទាល់តែ​យើង​ដឹងថា​បុគ្គល​នោះ មាន​គោលដៅ​ចង់​ធ្វើ​អ្វី ហើយ​ថា​តើ​ដើម្បី​សម្រេច​គោលដៅ​របស់គាត់​នោះ តើ​ជំនាញ​ដែល​ពាក់ព័ន្ធ​មាន​អ្វីខ្លះ​?

​លោក ទីន សុខ​លីម​៖ តើ​លោក ឃីម សុខ​ហេង អាច​ពន្យល់​បន្ថែម​បានទេ  តើ​ជំនាញ​មួយណា ល្អ​សម្រាប់​បុគ្គល​ប្រភេទ​ណា​?

​លោក ឃីម សុខ​ហេង​៖ ប្រសិនបើ​គាត់​ចង់​ក្លាយ ទៅជា​អ្នកបច្ចេកទេស គឺ​គាត់​ត្រូវ​រៀន​ជំនាញ​បច្ចេកទេស​។ ឧទាហរណ៍ បើ​ខ្ញុំ​ចង់​ក្លាយទៅជា​ជាង​ជួសជុល​ឡាន ប្រាកដ​ណាស់ គឺ​ខ្ញុំ​ត្រូវ​រៀន​ជួសជុល​ឡាន រៀន​តោន បាញ់ថ្នាំ មើល​គ្រឿង ឬ​រៀន​ខាង​ប្រព័ន្ធ​ភ្លើង​។ ប៉ុន្តែ​ជំនាញ​ទន់ គឺ​សំខាន់​ដូចជា​អ្នក​ដែល​ចង់​ក្លាយទៅជា​អ្នកលក់​។  អ្នកលក់ ក្រៅពី​យល់ដឹង​ពី​ផលិតផល ត្រូវមាន​ជំនាញ​ទំនាក់ទំនង ត្រូវមាន​ចរិត​ដើម្បី​ធ្វើ​ឲ្យ​គេ​ចូលចិត្ត​គាត់ ត្រូវការ​ភាពបត់បែន ការប្រាស្រ័យ​ទាក់ទង និង​ចំណេះដឹង​ទូទៅ​ច្រើន​។ អ៊ីចឹង​គាត់​ត្រូវការ​ជំនាញ​ទន់​នៅក្នុង​ខ្លួន​។ ពិសេស អ្នក​ដែល​ចង់​ក្លាយជា​អ្នកដឹកនាំ​គេ ពីព្រោះ​អ្នកដឹកនាំ គឺ​ធ្វើការ​ជាមួយ​មនុស្ស មិនមែន​ធ្វើការ​តែ​ជាមួយ​បច្ចេកទេស​ទេ​។ ដូច្នេះ​តំណែង​កាន់តែ​ខ្ពស់ ត្រូវការ​ជំនាញ ទន់​កាន់តែខ្លាំង​។

​លោក ទីន សុខ​លីម​៖ បុគ្គល​ម្នាក់​មាន​ជំនាញ​រឹង​ខ្លាំង ជាង​ជំនាញ​ទន់ រីឯ​ម្នាក់ទៀត​មាន​ជំនាញ​ទន់ ខ្លាំង​ជាង​ជំនាញ​រឹង​វិញ តើ​រវាង​បុគ្គល​ទាំង​២​នេះ ម្នាក់​ណា​ជោគជ័យ​ក្នុង​ការងារ​ជាង​?

