អន្តរជាតិ
ឌូ​ទើ​តេ សន្យា «​តម​សម្ដី​» ពេល​ចូលគាល់​អធិរាជ​ជប៉ុន​
30, Oct 2017 , 9:59 pm        
រូបភាព
​ប្រធានាធិបតី​ហ្វីលីពីន រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ បានប្រកាសថា លោក​នឹង​ប្រយ័ត្នប្រយែង​ពាក្យសម្ដី​ក្នុងការ​ពេល​ចូលគាល់​អធិរាជ​ជប៉ុន អាគី​ហ៊ី​តុ ។ លោក ឌូ​ទើ​តេ បាន​ចាក​ចេញពី​ហ្វីលីពីន​នៅ​ថ្ងៃទី​២៩ ខែតុលា ដើម្បី​បំពេញ​ទស្សនកិច្ច​រយៈពេល​បី​ថ្ងៃ​នៅ​ជប៉ុន មុន​ជំនួប​តំបន់​ដ៏​ធំ​នៅ​ខែក្រោយ ហើយ​ទំនង​ជាមាន​គោលដៅ​ស្វែងរក​ជំនួយ​សាងសង់​ទីក្រុង​ម៉ា​រ៉ាវី​ឡើងវិញ​ផងដែរ ក្រោយ​រំដោះ​ទីក្រុង​នេះ​ពី​ដៃ​ក្រុម​ជ្រុលនិយម Maute រួចមក​។

 

​ចរិត​និយាយស្ដី​ខ្លាំងៗ ចូលចិត្ត​ប្រើប្រាស់​ពាក្យ​មិន​សមរម្យ និង​មាន​អាកប្បកិរិយា​មិនសូវ​គោរព​គេឯង​របស់​ប្រធានាធិបតី​ហ្វីលីពីន រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ ធ្វើ​ឲ្យ​មន្ត្រី​ជប៉ុន​បារម្ភ​ខ្លាំង ព្រោះ​ខ្លាច​លោក​បញ្ចេញ​ទង្វើ​មិន​សមប្រកប ពេល​ចូលគាល់​អធិរាជ អាគី​ហ៊ី​តុ ។ យ៉ាងណាមិញ លោក ឌូ​ទើ​តេ ដែល​ចង់​ឲ្យ​ទំនាក់ទំនង​ទ្វេភាគី​ល្អប្រសើរ​នោះ បាន​សន្យាថា លោក​នឹងមិន​និយាយ​អ្វី​ប៉ះពាល់​ដល់​អធិរាជ ដែល​ត្រូវបាន​ប្រជាជន​ជប៉ុន​គោរព​យ៉ាងខ្លាំង​។​

​ក្នុង​សន្និសីទ​សារព័ត៌​មាននៅ​ថ្ងៃទី​២៩ ខែតុលា មុន​ចាកចេញ​ទៅកាន់​ជប៉ុន លោក ឌូ​ទើ​តេ បញ្ជាក់ថា លោក​នឹង​បិទមាត់​របស់លោក និង​មិន​និយាយ​អ្វី​ក្រៅពី​ពាំនាំ​ការ​ជូនពរ​របស់​ប្រជាជន​ហ្វីលីពីន​ចំពោះ​អធិរាជ​ជប៉ុន​ឡើយ​។ បើតាម​សារព័ត៌មាន Rappler ប្រធានាធិបតី​ហ្វីលីពីន ចាត់ទុក​ជំនួប​ជាមួយ​អធិរាជ អាគី​ហ៊ី​តុ ជា​កិត្តិយស​សម្រាប់​លោក ព្រោះ​អធិរាជ​អង្គ​នេះ​នឹងដាក់​រាជ្យ​នៅពេល​ខាងមុខ ហើយ​ម្យ៉ាងទៀត​កាលពី​ទស្សនកិច្ច​លើក​មុន លោក​ក៏​មិនអាច​ជួប​ព្រះ​ចៅ​អាគី​ហ៊ី​តុ ដែរ​។​

