អន្តរជាតិ
ទូត​អាមេរិក​៖ អវត្តមាន​លោក ត្រាំ ក្នុង​កិច្ចប្រជុំ​អាស៊ី​បូព៌ា​មិន​បញ្ជាក់​ជំហរ​អាមេរិក​ចំពោះ​តំបន់​អាស៊ី​ឡើយ​
27, Oct 2017 , 2:03 pm        
រូបភាព
​បេសកជន​អាមេរិក​ប្រចាំ​ហ្វីលីពីន​អះអាងថា ការសម្រេច​មិន​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា​របស់​ប្រធានាធិបតី​អាមេរិក​ពាក់ព័ន្ធ​ការរៀបចំ​កាលវិភាគ​សុទ្ធសាធ​មិនមែន​ពាក់ព័ន្ធ​ជំហរ​របស់​អាមេរិក​ចំពោះ​តំបន់​ឡើយ​។ អាមេរិក​នៅតែ​ប្តេជ្ញាចិត្ត​រក្សា​ជំហរ​ឥត​ងាករេ​ដើម្បី​ព​ង្រឹ​ទំនាក់ទំនង​ជាមួយ​ប្រទេស​ក្នុង​តំបន់​ដដែល​។



​លោក ដូ​ណា​ល់ ត្រាំ សម្រេច​មិន​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា​ដែល​នឹង​ចាប់​ផ្តើមឡើង​នៅ​ថ្ងៃ ១៤ ខែវិច្ឆិកា​នៅ​ហ្វីលីពីន​ឡើយ បើទោះជា​លោក​ចូល​កិច្ច​កិច្ចប្រជុំ​កំពូល​អាមេរិក​អាស៊ាន​នៅ​ទីនោះ​ក្តី​។ ទាក់ទិន​ការសម្រេចចិត្ត​នេះ ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​ក្រុង​ម៉ានីល បាន​អះអាងថា ការសម្រេច​នេះ​មិន​ទាក់ទង​នឹង​ជំហរ​របស់​រដ្ឋបាល​អាមេរិក​ចំពោះ​តំបន់​អាស៊ី​ឡើយ​។​

​ទីភ្នាក់ងារ​ព័ត៌មាន GMA បាន​ស្រង់​សម្តី​អគ្គរដ្ឋទូត​អាមេរិក​លោក Sung Kim ដូច្នេះ​ថា​៖ ហេតុផល​សំខាន់​ជាងគេ គឺ​លោក​ប្រធានាធិបតី​ត្រូវ​ត្រឡប់​ទៅ​វ៉ាស៊ីនតោន​នៅ​ថ្ងៃ ១៤ ខែវិច្ឆិកា​។ ហេតុនេះហើយ​លោក​មិនអាច​ចូលរួម​ក្នុង​កិច្ចប្រជុំ​អាស៊ី​បូព៌ា​បានឡើយ​»​។

​វា​ជា​ជា​បញ្ហា​កាលវិភាគ​នៃ​ដំណើរ​ទស្សនកិច្ច​សុទ្ធសាធ​។ ខ្ញុំ​មិន​យល់ថា ការដែល​ប្រធានាធិបតី​មិនអាច​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា មិនមែន​ឆ្លុះ​បញ្ចាំ​ឲ្យ​ឃើញ​ពី​ការប្តេជ្ញាចិត្ត​ឬ​ឆន្ទៈ​របស់​យើង​ចំពោះ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ឡើយ​»​។

​ការផ្តល់​ចម្លើយ​បកស្រាយ​របស់​បេសកជន​ការទូត​ក្រុង​វ៉ាស៊ីនតោន​នេះ ធ្វើឡើង​ក្រោយ​មានការ​រិះគន់ និង​វាយតម្លៃថា ការមិន​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ី​ប៉ាស៊ីហ្វិក​គឺ​ដោយសារ​លោក ត្រាំ មិនសូវ​ចាប់អារម្មណ៍​តំបន់​អាស៊ី​ដូច​លោក បា​រ៉ា​ក់ អូ​បា​ម៉ា​ឡើយ​។

​តាមពិតទៅ កិច្ចប្រជុំ​អាស៊ី​បូព៌ា​មេដឹកនាំ​អាស៊ាន​ទាំង​ដប់ រួមជាមួយ​មេដឹកនាំ​ប្រ​ទស​ធំៗ​ក្នុង​តំបន់​ប្រាំបី​ផ្សេងទៀត​ក្នុងនោះ​មាន​មេដឹកនាំ​កូរ៉េខាងត្បូង រុស្ស៊ី អូស្ត្រាលី ជប៉ុន ឥណ្ឌា នូ​វែ​ល​សេ​ឡង់ ចិន និង​សហរដ្ឋអាមេរិក​ផងដែរ​។​

​ពេល​ស្ថិតនៅ​ប្រទេស​ហ្វីលីពីន​ពីថ្ងៃ ១២​ដល់​ថ្ងៃ ១៣ វិច្ឆិកា លោក ត្រាំ នឹងចូលរួម​ក្នុង​កិច្ចប្រជុំ​អាមេរិក អាស៊ាន ហើយ​តំណាង​របស់លោក​ផ្ទាល់​នឹងចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា​ជំនួស​លោក​វិញ​នៅ​ថ្ងៃ ១៤ ខែវិច្ឆិកា​។ ក្នុងពេល​នោះដែរ លោក ត្រាំ នឹង​ជួបពិភាក្សា​ទ្វេភាគី​ជាមួយ​ប្រធានាធិបតី​ហ្វីលីពីន និង​ជា​ប្រធាន​អាស៊ាន​ប្តូរ​វេន លោក រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ ដោយ​ផ្តោតលើ​ទំនាក់ទំនង​ទ្វេភាគី​ផង បញ្ហា​វិបត្តិ​នុយក្លេអ៊ែរ​កូរ៉េខាងជើង បញ្ហា​សន្តិសុខ​សមុទ្រ និង​ការប្រឆាំង​ភេរវកម្ម​ជាដើម​ផងដែរ​។​

​ទោះជា​លោក ត្រាំ មិនបាន​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា​ក្តី វត្តមាន​របស់លោក​នៅ​អាស៊ី​ជាពិសេស​តំបន់​អាស៊ីអាគ្នេយ៍​បង្ហាញ​ឲ្យ​ឃើញច្បាស់​ពី​ការប្តេជ្ញាចិត្ត​របស់​អាមេរិក​ក្នុង​ការបន្ត​ទំនាក់ទំនង​ជាមួយ​សម្ព័ន្ធ​មិត្ត និង​ដៃគូ​ក្នុង​តំបន់ និង​ដើម្បី​ធានា​សន្តិភាព ស្ថិរភាព​ក្នុង​តំបន់​។ លោក​នឹង​ជួបពិភាក្សា​ជាមួយ​នាយករដ្ឋមន្ត្រី​ជប៉ុន ស៊ីន​ហ្សូ អា​បេ ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង ប្រធានាធិបតី​វៀតណាម Tran Dai Quang និង​ប្រធានាធិបតី​ហ្វីលីពីន រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ ដែលជា​ប្រធាន​អាស៊ាន​ផងដែរ​៕

Tag:
 អាស៊ី​ប៉ាស៊ីហ្វិក​
  ដូ​ណា​ល់ ត្រាំ​
  រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ​
  Sung Kim
© រក្សាសិទ្ធិដោយ thmeythmey.com