ជាតិ
ផ្អាក​សកម្មភាព​អ្នកនយោបាយ រឹតតែ​ជា​រឿង​ព្រួយបារម្ភ​លើសពី​ការរំលាយ​បក្ស​សង្គ្រោះ​ជាតិ​
09, Oct 2017 , 10:33 am        
រូបភាព
​ភ្នំពេញ​៖ ការរំលាយ​គណបក្ស​ស​ង្គ្រោះ​ជាតិ មិនមែនជា​ទីបញ្ចប់​នៃ​ជីវិត​នយោបាយ​របស់​ក្រុម​អ្នកនយោបាយ​បក្សប្រឆាំង​ឡើយ​។ រឿង​ធ្ងន់ធ្ងរ​ជាង​នេះ គឺ​ការផ្អាក​សកម្មភាព​នយោបាយ​របស់​ថ្នាក់ដឹកនាំ​គណបក្សប្រឆាំង​។



​បើសិនជា​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវបាន​រំលាយចោល ក្រោម​អំណាច​នៃ​សាលដីកា​បិទផ្លូវ​តវ៉ារ​បស់​តុលាការ​កំពូល​មែន​នោះ វា​ពិតជា​រឿង​អកុសល​មួយ​សម្រាប់​ក្រុម​អ្នកនយោបាយ​ខាង​ប្រឆាំង​រួមទាំង​អ្នកគាំទ្រ​ផងដែរ​។ ប៉ុន្តែ បើ​គេ​មើល​ឲ្យ​ជ្រៅ​បន្តិចទៀត​នោះ គេ​នឹង​រឹតតែ​បារម្ភ​អំពី​វាសនា​របស់​ក្រុម​អ្នកនយោបាយ​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ ដែល​ប្រឈម​នឹង​ការផ្អាក​សកម្មភាព​នយោបាយ​។​

​មាត្រា​៤៥ ត្រង់​កថាខណ្ឌ​ទី​៣ នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ​ចែងថា​៖« [….] ក្នុងករណី ដែល​គណបក្សនយោបាយ​ត្រូវបាន​រំលាយ តុលាការ​[​កំពូល​] អាច​សម្រេច​ហាមឃាត់​ការធ្វើសកម្មភាព​នយោបាយ​របស់​ថ្នាក់ដឹកនាំ​នៃ​គណបក្សនយោបាយ​នោះ សម្រាប់​រយៈពេល ៥​ឆ្នាំ​»​។
    
​គ្រាន់តែ​ថា មាត្រា​ខាងលើ​ពុំ​បានចែង​នោះទេ​ថា ពាក្យ​«​ថ្នាក់ដឹកនាំ​គណបក្ស​» ត្រូវ​កំណត់​ត្រឹម​ឋានៈ ឬ​តំណែង​អ្វី​ឲ្យ​ពិតប្រាកដ​។​
​គេ​ត្រូវ​ព្រួយបារម្ភ​ដល់​ការផ្អាក​សកម្មភាព​រប​ស់​អ្នកនយោបាយ ពីព្រោះ​សូម្បីតែ​ពាក្យបណ្តឹង​របស់​ក្រសួងមហាផ្ទៃ ក៏បាន​ទាមទារ​យ៉ាង​ដូច្នេះ​ដែរ​។

​នៅ​ព្រឹក​ថ្ងៃទី​៦ ខែតុលា ឆ្នាំ​២០១៧ សហ​មេធាវី​៥​រូប ដែល​ទទួល​សិទ្ធិ​ពី​ក្រសួងមហាផ្ទៃ បាន​យក​បណ្តឹងសុំ​ឲ្យ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ទៅជូន​តុលាការ​កំពូល​។ ក្នុង​បណ្តឹង​នោះ ក្រសួងមហាផ្ទៃ បានទាមទារ​ពី​ចំណុច​ធំៗ គឺ​ទីមួយ សុំ​ឲ្យ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​ទី​២ គឺ​សុំ​ឲ្យ​ផ្អាក​សកម្មភាព​នយោបាយរ​បស់​ថ្នាក់ដឹកនាំ​គណបក្ស​នេះ​រយៈពេល​៥​ឆ្នាំ​។

​អ្នក​ដែល​ដាក់សំណើរ​សុំ​ឲ្យ​ក្រសួងមហាផ្ទៃ ធ្វើបណ្តឹង​ទៅ​តុលាការ​កំពូល រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ គឺ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​របស់​សម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ និង​គណបក្ស​យុវជន​កម្ពុជា​របស់លោក ពេជ្រ ស្រស់​។ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង​គណបក្ស​យុវជន​កម្ពុជា លើក​ហេតុផល​ស្រដៀង​គ្នា​ថា ឯកឧត្តម កឹម សុខា បាន​ជាប់​សង្ស័យ​ក្នុង​អំពើ​ក្បត់ជាតិ ដែល​មិនគួរ​លើកលែង​ឲ្យ​បាន រួមទាំង​គណបក្ស​សង្គ្រោះ​ជាតិ​ទាំងមូល​ផងដែរ​៕


Tag:
 CNRP
  រំលាយ​បក្ស​
© រក្សាសិទ្ធិដោយ thmeythmey.com