អន្តរជាតិ
រដ្ឋាភិបាល​អេ​ស្ប៉ា​ញ​កំណត់​ថ្ងៃ​បោះឆ្នោត​តំបន់ Catalonia ក្រោយ​បញ្ចប់​ស្វ័យភាព​ទឹកដី​នេះ
30, Oct 2017 , 9:19 pm        
រូបភាព
រូបភាព៖ Al Jazeera
រូបភាព៖ Al Jazeera
ដោយ: ថ្មីៗ
​រដ្ឋាភិបាល​អេ​ស្ប៉ា​ញ​បានសម្រេច​ប្រកាស​រៀបចំ​បោះឆ្នោត​នៅ​តំបន់ Catalonia នៅ​ខែធ្នូ​ខាងមុខ បន្ទាប់ពី​សម្រេច​បញ្ចប់​ស្វ័យភាព​ទឹកដី​នេះ​។ យ៉ាងណាមិញ គេ​នៅ​ស្វាគមន៍​អតីត​មេដឹកនាំ​តំបន់ Catalonia ដែល​ដឹកនាំ​ចលនា​ផ្តាច់ខ្លួន​នៃ​ទឹកដី​ស្វយ័ត​នេះ​ផងដែរ​ក្នុងការ​បោះឆ្នោត​ខាងមុខ​។​

-


​រដ្ឋាភិបាល​ក្រុង​ម៉ា​ឌ្រី​ត​បាន​អះអាងថា​ខ្លួន​ស្វាគមន៍​មេដឹកនាំ​តំបន់ Catalonia លោក Carles Puigdemont  ដែល​ត្រូវបាន​គេ​បញ្ចប់​តំណែង​កន្លងមក ឲ្យ​ចូលរួម​ក្នុងការ​បោះឆ្នោត​សភា​ថ្នាក់​តំបន់​នៅ​ខែធ្នូ​ខាងមុខ​។​

​សារព័ត៌មាន​អង់គ្លេស BBC ផ្សាយ​ថា លោក Carles Puigdemont  ត្រូវគេ​បណ្តេញ​ពី​តំណែង​ជា​មេដឹកនាំ​តំបន់​ស្វយ័ត​នេះ​ដោយសារ​លោក​បាន​បន្ត​ទាមទារ​ប្រកាស​ឯករាជ្យ​ទឹកដី​Catalonia ពី​អេ​ស្ប៉ា​ញ​ជា​បន្តបន្ទាប់​នោះ​។

​រដ្ឋាភិបាល​អេ​ស្ប៉ា​ញ​បានសម្រេច​ប្រើប្រាស់​អំណាច​របស់ខ្លួន​បញ្ចប់​ការផ្តល់​ស្វ័យភាព​ដល់​តំបន់ Catalonia នៅ​ចុង​សប្តាហ៍​នេះ ក្រោយ​ពេលដែល​សភា​តំបន់ Catalonia បានសម្រេច​បោះឆ្នោត​ប្រកាស​ឯករាជ្យ​ពី​អេ​ស្ប៉ា​ញ​នោះ​។

​លោក Carles Puigdemont ដែលជា​អ្នកនយោបាយ​មាន​និន្នាការ​ទៅរក​ការប្រកាស​ឯករាជ្យ​នោះបាន​អំពាវនាវ​ឲ្យ​មានការ​ប្រឆាំងនឹង​ការសម្រេចចិត្ត​របស់រ​ដ្ឋា​ភិ​បាល​ក្រុង​ម៉ា​ឌ្រី​ត​ក្នុង​ការបញ្ចប់​ស្វ័យភាព​នៃ​តំបន់​ខ្លូន​គ្រប់គ្រង​។ លោក​ក៏បាន​ថ្កោលទោស​ការសម្រេចចិត្ត រួមទាំង​សន្យា​បន្ត​ប្រឹងប្រែង​ការងារ​ដើម្បី​ឲ្យ​តំបន់​នេះ​ក្លាយជា​ប្រទេស​ពេញលេញ​។​

​តាមពិតទៅ​អេ​ស្ប៉ា​ញ​កំពុង​ហ៊ុមព័ទ្ធ​ដោយ​បញ្ហា​ផ្ទៃក្នុង​ពោលគឺ​ការបន្ត​ទាមទារ​ប្រកាស​ឯករាជ្យ​នៃ​ទឹកដី Catalonia បន្ទាប់ពី​មានការ​រៀបចំ​ប្រជាមតិ​មួយ​កំណត់​ជោគវាសនា​នៃ​ទឹកដី​ស្វ័យភាព​នេះ​កាលពី​ដើមខែ​កន្លងទៅ​។ ប្រជាមតិ​នេះ បង្ហាញថា​ប្រជាជន​តំបន់ Catalonia ដែល​គ្រប់​អាយុ​ឆ្លងទន្លេ​រហូតដល់​ជាង​៩០​ភាគរយ​គាំទ្រ​ការចាកចេញ​ពី​អេ​ស្ប៉ា​ញ​។ ប៉ុន្តែ​តុលាការ​ធម្មនុញ្ញ​បានចេញ​សេចក្តីសម្រេច​ទាត់ចោល​បំ​ណា​ង​ប្រកាស​ឯករាជ្យ​ដោយ​អះអាងថា ប្រជាមតិ​មិន​ស្របច្បាប់​ឡើយ​។​

​ស្រប​ពេលដែល​ចលនា​ប្រកាស​ឯករាជ្យ​នៅតែ​បន្ត ថ្ងៃអាទិត្យ​នេះ​គេ​ឃើញ​មាន​ចលនា​បាតុកម្ម​ផងដែរ​ដើម្បី​ប្រឆាំង​ការប្រកាស​ឯករាជ្យ​នៃ​ទឹកដី Catalonia និង​អំពាវនាវ​ឲ្យ​មាន​ការរួម​រួម​ជាតិ និង​ឯកភាព​ជាតិ​ដែរ​៕



Tag:
 អេ​ស្ប៉ា​ញ​
  Catalonia
  Carles Puigdemont
© រក្សាសិទ្ធិដោយ thmeythmey.com