​លោក ឃីម សុខ​ហេង​៖ យើង​ត្រូវ​ពិចារណា​បែបនេះ​វិញ ប្រសិនបើ​យើង​ចេះ ជំនាញ​បច្ចេកទេស ឬ​ជំនាញ​រឹង យើង​អាច​ក្លាយទៅជា ជាង​ដ៏​ជោគជ័យ អាច​ក្លាយជា​បុគ្គលិក​ជំនាញ​ដែល​ល្អ​។ ប៉ុន្តែ​សុំ​ពិចារណា​ថា បើ​យើង​ចេះ​បច្ចេកទេស យើង​អាច​ត្រឹម​ជាង​ដែល​ល្អ យើង​រស់​ស្រួល​មួយជីវិត ប៉ុន្តែ​បើ​យើង​ចេះ​ជំនាញ​ទន់​ថែមទៀត យើង​មិន​ធ្វើ​ជាង​ទេ គឺ​យើង​អាចធ្វើ​មេជាង​បាន​។ ឧទាហរណ៍ បើ​ខ្ញុំ​ចេះ​ស្ល​ឆ្ងាញ់ ខ្ញុំ​អាច​ក្លាយជា​ចុងភៅ តែបើ​ខ្ញុំ​មិនចេះ​គិត គ្មាន​ជំនាញ​សហគ្រិនភាព ខ្ញុំ​មិនអាច​ទៅ​បើកហាង​បានទេ ពីព្រោះ​ចេះ​ស្ល​តែមួយ​មុខ​ហ្នឹង​។ ដូច្នេះ​កុំភ្លេចថា បើ​យើង​ចេះ ជំនាញ​រឹង ឬ​ជំនាញ​បច្ចេកទេស យើង​ខ្សោយ​ការគិត មិនទាន់​ចេះ​ជំនាញ​ទន់ នោះ​យើង​ត្រូវ​បង្ខំចិត្ត​ធ្វើការ​ឲ្យ​អ្នកចេះ ជំនាញ​ទន់​។ អ្នកជំនាញ​ទន់ កាន់តែ​ជោគជ័យ នៅពេលដែល​គាត់​ចេះ​គិត ហើយ​ចេះ​ប្រើប្រាស់​ធនធាន​សម្ភារ និង​មនុស្ស ដែល​ចេះ​ជំនាញ​បច្ចេកទេស​នេះ​ឲ្យ​ធ្វើការ​តាម​ជំនាញ​។

​លោក ទីន សុខ​លីម​៖ រវាង​បុគ្គល​ដែល​ពូកែ ជំនាញ​ទន់ និង​បុគ្គល​ពូកែ​ជំនាញ​រឹង បុគ្គល​ណា​ជួយ​ឲ្យ​ស្ថាប័ន​រីកចម្រើន​ខ្លាំង​ជាង ហើយ​អ្វីខ្លះ​ជា​គុណសម្បត្តិ និង​គុណវិបត្តិ​រវាង​បុគ្គល​ទាំង​២ នៅ​កន្លែងធ្វើការ​?

