អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
​គំនិត​យោ​បាយ​«​ប្រព័ន្ធ​សង្គមនិយម​មាន​ចរិតលក្ខណៈ​បែប​ចិន​» របស់លោក ស៊ី ជិន​ភីង បំភ្លឺ​ផ្លូវ​សម្រាប់​អនាគត​ចិន​
29, Oct 2017 , 7:39 pm        
រូបភាព
ដោយ:
 ​ពិភពលោក​ទាំងមូល​ក្រឡេកមើល​មហាសន្និបាត​បក្ស​កុម្មុយនីស្ត​ចិន​លើក​ទី ១៩ ដែល​ទើប​បញ្ចប់ទៅ​ថ្មីៗ ដោយ​គេ​រំពឹងថា​នឹង​អាច​រៀនសូត្រ​បាន​ពី​ផ្លូវ​អនាគត​របស់​បក្ស​កុម្មុយនីស្ត និង​ស្វែងយល់​ឲ្យ​បាន​ថា ចិន និង​ពិភពលោក​ទាំងមូល​នឹងធ្វើ​ដំណើរ​ទៅណា​ពេលអនាគត​។​

 
​ប្រធានាធិបតី​រុស្ស៊ី វ្ល៉ា​ឌី​មៀ ពូ​ទីន ទទួលស្គាល់ថា ប្រធានាធិបតី​ចិន​សុន្ទរកថា​របស់លោក ស៊ី ជិន​ភីង (Xi Jinping) ប្រាប់​ទៅកាន់​មហាសន្និបាត និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​កន្លងមក​នោះបាន​បញ្ជាក់​ច្បាស់​ថា ចិន​បន្ត​ប្រឹងប្រែង​ដើម្បី​អភិវឌ្ឍ​អនាគត​។ 
 
​គណបក្ស​កុម្មុយនីស្ត​ចិន​ឯណោះ​វិញ​ក៏​ទទួលបាន​តម្លៃ​និង​ការគោរព​ពិភពលោក ដោយ​បន្ត​ប្រឈម​នឹង​អនាគត និង​ទទួលខុសត្រូវ​ដោះស្រាយ​បញ្ហា​។ លោក Zheng Yongnian នាយក​វិទ្យាស្ថាន​អាស៊ី​បូព៌ា​នៃ​សាកលវិទ្យាល័យ​ជាតិ​សិង្ហ​បុរី​បានបញ្ជាក់​ក្នុង​សំណេរ​របស់ខ្លួន​ថា​៖« និយាយ​ឲ្យ​សាមញ្ញ គណបក្ស​កុម្មុយនីស្ត​ចិន​មិន​ត្រឹមតែ​ជា​គណបក្សកាន់អំណាច​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​ជា​គណបក្ស​ដែលមាន​បេសកកម្ម​មួយ​ផង​។ បើតាម​ទ្រឹស្តី និង​បទពិសោធន៍​នយោបាយ គណបក្ស​កុម្មុយនីស្ត​ចិន​ជា​បក្ស​ដែល​ចាស់ទុំ​ពេល​ប្រៀបធៀប​ជាមួយ​គណបក្សនយោបាយ​នានា​លើ​ពិភពលោក​»​។​
 
​សុន្ទរកថា​នៅពេល​បើក​មហាសន្និបាត​បក្ស​កុម្មុយនីស្ត​ចិន​លើក​ទី ១៩ របស់​ប្រធានាធិបតី​ដែល​ផ្តោត​សំខាន់​លើ​ប្រព័ន្ធ​ដឹកនាំ «​សង្គមនិយម​ដោយមាន​ច​រិ​ក​លក្ខណៈ​បែប​ចិន​សម្រាប់​សម័យកាល​ថ្មី​» (Socialism with Chinese Characteristics for a New Era)  នោះ បានបង្ហាញ​ពិភពលោក​យ៉ាងច្បាស់​ពី​ផ្លូវ​ដើរ​របស់​ចិន​ទៅ​ពេលអនាគត​ក្នុង​យុគសម័យ​ថ្មី​នេះ​។ វា​ក៏​ជា​ផ្នែក​មួយ​នៃ​ការទទួលស្គាល់​របស់​ពិភពលោក​ទាំងមូល​ចំពោះ​ការលើកឡើង​របស់​ប្រធានាធិបតី​ចិន​ដែរ​។​
 