​កាលពី​ទស្សនកិច្ច​លើកទីមួយ​នៅ​ជប៉ុន​ក្នុង​ខែតុលា ឆ្នាំ​២០១៦ លោក ឌូ​ទើ​តេ ក៏មាន​គម្រោង​ចូលគាល់​ព្រះ​ចៅ អាគី​ហ៊ី​តុ ដែរ ប៉ុន្តែ​ក៏ត្រូវ​បាន​លុបចោល​វិញ ដោយសារ​ការចូល​ទិវង្គត​របស់​ព្រះអង្គម្ចាស់​មី​កា​សា ដែលជា​ព្រះ​បិតុលា​។ យ៉ាងណាមិញ ក្នុង​ដំណើរ​ទស្សនកិច្ច​លើក​ទី​ពីរ​នេះ ការព្រួយបារម្ភ​នៅតែមាន ព្រោះ​គេ​អាច​ចាំបាន​ថា លោក ឌូ​ទើ​តេ បាន​ទំពា​រស្ករ​កៅស៊ូ​ចំពោះមុខ​ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង ដែល​ត្រូវបាន​ចាត់ទុកជា​ទង្វើ​មិន​សមរម្យ​។​

​ដោយឡែក​ក្នុង​ទស្សនកិច្ច​នេះដែរ លោក ឌូ​ទើ​តេ ក៏​នឹង​ជួប​ជាមួយ​នាយករដ្ឋមន្ត្រី ស៊ិន​ហ្សូ អា​បេ ដើម្បី​ពិភាក្សា​បញ្ហា​តំបន់ និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​។ ទស្សនកិច្ច​របស់លោក ឌូ​ទើ​តេ ពេលនេះ ធ្វើឡើង​មុន​ការមកដល់​កិច្ចប្រជុំ​អាស៊ាន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ផ្សេងទៀត​។ បញ្ហា​សន្តិសុខ​តំបន់ និង​នុយក្លេអ៊ែរ​កូរ៉េខាងជើង ទំនងជា​របៀបវារៈ​សំខាន់​នៃ​កិច្ចប្រជុំ​ប្រចាំឆ្នាំ​ដ៏​ធំ​នេះ ហើយ​លោក ឌូ​ទើ​តេ នឹង​យក​បញ្ហា​នេះ​ជជែក​ជាមួយ​លោក អាប ដែរ​។​

​ក្រៅពីនេះ ប្រធានាធិបតី​ហ្វីលីពីន ក៏​អាច​ស្នើសុំ​ជំនួយ​ពី​ជប៉ុន​ក្នុង​ការស្ដារ​ទីក្រុង​ម៉ា​រ៉ាវី​ឡើងវិញ បន្ទាប់ពី​រំដោះ​បាន​ថ្មីៗ​នេះ ខណៈដែល​រដ្ឋាភិបាល​ក្រុង​តូ​ក្យូ​បាន​ផ្ដល់ជំនួយ​ហិរញ្ញវត្ថុ​ជាច្រើន​រួចមកហើយ​នោះ​។ ទោះជា​មិន​រំពឹងថា ជប៉ុន​នឹង​ជួយ​ដោះស្រាយ​បញ្ហា​ទាំងអស់​នៅ​ម៉ា​រ៉ាវី​ក្ដី លោក ឌូ​ទើ​តេ អះអាងថា ជប៉ុន​នឹង​ជួយ​ស្ដារ​បញ្ហា​ទាំងនេះ ព្រោះ​ហ្វីលីពីន​ពិតជា​ត្រូវការ​ជំនួយ​ខ្លាំង​សម្រាប់​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ទីក្រុង​ដ៏​ខ្ទេចខ្ទាំ​មួយ​នេះ​៕


Tag:
 ហ្វីលីពីន​
  ជប៉ុន​
  រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ​
  អាគី​ហ៊ី​តុ
© រក្សាសិទ្ធិដោយ thmeythmey.com