ជាតិ
​​​ន​យោ​បាយ​ជាតិ​
ការកែ​ច្បាប់ ដើម្បី​យក​កៅអី​នៃ​បក្ស ដែល​ត្រូវ​រំលាយ ទៅ​ឲ្យ​បក្ស​ដទៃ ឆ្លង​ផុត​ការយល់ព្រម​ពី​គ្រប់​ស្ថាប័ន​ហើយ
24, Oct 2017 , 8:26 pm        
រូបភាព
លោក អ៊ុនឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ (កណ្តាល) ដឹកនាំកិច្ចប្រជុំនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២0១៧ ដើម្បីពិនិត្យនិងអនុម័តលើសេចក្តីស្នើសុំឲ្យកែច្បាប់ចំនួន៤ ទាក់ទងនឹងការយកអាសនៈនៃគណបក្ស ដែលត្រូវរំលាយ ទៅឲ្យគណបក្សដទៃ។ រូបភាពពីក្រុមប្រឹក្សាធម្មនុញ្ញ
លោក អ៊ុនឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ (កណ្តាល) ដឹកនាំកិច្ចប្រជុំនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២0១៧ ដើម្បីពិនិត្យនិងអនុម័តលើសេចក្តីស្នើសុំឲ្យកែច្បាប់ចំនួន៤ ទាក់ទងនឹងការយកអាសនៈនៃគណបក្ស ដែលត្រូវរំលាយ ទៅឲ្យគណបក្សដទៃ។ រូបភាពពីក្រុមប្រឹក្សាធម្មនុញ្ញ
​​ភ្នំពេញ​៖ សេចក្តីស្នើសុំ​ឲ្យ​កែ​ច្បាប់​ចំនួន​៤ ដែលមាន​ខ្លឹមសារ​ជារួម​ថា​«​បើ​បក្ស​ណាមួយ ត្រូវបាន​រំលាយ រាល់​អាសនៈ​នៃ​គណបក្ស​នោះ ត្រូវ​បែងចែក​ទៅ​ឲ្យ​គណបក្ស​ដទៃ​» ត្រូវបាន​ក្រុម​ប្រ​ក្សា​ធម្មនុញ្ញ បើក​កិច្ចប្រជុំ ហើយ​អនុម័តគាំទ្រ នៅ​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២0១៧​នេះ​។ ក្រុមប្រឹក្សាធម្មនុញ្ញ​បញ្ជាក់ថា សេចក្តីស្នើច្បាប់​ទាំងនោះ គឺ​ស្រប​នឹង​រដ្ឋធម្មនុញ្ញ​។



​ក្រុមប្រឹក្សាធម្មនុញ្ញ ជា​ស្ថាប័ន​ចុងក្រោយ ដែលមាន​ដែន​សមត្ថកិច្ច​ក្នុងការ​ពិនិត្យ​សេចក្តីស្នើសុំ​ឲ្យ​កែ​ច្បាប់​ទាំង​៤ បន្ទាប់ពី​ឆ្លងកាត់​ការអនុម័ត​ជា​បន្ត​បន្ទាប់ពី​រដ្ឋសភា​និង​ព្រឹទ្ធសភា​។ ជា​នីតិវិធី ក្រោយ​រដ្ឋសភា ព្រឹទ្ធសភា និង​ក្រុមប្រឹក្សាធម្មនុញ្ញ ពិនិត្យ​និង​អនុម័ត​ចប់សព្វគ្រប់ សេចក្តីស្នើសុំ​ឲ្យ​កែ​ច្បាប់​ទាំង​៤​នេះ ត្រូវ​ថ្វាយទៅ​ព្រះមហាក្សត្រ ដើម្បី​ព្រះអង្គ​ឡាយព្រះហស្ត ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​។

​ច្បាប់​ទាំង​៤ ដែល​ត្រូវបាន​កែប្រែ​ក្រោម​គំនិត​ផ្តួចផ្តើម​របស់​ក្រុមតំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា រួមមាន ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​ក្រុមប្រឹក្សាឃុំ សង្កាត់ និង​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ​៕





Tag:
 ច្បាប់
  ចែកអាសនៈ
  CCC
© រក្សាសិទ្ធិដោយ thmeythmey.com