អន្តរជាតិ
ថាក់ស៊ីន ត្រៀម​ប្តឹង​បក​ព្រះរាជអាជ្ញា​ថៃ ដែល​ចង់​ចោទប្រកាន់​លោក​ពីបទ​ប្រមាថ​ព្រះមហាក្សត្រ​
11, Oct 2017 , 9:06 am        
រូបភាព
ដោយ:
​ទំនងជា​ទ្រាំលែងបាន​ជាមួយនឹង​ការបន្ត​ធ្វើ​ទុក​បុក​ម្នេញ​តាមរយៈ​ប្រព័ន្ធតុលាការ អតីត​នាយករដ្ឋមន្ត្រី​ថៃ លោក​ថាក់ស៊ីន ស៊ីណា​វ៉ា​ត់ បាន​ចេញមុខ​ការពារ​ខ្លួន ពី​ការចោទប្រកាន់​របស់​តំណាង​ស្ថាប័ន​យុត្តិធម៌​ថៃ ។ អតីត​នាយករដ្ឋមន្ត្រី​រូបនេះ ថែមទាំង​ឲ្យ​មេធាវី​របស់លោក ដាក់​បណ្តឹង​ប្រឆាំង​ទៀតផង ។



​លោក ថាក់ស៊ីន ស៊ីណា​វ៉ាត នៅ​យប់​ថ្ងៃ​៨ តុលា បាន​ផ្ញើ​សារ​តាមរយៈ​គណនី Twitter របស់លោក​ថា លោក កំពុង​ពិចារណា​វិធានការ​ផ្នែក​ច្បាប់​តបត​នឹង​ជន​ទាំងឡាយណា ដែល​បាន​យកឈ្មោះ​របស់លោក​ទៅ​ភ្ជាប់​នឹង​បទល្មើស​ដែល​ប្រមាថ​ព្រះមហាក្សត្រ​ថៃ ។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន​ថៃ Bangkok Post ។​

​លោក​អតីត​នាយករដ្ឋមន្ត្រី ក៏បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖« ខ្ញុំ​សូម​អះអាងថា ខ្ញុំ​ពិតជា​មិនបាន​ស្គាល់​បុគ្គល​នោះទេ ហើយ​ខ្ញុំ​ក៏​មិន​ធ្លាប់​ទាំង​គិតពី​ការបំពាន​លើ​ស្ថាប័ន​ព្រះមហាក្សត្រ​ដែរ​»​។

​សូម​រម្លឹក​បន្តិច​ដែរ​ថា នៅ​ថ្ងៃ​០៦ តុលា​កន្លងទៅ អគ្គព្រះរាជអាជ្ញា​ថៃ លោក Khemchai Chutiwong បាន​អះអាងថា អតីត​នាយករដ្ឋមន្ត្រី​ថៃ​លោក ថាក់ស៊ីន ស៊ីណា​វ៉ា​ត់ ប្រឈម​នឹង​វិធានការ​ផ្លូវច្បាប់​ជាច្រើន រាប់បញ្ចូល​ទាំង​បទល្មើស​ប្រមាថ​ព្រះមហាក្សត្រ​ថៃ​។ លោក​អះអាង​បែប ជាមួយនឹង​ការសន្យា​ផងដែរ​ថា លោក​នឹង​សើរើ​បណ្តឹង​ជាច្រើន​ប្រឆាំងនឹង​លោក​ថាក់ស៊ីន ដែល​ត្រូវបាន​ព្យួរ​តាំងពី​លោក​អតីត​នាយករដ្ឋមន្ត្រី​រូបនេះ​ភៀសខ្លួន​ក្រៅប្រទេស ។​

​យ៉ាងណាក៏ដោយ តាមរយៈ​សារព័ត៌មាន Bangkok Post ដដែល ប្រភព​ស្និទ្ធ​នឹង​លោក​ថាក់ស៊ីន បាន​អះអាងថា អតីត​នាយករដ្ឋមន្ត្រី បាន​ណែនាំ​ឲ្យ​មេធាវី​របស់លោក​ដាក់​ប​ណ្តឹ​ង​ប្រឆាំងនឹង​ព្រះរាជអាជ្ញា នៅ​ថ្ងៃ​ព្រហស្បតិ៍​ខាងមុខ​នេះដែរ​។

​សូមបញ្ជាក់ថា​លោក ថាក់ស៊ីន ត្រូវបាន​គេ​ទម្លាក់​ចេញពី​តំណែង ដោយ​រដ្ឋប្រហារ​យោធា​នៅ​ឆ្នាំ​២០០៦​។ ក្រោយមក លោក​ត្រូវបាន​តុលាការ​ថៃ​ចោទប្រកាន់​ពីបទ​ល្មើស​ព្រហ្មទណ្ឌ​ទៀតផង​៕


Tag:
 ថៃ​
  អាស៊ាន​
 ​ថាក់ស៊ីន ស៊ីណា​វ៉ា​ត់
© រក្សាសិទ្ធិដោយ thmeythmey.com