អត្ថបទពាណិជ្ជកម្ម
SCG បរិច្ចាគ​ទឹកប្រាក់ ៧ ម៉ឺន​ដុល្លារ​ដើម្បី​គាំទ្រ​ដល់​ការអភិវឌ្ឍ​កីឡាបាល់ទាត់​នៅ​កម្ពុជា
26, Oct 2017 , 3:46 pm        
រូបភាព
​រាជធានី​ភ្នំពេញ ថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០១៧ - ក្រុមហ៊ុន អេស​ស៊ីជី (SCG) ជា​សាជីវកម្ម​ឈានមុខ​គេ​មួយ​នៅក្នុង​តំបន់​អាស៊ាន​បាន​បរិច្ចាគ​ទឹកប្រាក់​ដ​ល់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា (FFC) នៅក្នុង​ពិធី​ដែល​បានរៀបចំ នៅ​រាជធានី​ភ្នំពេញ ដែល​ការបរិច្ចាគ​នេះ​គឺជា​ផ្នែក​មួយ​នៃ​កម្មវិធី​មនុស្សធម៌ SCG Muangthong United ASEAN Tour ឆ្នាំ​២០១៧  ហើយ​នេះ​ក៏​ជាការ​ប្ដេជ្ញាចិត្ត​មួយផ្នែក​របស់​ក្រុមហ៊ុន​ក្នុងការ​លើកស្ទួយ​វិស័យ​កីឡាបាល់ទាត់​នៅក្នុង​ប្រទេស​កម្ពុជា​ផងដែរ​។

​នៅក្នុង​ពិធី​នោះ មានការ​អញ្ជើញ​ចូលរួម​ជា​អធិបតី​ពី​សំណាក់​ឯកឧត្តម សៅ សុខា ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា និង​លោក ប្រា​រ៉ា​ម៉េ​ត ភី​ម​ផា​ប៊ូ​ត (Praramate Pimpaboote) ប្រធាន​រោងចក្រ​កំពត​ស៊ី​មេន ខូ អិ​ល​ធី​ឌី ដែលជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់ អេស​ស៊ីជី​។ ការបរិច្ចាគ​នោះ​គឺមាន​ទំហំ​ទឹកប្រាក់​ប្រមាណ ២៨០,០០០,០០០ រៀល (៧០,០០០ ដុល្លារ​សហរដ្ឋអាមេរិក​) ដែល​បានមកពី​ការលក់​សំបុត្រ និង​អាវយឺត​អំឡុងពេល​ការប្រកួត​បាល់ទាត់​មិត្តភាព​រវាង​ក្រុមបាល់ទាត់ SCG Muangthong United និង​ក្រុមចម្រុះ​កម្ពុជា K-Cement Cambodian All Stars កាលពី​ខែកក្កដា កន្លងទៅនេះ​។



​នៅក្នុង​ពិធី​ប្រគល់​នោះ ឯកឧត្តម សៅ សុខា បាន​កោតសរសើរ​ដល់​ក្រុមហ៊ុន SCG សម្រាប់​ការគាំទ្រ​ជា​បន្តបន្ទាប់​ដល់​វិស័យ​កីឡាបាល់ទាត់​នៅ​កម្ពុជា ហើយ​បាន​មានប្រសាសន៍ថា ទឹកប្រាក់​នេះ​នឹង​រួមចំណែក​ដល់​ការអភិវឌ្ឍន៍​កីឡាបាល់ទាត់​កម្ពុជា​ផងដែរ​។ ឯកឧត្តម​បាន​មានប្រសាសន៍ថា ថវិកា​នេះ​នឹងត្រូវ​បាន​យកទៅ​ប្រើប្រាស់​នៅក្នុង​គម្រោង “​សាលា​បាល់ទាត់​ថ្នាល​” ទូទាំងប្រទេស​កម្ពុជា ដែល​គ្រោង​ចំណាយ​ទឹកប្រាក់​ខ្ទង់លាន​ដុល្លារ​។ តាមរយៈ​ការសហការ​ជាមួយនឹង​ក្រសួង​អប់រំ យុវជន និង​កីឡា និង​តាមរយៈ​ប្រាក់​ជំនួយ​ឧបត្ថម្ភ​នានា  គម្រោង​នេះ​មានបំណង​បង្កើត​ទីលាន​បាល់ទាត់ នៅតាម​សាលារៀន  ក៏ដូចជា​ផ្ដល់ប្រាក់​បៀវត្សរ៍​ដល់​គ្រូបង្វឹក និង​បណ្ដុះបណ្ដាល​អាជ្ញាកណ្ដាល​ទូទាំងប្រទេស ហើយ​គម្រោង​នេះ​បានចាប់ផ្ដើម​នៅ ដើមឆ្នាំ ២០១៧ នឹង​គ្រោង​ដំណើរការ​រយៈពេល​ពីរ​ឆ្នាំ​។​