​សុន្ទរកថា​នោះ​មិន​ត្រឹមតែ​គូសបញ្ជាក់ និង​បក្ស​ស្រាយ​ពី​ចំណុច​សំខាន់ៗ ប្រាំបី​ស្តីពី​ប្រព័ន្ធ​សង្គមនិយម​មាន​ចរិតលក្ខណៈ​បែប​ចិន​សម្រាប់​យុគសម័យ​ថ្មី​ឡើយ វា​ក៏បាន​បញ្ជាក់​ច្បាស់​ពី​គោលការណ៍​មូលដ្ឋាន ១៤ ចំណុច​ដែល​បង្ហាញ​ពី​សកម្មភាព​ជាក់លាក់​ដើម្បី​អភិវឌ្ឍ​ប្រទេស​ចិន​ដែរ​។​
 
​តាមពិតទៅ គន្លឹះ​នៃ​ការផ្លាស់ប្តូរ និង​សមិទ្ធផល​ដែល​ចិន​ស​ម្រេ​បាន​ប្រាំ​ឆ្នាំ​មកនេះ​គឺ​ស្ថិតនៅលើ​ការចង្អុលបង្ហាញ និង​ណែនាំរ​បស់គោល​គំនិត​នយោបាយ​ថ្មី​ទាំងស្រុង​របស់លោក ស៊ី ជិន​ភីង​។​
 
​ពាក់ព័ន្ធ​បញ្ហា​នេះ​លោក  Stephen Perry ប្រធាន​ស្ថាប័ន 48 Group Club បានផ្តល់​យោបល់​ថា គំនិត​នយោបាយ​របស់​លោក ស៊ី ជីន​ភីង បង្កើតឡើង​ដោយ​ការច្របាច់បញ្ចូលគ្នា​រវាង​បទពិសោធន៍​នយោបាយ​ដែល​ចិន​ទទួលបាន​ពី​ប្រវត្តិសាស្ត្រ​ជាមួយ​មនោគមន៍វិជ្ជា​ម៉ាក និង​រួមជាមួយ​ស្ថានភាព​ជាក់ស្តែង​ដែល​ចិន​កំពុង​ជួបប្រទះ​ផង​។ ទាំងនេះហើយ​ទើប​ធ្វើ​ឲ្យ​គំនិត​នយោបាយ​ថ្មី​នេះ​នេះ​ឆ្លើយតប​ស្ថានភាព​ជាក់ស្តែង​។​
 
​យ៉ាងណាមិញ ក្នុងនាម​ជា​ប្រទេស​កំពុង​អភិវឌ្ឍ​ដែល​ធំជាងគេ​នៅលើ​ពិភពលោក ចិន​នឹង​រុករក​គំនិត​នយោបាយ​ថ្មី​ដែល​អាច​ធានាបាន​ពី​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង​អាច​កសាង​សង្គម​មួយ​ប្រកបដោយ​វិបុលភាព​បាន​។ 
 
​ដូច​ទស្សនវិទូ Friedrich Engels បានលើកឡើង​កន្លងមក ការស្វែងរក ឬ​ស្រាវជ្រាវ​គំនិត​នយោបាយ ឬ​ទ្រឹស្តី​នយោបាយ​មិនមាន​ទីបញ្ចប់​ឡើយ​។ ប្រព័ន្ធ​សង្គមនិយម​ប្រែប្រួល​រហូត ហើយ​វា​ប្រែប្រួល​តាម​សង្គម​ដូច​ប្រព័ន្ធ​នយោបាយ​ផ្សេងទៀត​ដែរ​។​
 
​ចំណែក​អតីត​ប្រធានាធិបតី​បារាំង​លោក នី​កូ​ឡា សា​កូ​ហ្ស៊ី (Nicolas Sarkozy) បាន​កោតសរសើរ​មេដឹកនាំ​ដឹក​ចិន​ដោយស្មោះ​ស្ម័គ្រ​អស់ពីដួងចិត្ត ដោយសារ​មេដឹកនាំ​ចិន​មាន​ទស្សនវិស័យ​វែងឆ្ងាយ និង​តែង​ប្រឹងប្រែង​ធ្វើយ៉ាងណា​ធានាថា គោលដៅ​ក្នុងការ​អភិវឌ្ឍ​របស់​ខ្លួន​ជោគជ័យ​។ នៅពេលដែល​ពិភពលោក​ស្ថិតក្នុង​ស្ថាន​ភាពមិនច្បាស់លាស់ ចិន​នៅ​បន្ត​បង្ហាញ​ពិភពលោក​ពី​ការប្រឹងប្រែង​របស់ខ្លួន​ឥតមាន​ងាករេ​ក្នុងការ​អភិវឌ្ឍ និង​ដោះស្រាយ​បញ្ហា​ពិភពលោក​៕
 

Tag:
 ចិន​
  ស៊ី ជិន​ភីង​
  CPC
© រក្សាសិទ្ធិដោយ thmeythmey.com