អន្តរជាតិ
ក្រោយ​កម្ចាត់​មន្ត្រី​ពុករលួយ​ជាង​១​លាន​នាក់ ចិន​ត្រៀម​បង្កើត​អង្គភាព​ប្រឆាំង​ពុករលួយ​ឆ្នាំក្រោយ​
30, Oct 2017 , 11:19 pm        
រូបភាព
​ចិន​នឹង​អនុម័ត​ច្បាប់​អង្គការ​ដើម្បី​បង្កើត​អង្គភាព​រដ្ឋ​ប្រឆាំង​អំពើ​ពុក​លួ​យ​នៅ​ឆ្នាំ​ក្រោយនេះ​ដើម្បី​ពង្រឹង​នយោបាយ​កណ្តាប់ដៃ​ដែក​ប្រឆាំង​អំពើពុករលួយ​របស់​ប្រធានាធិបតី ស៊ី ជិន​ភីង​។ កន្លងមក​គណៈកម្មកា​រវិ​ន័យ​បក្ស​កុម្មុយនីស្ត​ចិន​បាន​បោសសម្អាត​មន្ត្រី​ពុករលួយ​អស់ ១,៣​លាន​នាក់​រួចទៅហើយ​។​



​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​ចិន Xinhua បាន​ផ្សាយ​ថា ចិន​ត្រៀម​អនុម័ត​ច្បាប់​បង្កើត​អង្គភាព​ប្រឆាំង​អំពើពុករលួយ​របស់រ​ដ្ឋ​ដែល​នឹងមាន​សមត្ថកិច្ច​បោសសម្អាត​អំពើពុករលួយ​ក្នុង​បក្ស​ផង និង​ក្នុង​ជួយ​រដ្ឋាភិបាល​ផង​។ 

​បើតាម​ការបញ្ជា​ក់រប​ស់ម​ន្ត្រី​គណៈកម្មការ​ត្រួតពិនិត្យ​វិន័យ​នៃ​បក្ស​កុម្មុយនីស្ត​ចិន (CCDI) ការអនុម័ត​ច្បាប់​នេះ​នឹងត្រូវ​ធ្វើឡើង​ក្នុង​កិច្ចប្រជុំពេញអង្គ​នៃ​សភា​ប្រជាជន​ចិន​ប្រចាំឆ្នាំ​ដែល​ចាប់ផ្តើម​ឡើង​នៅ​ដើមឆ្នាំ​ក្រោយ​។​

​តាមពិតទៅ កន្លងមក​រដ្ឋាភិបាល​ចិន​ប្រើប្រាស់​គណៈកម្មការ​ត្រួត​ពិនិត្យ​វិន័យ​ប៉ុណ្ណោះ​ដើម្បី​កម្ចាត់​អំពើពុករលួយ ប៉ុន្តែ​ស្ថាប័ន​នេះ​មាន​សមត្ថកិច្ច​តែ​លើ​សំណុំរឿង​ពាក់ព័ន្ធ​ប៉ូលិស និង មន្ត្រី​តុលាការ​ប៉ុណ្ណោះ​។​

​អង្គភាព​ថ្មី​នេះ​មាន​ឈ្មោះថា​គណៈកម្មការ​ជាតិ​ទទួលបន្ទុក​កិច្ចការ​ត្រួតពិនិត្យ (NSC) ដែលមាន​បេសកកម្ម​ពេ​ស​ត្រួតពិនិត្យ​ឥរិយាបទ​មន្ត្រី​រដ្ឋការ​សាធារណៈ​គ្រប់​ឋានានុក្រម  ហើយ​វា​មាន​រួមបញ្ចូល​ដោយ​ទីភ្នាក់ងារ​ប្រឆាំង​អំពើពុករលួយ​ច្រើន​វិស័យ​ផងដែរ​។  បន្ថែម​ពីនេះ​អង្គភាព​នេះ​ក៏​ទទួលខុសត្រូវ​ត្រួតពិនិត្យ​លើ​បុគ្គលិក​រដ្ឋ​ដែល​មិនមែនជា​សមាជិក​បក្ស​កុម្មុយនីស្ត​ដែរ​។​

​ចាប់ពី​ឆ្នាំ ២០១២ ពេលដែល​លោក​ឡើងកាន់តំណែង​មក លោក ស៊ី ជិន​ភីង បានកំណត់​យក​ការ​កម្ចាត់​អំពើពុករលួយ​ជា​ចំណុច​ស្នូល​នៃ​គោលនយោបាយ​របស់លោក​។ គោលនយោបាយ​នេះ​បាន​ចាប់ខ្លួន ឃុំខ្លួន និង​ដាក់ទោស មន្ត្រី​ថ្នាក់ក្រោម និង​ខ្ពស់​ប្រហែល​១,៣៤​លាន​នាក់  ក្នុង​រយៈពេល​៥​ឆ្នាំ​មកនេះ​។​

​ក្នុង​សុន្ទរកថា​បើក​អង្គ​មហាសន្និបាត​បក្ស​កុម្មុយនីស្ត​លើក​ទី ១៩ កាលពី​សប្តាហ៍​មុន​លោក ស៊ី ជិន​ភីង បាន​អះអាង​ច្បាស់​ថា គោលនយោបាយ​ប្រឆាំង​ពុករលួយ​មិនអាច​ត្រឡប់ក្រោយ​បានឡើយ ហើយ​ចិន​នឹង​ពង្រឹង​ចំណាត់ការ​នេះ​ដើម្បី​ធ្វើ​ឲ្យ​សង្គម​ចិន​ស្អាតស្អំ​៕


Tag:
 ចិន​
  អង្គភាព​ប្រឆាំង​ពុករលួយ​
  ស៊ី ជិន​ភីង​
© រក្សាសិទ្ធិដោយ thmeythmey.com