អន្តរជាតិ
កូរ៉េខាងត្បូង​ឈប់​ពង្រាយ​ខែល​ការពារ THAAD ដើម្បី​រៀបចំ​ទស្សនកិច្ច​លោក មូ​ន ចេ​អ៊ី​ន ទៅ​ចិន​
30, Oct 2017 , 4:25 pm        
រូបភាព
រដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូង Kang Kyung-wha (រូបភាព៖ Xinhua)
រដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូង Kang Kyung-wha (រូបភាព៖ Xinhua)
​រដ្ឋមន្ត្រីការបរទេស​កូរ៉េខាងត្បូង Kang Kyung-wha បាន​ប្រាប់​សមាជិកសភា​ថា កូរ៉េខាងត្បូង​ឈប់​ពង្រាយ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល THAAD ទៀតហើយ​។ បើតាម​លោកស្រី Kang Kyung-wha មូលហេតុ​នៃ​ការផ្អាក​នេះ គឺ​ព្រោះតែ​កូរ៉េខាងត្បូង​មិន​ចង់​ចូលរួម​ក្នុង​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​របស់​អាមេរិក ហើយ​ទំនង​ដើម្បី​សម្រួល​ចិត្ត​ចិន មុន​ដំណើរ​ទស្សនកិច្ច​របស់​លោក​ប្រធានាធិបតី មូ​ន ចេ​អ៊ី​ន ព្រោះ​ចិន​តែង​ជំទាស់​ការពង្រាយ THAAD ដាច់ខាត​។​



​ទំនាក់ទំនង​រវាង​កូរ៉េខាងត្បូង និង​ចិន តែង​ជួប​បញ្ហា​រកាំរកូស​តាំងពីដើម​មក​។ ទំនាក់ទំនង​នេះ​កាន់តែ​មិនសូវ​ល្អ​នៅពេល​កូរ៉េខាងត្បូង​ពង្រាយ​ខែល​ការពារ​មី​ស៊ី​ល THAAD របស់​អាមេរិក ដើម្បី​ទុក​ការពារ​ខ្លួន​ប្រឆាំង​មី​ស៊ី​ល​របស់​កូរ៉េខាងជើង​។ ចិន​មិន​សប្បាយ​ចិត្តនឹង​សកម្មភាព​របស់​កូរ៉េខាងត្បូង​ឡើយ ទោះជា​កូរ៉េខាងត្បូង​ព្យាយាម​ពន្យល់ថា ការពង្រាយ THAAD គឺជា​ការការពារ​ខ្លួន​សុទ្ធសាធ មិនមែន​ប្រឆាំង​នរណា​ឡើយ​។​

​ក្រោយ​ការពង្រាយ​ប្រព័ន្ធ​ការពារ THAAD រួចមក​នោះ នៅ​ដើម​សប្ដាហ៍​នេះ ប្រមុខ​ការទូត​កូរ៉េខាងត្បូង​ក៏​ប្រកាសថា កូរ៉េខាងត្បូង​ឈប់​ទទួល​ប្រព័ន្ធ​ការពារ​របស់​អាមេរិក​ទៀតហើយ​។ រដ្ឋមន្ត្រីការបរទេស​កូរ៉េខាងត្បូង Kang Kyung-wha បាន​អះអាង​បែបនេះ​ក្នុង​កិច្ចប្រជុំ​ជាមួយ​សមាជិកសភា​នៅ​ថ្ងៃទី​៣០ ខែតុលា ដែល​ត្រូវបាន​ផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន Yonhap ។ លោកស្រី Kang ក៏​បញ្ជាក់ថា ក្រុង​សេ​អ៊ូ​ល​មិន​ចង់​ក្លាយជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​ការពារ​មី​ស៊ី​ល​របស់​ក្រុង​វ៉ាស៊ីនតោន​ឡើយ​។

​ការប្រកាស​របស់​រដ្ឋ​មន្ត្រី​ការបរទេស​រូប​នេះ ធ្វើឡើង​ក្រោយ​ចិន​តវ៉ា​ឥតឈប់ឈរ​ជុំវិញ​ការពង្រាយ​ប្រព័ន្ធ​ការពារ THAAD ដែល​ចិន​អះអាងថា បាន​ប៉ះពាល់​ផលប្រយោជន៍​របស់ខ្លួន និង​ប្រាប់​ឲ្យ​កូរ៉េខាងត្បូង​បញ្ឈប់​ការពង្រាយ​ជាបន្ទាន់​ផង​។ យ៉ាងណាក្ដី លោកស្រី Kang ក៏បាន​ប្រកាស​ជំហរ​របស់​កូរ៉េខាងត្បូង​ដែល​នៅតែ​ត្រូវការ THAAD ជា​ចាំបាច់​ដើម្បី​ការពារ​ខ្លួន​ពី​ការ​គំរាម​របស់​មី​ស៊ី​ល​កូរ៉េខាងជើង​តែប៉ុណ្ណោះ​។​

​អ្វី​គួរ​ឲ្យ​កត់សម្គាល់ ការផ្អាក​ពង្រាយ​នេះ ក៏មាន​គោលដៅ​សម្រួល​បរិយាកាស​នៃ​ទំនាក់ទំនង​កូរ៉េខាងត្បូង និង​ចិន ខណៈដែល​ភាគី​ទាំងពីរ​កំពុង​ចរចា​កំណត់ពេល​ទស្សនកិច្ចរ​បស់​លោក​ប្រធានាធិបតី មូ​ន ចេ​អ៊ី​ន ទៅកាន់​ចិន​។ ប្រមុខ​ការទូត​កូរ៉េខាងត្បូង​បាន​សមាជិកសភា​ដែរ​ថា កូរ៉េខាងត្បូង​កំពុង​ដុតដៃដុតជើង​ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​ដំណើរ​ទស្សនកិច្ច​លើកដំបូង​របស់លោក មូ​ន កើតឡើង​ក្នុង​ឆ្នាំ​២០១៧ នេះ​តែម្ដង​។ 

​ទោះ​ទំនាក់ទំនង​មិនសូវ​ល្អ​ក្ដី លោកស្រី Kang ក៏​និយាយ​ដែរ​ថា កូរ៉េខាងត្បូង និង​ចិន​នៅតែ​បន្ត​ទាក់ទង​គ្នា​នៅ​គ្រប​កម្រិត និង​បាន​ជជែក​គ្នា​លើ​បញ្ហា​ដែល​នៅ​សេសសល់​ជា​បន្តបន្ទាប់ ហើយ​លោកស្រី​ក៏​បង្ហើប​ដែរ​ថា នឹងមាន​ការប្រកាស​ព័ត៌មាន​នៅពេល​ខាងមុខ​ជុំវិញ​ទំនាក់ទំនង​ថ្ងៃ​អនាគត​រវាង​កូរ៉េខាងត្បូង និង​ចិន​។ ដោយឡែក​ក្រៅពី THAAD ចិន​ក៏​ស្នើ​ឲ្យ​កូរ៉េខាងត្បូង​បញ្ឈប់​សមយុទ្ធ​ជាមួយ​អាមេរិក ព្រោះ​វា​ជា​មូល​ហេតុដែល​ធ្វើ​ឲ្យ​កូរ៉េខាងជើង​មិន​ចូល​តុ​ចរចា​រឿង​នុយក្លេអ៊ែរ​៕


Tag:
 កូរ៉េខាងត្បូង​
  ចិន​
  អាមេរិក​
  THAAD
© រក្សាសិទ្ធិដោយ thmeythmey.com