​លោក ឃីម សុខ​ហេង​៖ ប្រសិនបើ​សួរ​សំណួរ​នេះ ក្នុងនាម​សហគ្រិន ជា​អគ្គនាយក​ក្រុមហ៊ុន គឺ​បុគ្គល​ទាំងនេះ គឺ​សុទ្ធតែ​សំខាន់​ទាំងអស់​។ ពាក្យ​ខ្មែរ​យើង​និយាយថា ឈើ​វៀច​ធ្វើ​កង់ ឈើត្រង់​ធ្វើ​កាំ អា​ក្រញេញ​ក្រញង់ ធ្វើ​អុស​ដុត​។ ឧទាហរណ៍​ក្រុមហ៊ុន​ដែល​រីកចម្រើន គឺ​យើង​គិត​តួអង្គ ដូចជា​គណនេយ្យករ គឺ​អ្នកបច្ចេកទេស ដែល​កត់ត្រា​រាល់​ចំណូល​ចំណាយ​របស់​ក្រុមហ៊ុន​។ អ្នក​ដែល​ចេះ​ព័ត៌មានវិទ្យា មនុស្ស​នេះ​យើង​មិនសូវ​តម្រូវ​ឲ្យ​គាត់ ចេះ​ជំនាញ​មនុស្ស ឬ​ទំនាក់ទំនង​អ្វី​ច្រើន​ទេ ឲ្យ​តែ​គាត់​ចេះ​ព័ត៌មានវិទ្យា​ច្បាស់​។​យើង​មិន​ត្រូវការ​មនុស្ស​នេះ ពូកែ​ជំនាញ​ទន់​ទេ ប៉ុន្តែ​បើ​គាត់ នៅក្នុង​ផ្នែក​ទំនាក់ទំនង​អតិថិជន អ្នកទទួល​អតិថិជន គឺ​ត្រូវការ​រួសរាយ​រាក់ទាក់ ប្រជាប្រិយ គាត់​បាន​សម្តី​។ ប្រសិនបើ​គាត់ ជា​ប្រធាន​ផ្នែក​ទីផ្សារ​ទៀត​នោះ​គាត់​ត្រូវ​ពូកែ​ទំនាក់ទំនង​ថែមទៀត​។ អ៊ីចឹង មនុស្ស​ទាំង​២​នេះ សំខាន់​ដូចគ្នា ប៉ុន្តែ​ក៏​ស្ថិត​លើ​អ្នកដឹកនាំ គាត់​ត្រូវ​ចេះ​គិត​មួយទៀត គឺ​តើ​ជំនាញ​មួយណា ត្រូវ​ពូកែ​អ្វីខ្លះ​? អ៊ីចឹង​ស្ថាប័ន​មួយ​ជោគជ័យ ត្រូវការ​ទាំង​ជំនាញ​រឹង និង​ជំនាញ​ទន់​។

​លោក ទីន សុខ​លីម​៖ តើ​បុគ្គល​ម្នាក់ៗ ត្រូវ​ប្រើ​ជំនាញ​ទន់​ឲ្យ​មាន​ប្រសិទ្ធភាព ក្នុង​ជីវិត​ជាក់ស្តែង​បែបណា​?

​លោក ឃីម សុខ​ហេង​៖  ជំនាញ​ទន់ ក៏​ទាក់ទង​នឹង​ការរស់នៅ​ប្រចាំថ្ងៃ​ដែរ​។ យើង​ឃើញថា សុជីវធម៌ នៃ​ការរស់នៅ​របស់​យុវជន​ខ្មែរ​សំខាន់​ណាស់​។ គាត់​ចេះដឹង​ពី​ច្បាប់​ចរាចរណ៍ នោះ​មានន័យថា​គាត់​មាន​ជំនាញ​រឹង និង​ជំនាញ​បច្ចេកទេស ប៉ុន្តែ​បើ​គាត់​មិន​គោរព​ច្បាប់​ចរាចរណ៍ មានន័យថា​គាត់​មិនចេះ ជំនាញ​ទន់​។ ឥរិយាបថ​នៃ​ការ​ចោល​សំរាម​ក៏​ដូចគ្នា បើ​គាត់​បោះ​សំរាម​ចូលក្នុង​ធុងសំរាម​នោះ​គាត់​មាន​ជំនាញ​រឹង ប៉ុន្តែ​បើ​បោះ​សំរាម​ខុស​ធុង មានន័យថា​អ្នក​ហ្នឹង​គឺ​ខ្សោយ​ជំនាញ​ទន់​។ ជួប​ចាស់ទុំ​មិន​ឱនលំទោន មិន    ញញឹម មិន​ជម្រាបសួរ នេះ​ជា​សុជីវធម៌​នៃ​ការរស់នៅ ជា​ទំនៀមទម្លាប់​ប្រពៃណី​ខ្មែរ​យើង​តើ ប៉ុន្តែ​គ្រាន់តែ​យុវជន​យើង​ជំនាន់​ឥឡូវ ច្រើនតែ​ប្រហែស​៕
 

Tag:
 ឃីម សុខ​ហេង​
 ​ ជំនាញ​ទន់​
  ជំនាញ​រឹង​
© រក្សាសិទ្ធិដោយ thmeythmey.com