​ឯកឧត្តម សៅ សុខា បាន​មានប្រសាសន៍ថា​៖ “​ខ្ញុំ​ក្នុងនាម សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ក្នុងនាម​កីឡាករ ក្នុងនាម​អ្នកគាំទ្រ​កី​ឡ​គា​បាល់ទាត់ និយាយ​ដោយ​ខ្លី​ក្នុងនាម​មហា​គ្រួសារ​បាល់ទាត់ ខ្ញុំ​ពិតជា​មានការ​សប្បាយរីករាយ ជាមួយនឹង​ការចូលរួម​ឧបត្ថម្ភ​របស់​ក្រុមហ៊ុន SCG …...​ការឧបត្ថម្ភ​នេះ​គឺ​សម្រាប់​សាលា​កីឡាបាល់ទាត់​ដែល​យើង​សហការ​ជាមួយនឹង​ក្រសួង​អប់រំ​យុវជន​និង​កីឡា​អភិវឌ្ឍ​នៅ​ទាំង ២៥ រាជធានី​-​ខេត្ត​”​។



​លោក ប្រា​រ៉ា​ម៉េ​ត ភី​ម​ផា​ប៊ូ​ត បាន​អបអរសាទរ​ដល់​សហ​ព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​ដែល​បានសម្រេច​នូវ​សមិទ្ធផល​នានា​ក្នុងការ​អភិវឌ្ឍ​វិស័យ​កីឡាបាល់ទាត់​កម្ពុជា​ឲ្យ​រីកចម្រើន​ទៅមុខ ជាពិសេស​តាមរយៈ​ជោគជ័យ​នាពេល​កន្លងមក​នៅលើ​ឆាក​អន្តរជាតិ​។ លោក​សង្ឃឹមថា ទឹកប្រាក់​បរិច្ចាគ​នេះ​នឹង​ជួយ​អភិវឌ្ឍ​វិស័យ​កីឡាបាល់ទាត់​កម្ពុជា​ឲ្យ​រីកចម្រើន​មួយកម្រិត​ទៀត​។

​លោក ប្រា​រ៉ា​ម៉េ​ត ភី​ម​ផា​ប៊ូ​ត បាន​មានប្រសាសន៍ថា​៖ “​ដោយ​មើលឃើញថា កីឡាបាល់ទាត់​គឺជា​គន្លឹះ​សម្រាប់​ការគាំទ្រ​ដល់​ការអភិវឌ្ឍន៍​យុវជន​នៅ​កម្ពុជា ដូច្នេះហើយ​ទើប​ក្រុមហ៊ុន អេស​ស៊ីជី មាន​មោទនភាព​ក្នុងការ​សហការ​ជាមួយនឹង​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា និង​ភាគី​ពាក់ព័ន្ធ​ផ្សេងទៀត​ដើម្បី​ជួយ​អភិវឌ្ឍ​ដល់​កីឡា​នេះ ។ ហើយ​ការបរិច្ចាគ​នា​ថ្ងៃនេះ​គឺជា​សក្ខីកម្ម​មួយទៀត​ដែល​បង្ហាញ​អំពី​ការប្ដេជ្ញាចិត្ត​របស់​យើង​ក្នុង​ការជួយ​អភិវឌ្ឍន៍​កីឡាបាល់ទាត់​។ ខណៈដែល​កីឡា​នេះ​ចេះតែមាន​ការពេញនិយម​កាន់តែខ្លាំង ហើយ​យុវជន​កាន់តែ​ច្រើនឡើង​កំពុងតែ​ងាក​មកលេង​ផង ដូច្នេះ​យើង​សង្ឃឹមថា នឹង​មើលឃើញ​កីឡាករ​កម្ពុជា​ខ្លាំងៗ​ទៅ​ថ្ងៃ​អនាគត​”​។​



​ជា​ផ្នែក​មួយ​នៃ​គម្រោង​គាំទ្រ​ដល់​វិស័យ​បាល់ទាត់​នៅ​កម្ពុជា​ផងដែរ​នោះ ក្រុមហ៊ុន​អេស​ស៊ីជី បានរៀបចំ​នូវ​ការប្រកួត​បាល់ទាត់​មិត្ត​ភាពជា​ហូរហែរ​រវាង​ក្លឹប​បាល់ទាត់ SCG Muangthong United និង​ក្រុម​កីឡាករ​បាល់ទាត់​ចម្រុះ​កម្ពុជា K-Cement Cambodian All Stars​។

