អន្តរជាតិ
ឌូ​ទើ​តេ ប្រកាសថា ក្រុង​ម៉ា​រ៉ាវី​ត្រូវបាន​រំដោះ​ពី​បណ្តាញ​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​ទាំងស្រុង​ហើយ​
17, Oct 2017 , 3:39 pm        
រូបភាព
រូបភាព៖ABS-CBN
រូបភាព៖ABS-CBN
ដោយ: ថ្មីៗ
​ប្រធានាធិបតី​ហ្វីលីពីន​លោក រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ បានប្រកាសថា យុទ្ធនា​ការរំដោះ​ក្រុង ម៉ា​រ៉ាវី​(Marawi) ដែល​ស្ថិតក្រោម​ការកាន់កាប់រ​បស់​ក្រុម​ភេរវជន​ដែ​ស្ហ​ឬ​ក្រុម​រដ្ឋ​ឥស្លាម​អស់ ៥ ខែ​មក​នោះ ត្រូវបាន​រំដោះ​ហើយ​។ ការប្រកាស​នេះ​កើតឡើង​បន្ទាប់ពី​មេខ្លោង​ក្រុម​ភេរវជន Isnilon Hapilon ត្រូវបាន​ទាហាន​ហ្វីលីពីន​សម្លាប់​។​



«​លោក​លោកស្រី​អ្នកនាង​កញ្ញា​ទាំងអស់ ខ្ញុំ​សូម​ប្រកាសថា ក្រុង​ម៉ា​រ៉ាវី ត្រូវបាន​រំដោះ​ពី​ក្រុម​ភេរវជន​ដែ​ស្ហ​ហើយ​»​។ នេះ​ជាការ​ប្រកាស​របស់​ប្រធានាធិបតី​ហ្វីលីពីន លោក រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ​នៅ​ថ្ងៃ​អង្គារ​ទី ១៧ តុលា​នេះ​។
 
​ទីភ្នាក់ងារ​ព័ត៌មាន AFP ផ្សាយ​ថា ប្រធានាធិបតី​ហ្វីលីពីន​បានប្រកាស​ពី​ជ័យជម្នះ​នេះ រយៈពេល​ប្រាំ​ខែក្រោយ​ពេលដែល​ក្រុម​ភេរវជន Maute ស្មោះស្ម័គ្រ​ក្រុម​ដែ​ស្ហ ឬ​ក្រុម​រដ្ឋ​ឥស្លាម​នោះ​វាយ​ដណ្តើម​កាន់កាប់​។ មនុស្ស​មិនតិចជាង មួយ​ពាន់​នាក់​ឡើយ​ដែល​បាន​ស្លាប់​ក្នុងការ​ប្រយុទ្ធ​គ្នា ហើយ​ជាង បួន​សែន​នាក់​បាន​បាត់បង់​ជម្រក​និង​រត់​ភៀសខ្លួន​។ 
 
​យ៉ាងណាក៏ដោយ បន្ទាប់ពី​ប្រធានាធិបតី​ហ្វីលីពីន​ប្រកាស​ពី​ការដណ្តើម​បាន​ទីក្រុង​មកវិញ​ពី​កណ្តាប់ដៃ​ភេរវជន តំណាង​ទាហាន​ហ្វីលីពីន​បាន​បកស្រាយ​ថា សង្គ្រាម​នឹង​នៅ​បន្ត​ទៅមុខ​ដោយសារ​មាន​ភេរវជន​ប្រហែល ៣០​នាក់ រួមជាមួយ​ចំណាប់ខ្មាំង​ប្រហែល ២០​នាក់​ស្ថិតនៅក្នុង​ទីតាំង​មួយនា​ទីក្រុង​ម៉ា​រ៉ាវី​នៅឡើយ​។

​អ្នកនាំពាក្យ​ក្រុម​យោធា Restituto Padilla បានបញ្ជាក់​ដូច្នេះ​ថា​៖ ការប្រកាស​របស់​ប្រធានាធិបតី​គឺ​ផ្តល់​ការ​អនុ​ញ្ញា្យ​មានការ​ចូល​ត្រឡប់ និង​កសាង​ទីក្រុង​ម៉ា​រ៉ាវី​ដែល​រង​ការបំផ្លិចបំផ្លាញ​ស្ទើរ​ទាំងស្រុង​ឡើងវិញ​»​។​

​ការ​ឈានទៅ​ប្រកាស​ពី​ការរំដោះ​ទីក្រុង​មកវិញ​របស់​រដ្ឋាភិបាល​ហ្វីលីពីន​នេះ តាមពិតទៅ​កើតឡើង​ក្រោយ​ពេលដែល​រដ្ឋមន្ត្រី​ការពារជាតិ​ហ្វីលីពីន​ប្រកាសថា មេខ្លោង​ក្រុម​ភេរវជន និង​តំណាង​ក្រុម​ភេរវជន​ដែ​ស្ហ​ប្រចាំ​អាស៊ីអាគ្នេយ៍ Isnilon Hapilon ត្រូវបាន​យោធា​ហ្វីលីពីន​សម្លាប់​ដោយ​ជោគជ័យ​នោះ​។​

​សូម​រម្លឹក​ផងដែរ​ថា ថ្ងៃ​២៣ ខែឧសភា ក្រុម​ភេរវជន Maute ដែលមាន​ភក្តីភាព​ចំពោះ​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម ឬ​ក្រុម​ដែ​ស្ហ​នោះបាន​វាយប្រហារ​និង​ដណ្តើម​កាន់កាប់​ទីក្រុង​ម៉ា​រ៉ាវី​ស្ថិតនៅ​កោះ​មិន​ដា​ណាវ​។ ក្រោយ​ការវាយប្រហារ កងកម្លាំង​សន្តិសុខ​ហ្វីលីពីន​បាន​បន្ត​ហ៊ុមព័ទ្ធ និង​ប្រយុទ្ធ​សស្រាក់សស្រាំ​ដើម្បី​កម្ចាត់​ក្រុម​ភេរវជន​។ គេ​ឃើញ​មានការ​ប្រើប្រាស់​ការបាញ់​ផ្លោង​កាំភ្លើង​ធំ និង​វាយប្រហារ​តាមផ្លូវ​អាកាស​រៀងរាល់​ថ្ងៃ​ផងដែរ​ចាប់ពីពេលនោះ​មក​ដើម្បី​បោសសម្អាត​ភេរវជន​។​


Tag:
 រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ​
  ហ្វីលីពីន​
  ដែ​ស្ហ​
  Marawi
  Isnilon Hapilon
© រក្សាសិទ្ធិដោយ thmeythmey.com