អន្តរជាតិ
សមាជិក​អាស៊ាន​ប្រាំបី ព្រម​ទទួល​ទី​ម័​រ​ខាងកើត នៅឡើយ​តែ​សិង្ហ​បុរី និង​មី​យ៉ាន់​ម៉ា​
30, Oct 2017 , 11:20 am        
រូបភាព
ដោយ:
​ទី​ម័​រ​ខាងកើត ប្តេជ្ញា​ពង្រឹងសមត្ថភាព​របស់​ខ្លួន​ដើម្បី​ក្លាយជា​សមាជិក​ពេញសិទ្ធិ​របស់​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ ។ រដ្ឋាភិបាល​ក្រុង​ឌី​លី ថែមទាំង​មាន​ទំនុក​ខ្ពស់​ក្នុងការ​អាច​ក្លាយជា​សមាជិក​អង្គការ​តំបន់​នេះ នាពេលខាងមុខ បើទោះបីជា​មិនទាន់​ទទួលបាន​ការគាំទ្រ​ជា​ឯកច្ឆន្ទ​ពី​សមាជិក​ចាស់​ទាំងអស់​ក៏ដោយ ។​



​លោកនាយក​រដ្ឋមន្ត្រី​ទី​ម័​រ​ខាងកើត Mari Alkatiri នៅ​ថ្ងៃ​២៦ តុលា បាន​អះអាងថា ទី​ម័​រ​ខាងកើត ទទួលបាន​ការគាំទ្រ​យ៉ាង​ពេញទំហឹង​ពី​ឥណ្ឌូណេស៊ី ម៉ាឡេស៊ី និង​បណ្តា​សមាជិក​អាស៊ាន​ផ្សេងទៀត​ក្នុងការ​ក្លាយជា​សមាជិក​អាស៊ាន លើកលែងតែ​សិង្ហ​បុរី និង​មី​យ៉ាន់​ម៉ា​ប៉ុណ្ណោះ​។ រដ្ឋាភិបាល​ទី​ម័​រ​ខាងកើត កំពុងតែបន្ត​នីតិវិធី​ចរចា​បន្ថែម​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន Bangkok Post ។

​លោកនាយក​រដ្ឋមន្ត្រីរ​ដ្ឋ​វ័យក្មេង​ជាងគេ​របស់​អាស៊ី​គ្នេ​យ៍​ដដែល​នោះ ក៏បាន​បន្ថែមទៀត​យ៉ាង​ដូច្នេះ​ថា​៖« ទី​ម័​រ​ខាងកើត នឹង​ព្យាយាម​ឲ្យ​អស់ពី​សមត្ថភាព​ដើម្បី​បាន​ចូលរួម​ជាមួយនឹង​អាស៊ាន ហើយ​ខ្ញុំ ជឿជាក់ថា ឆាប់ៗ​នេះ ទី​ម័​រ​ខាងកើត នឹង​ក្លាយជា​សមាជិក​ពេញលេញ​របស់​អាស៊ាន​ហើយ​»​។

​សូម​ជម្រាប​ផងដែរ​ថា សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ ឬ​ហៅ​កាត់​ថា អាស៊ាន បាន​បង្កើត​ឡើងជា​ផ្លូវការ​នៅ​ឆ្នាំ​១៩៦៧ ។ មកទល់​ជា​ពេលនេះ អង្គការ​អន្តររដ្ឋាភិបាល​មួយ​នេះ មាន​សមាជិក​សរុប​ទាំងអស់​១០​ប្រទេស រួមមាន ព្រុយ​ណេ កម្ពុជា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី មី​យ៉ាន់​ម៉ា ហ្វីលីពីន សិង្ហ​បុរី ថៃ និង​វៀតណាម ។

 ទី​ម័​រ​ខាងកើត បានទទួល​ឯករាជ្យ និង​ក្លាយជា​សមាជិក​អង្គការសហប្រជាជាតិ​នៅ​ឆ្នាំ​២០០២ ។ រដ្ឋ​ដែល​ពឹង​ផ្អែកលើ​ប្រេង​មួយ​នេះ បានដាក់​សំណើ​ដើម្បី​ទទួលបាន​សមាជិកភាព អាស៊ាន​នៅ​ឆ្នាំ​២០១១ ។ រយៈពេល​៦​ឆ្នាំ​មកនេះ ទី​ម័​រ​ខាងកើត កំពុង​ស្ថិតក្រោម​ការវាយតម្លៃ របស់​គណៈកម្មាធិការ​អាស៊ាន ថា​តើ ទី​ម័​រ​ខាងកើត មាន​លក្ខណៈ​ពេញលេញ ឬ​នៅ​សម្រាប់​ការ​ក្លាយ​សមាជិក​កូនពៅ​អាស៊ាន​ឬ​នៅ ៕


Tag:
 ទី​ម័​រ​ខាងកើត​
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com