​ទន្ទឹមនឹងនេះ ក្រុមហ៊ុន​អេស​ស៊ីជី ក៏​កំពុង​សហការ​ជាមួយនឹង​ក្លឹប​បាល់ទាត់​អាជីព​មួយ​នៅ​កម្ពុជា ក្នុងការ​រៀបចំ​វគ្គ​ហ្វឹកហាត់​បាល់ទាត់​សម្រាប់​យុវជន​កម្ពុជា​នៅតាម​បណ្ដារ​ខេត្ត​មួយចំនួន ក៏ដូចជា​រាជធានី​ភ្នំពេញ តាមរយៈ​គម្រោង “Kick and Share by SCG” ។ ក្នុង​គម្រោង​នេះ កុមារ និង​យុវជន​មានឱកាស​បាន​រៀន​នូវ​ជំនាញ​ត្រឹមត្រូវ​ក្នុង​ការលេង​បាល់ទាត់ ជាមួយនឹង​គ្រូបង្វឹក​ចំណានៗ និង​កីឡាករ​បាល់ទាត់​អាជីព ដើម្បី​អភិវឌ្ឍ​ជំនាញ​បាល់ទាត់​របស់ខ្លួន​។





​អំពី​ក្រុមហ៊ុន អេស​ស៊ីជី (SCG)
​ក្រុមហ៊ុន អេស​ស៊ីជី គឺជា​សាជីវកម្ម​ឈានមុខ​គេ​មួយ​នៅ​តំបន់​អាស៊ាន ដែលមាន​អាជីវកម្ម​ស្នូល​ចំនួន​បី​គឺ ស៊ីម៉ង់ត៍ និង​សម្ភារៈ​សំណង់ ឧស្សាហកម្ម​សារធាតុ​គីមី និង​ឧស្សាហកម្ម​ក្រដាស ។ ជាមួយនឹង​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ជាង ២០០ នៅក្រោម  ឆ័​ត្រ​របស់ខ្លួន និង​និយោជិត​ប្រមាណ ៥​ម៉ឺន​៧​ពាន់​នាក់ នៅ​ទូទាំង​តំបន់​អាស៊ាន ក្រុមហ៊ុន អេស​ស៊ីជី បង្កើត និង​ចែកចាយ​ផលិតផល និង​សេវាកម្ម​មានគុណ​ភាព ស្របតាម​តម្រូវការ​បច្ចុប្បន្ន និង​អនាគត​របស់​អតិថិជន​។​

​ក្រុមហ៊ុន អេស​ស៊ីជី មាន​វត្ត​មាននៅ​កម្ពុ​ជាជាង ២០​ឆ្នាំ មកហើយ ដែល​រួមបញ្ចូល​ក្រុមហ៊ុន​ចំនួន ៧ គឺ ក្រុមហ៊ុន​កំពត​ស៊ីម៉ង់ត៍ ខូ​អិ​ល​ធី​ឌី ក្រុមហ៊ុន អេស​ស៊ីជី ខន​គ្រី​ត រូ​ហ្វ ខូ​អិ​ល​ធី​ឌី ក្រុមហ៊ុន ស៊ី​ផេ​ក ខេ​ម​បូ​ឌា ខូ​អិ​ល​ធី​ឌី  ក្រុមហ៊ុន ស៊ី​ផេ​ក Plank (​ខេ​ម​បូ​ឌា​) ខូ​អិ​ល​ធី​ឌី ក្រុមហ៊ុន ណា​វ៉ា​ផ្លា​ស្ទិ​ក ខូ​អិ​ល​ធី​ឌី ក្រុមហ៊ុន អេស​ស៊ីជី ត្រេ​ឌី​ង (​ខេ​ម​បូ​ឌា​) ខូ​អិ​ល​ធី​ឌី និង​ក្រុមហ៊ុន អេស​ស៊ីជី ឡូ​ជី​ស្ទិ​ក ខេ​ម​បូ​ឌា ខូ​អិ​ល​ធី​ឌី ។  ផលិតផល​របស់​ក្រុមហ៊ុន អេស​ស៊ីជី រួមមាន​សម្ភារៈ​សំណង់​ជាច្រើន​ប្រភេទ​ទៅតាម​តម្រូវការ នៃ​ការកសាង​គេហដ្ឋាន និង​អគារ​ផ្សេងៗ ក្នុងនោះ​រួមមាន ស៊ីម៉ង់ត៍ អេស​ស៊ីជី  ស្មា​តបត អេស​ស៊ីជី  ស្មា​ត​វូត អេស​ស៊ីជី បេតុង​លាយ​ស្រេច អេស​ស៊ីជី ទុយោ អេស​ស៊ីជី  និង​ស៊ីម៉ង់ ខេ ស៊ី​មេន ។

(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com