អន្តរជាតិ
ឌូ​ទើ​តេ​៖ «​គួរតែមាន​នរណាម្នាក់​ទៅ​បញ្ចុះបញ្ចូល «​ជុង​អ៊ុន​» ឲ្យ​បញ្ឈប់​កម្មវិធី​នុយក្លេអ៊ែរ​ដោយផ្ទាល់​»
30, Oct 2017 , 11:59 pm        
រូបភាព
ដោយ:
​ប្រមុខរដ្ឋ​ហ្វីលីពីន លោក រ៉ូ​ឌ្រី​ហ្គូ ឌើ​ទើ​តេ បាន​ថ្លែង​ព្រួយបារម្ភ​ពី​ការគំរាមកំហែង​នៅ​ឧបទ្វីប​កូរ៉េ​ដែល​បង្កដោយ​របប​ដឹកនាំ​របស់​ប្រមុខរដ្ឋ​កូរ៉េខាងជើង លោក គីម ជុង​អ៊ុន ។ មេដឹកនាំ​ហ្វីលីពីន ចង់​ឲ្យ​មាន​ពិភាក្សា​ផ្ទាល់​ជាមួយ​ប្រមុខ​ដឹកនាំ​កូរ៉េខាងជើង​ដើម្បី​ឲ្យ​មេដឹកនាំ​រូបនោះ​យល់​ពី​ចេតនា​របស់​សហគមន៍​អន្តរជាតិ ។



​មុនពេល​ចេញដំណើរ​ទៅកាន់​ជប៉ុន លោក​ប្រធានាធិបតី រ៉ូ​ឌ្រី​ហ្គូ ឌើ​ទើ​តេ នៅ​ថ្ងៃ​២៩ តុលា បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា លោក​នឹង​ជួប​លោកនាយក​រដ្ឋមន្ត្រី​ជប៉ុន ស៊ីន​ហ្សូ អា​បេ និង​ពិភាក្សា​ពី​ការគំរាមកំហែង​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង ។ លោក​ប្រធានាធិបតី ក៏​អះអាង​ដែរ​ថា លោក ក៏មាន​គម្រោង​ជជែក​ពី​ដំណោះស្រាយ​លើ​បញ្ហា​នេះ នៅពេលដែល​លោក​ជួប​ប្រ​ធា​ធិបតី​អាមេរិក នៅ​ខែក្រោយ​ផងដែរ ។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់ Bangkok Post ។

​បន្ថែម​ពី​ការលើកឡើង​នេះ បុរស​ខ្លាំង​ហ្វីលីពីន​រូបនេះ ក៏បាន​សង្កត់ធ្ងន់ថា​៖«​សង្គ្រាម​នុយក្លេអ៊ែរ គឺជា​រឿង​ដែល​មិនអាច​ទទួលយក​បានឡើយ ។ គួរតែមាន​នរណាម្នាក់​ទៅ​ជជែក​ជាមួយនឹង​លោក គីម ជុង​អ៊ុន​តែម្តង​»​។ នេះ​បើ​យោងតាម​ប្រភពព័ត៌មាន​ដដែល ។

​លោក ឌូ​ទើ​តេ បាន​បន្ថែមទៀតថា ហ្វីលីពីន​គាំទ្រ​ឲ្យ​អាមេរិក ជប៉ុន និង​កូរ៉េខាងជើង និង​ប្រទេស​ផ្សេងទៀត ជួប និង​អះអាង​ជាមួយ​លោក គីម ជុង​អ៊ុន ថា​មិនមាន​នរណាម្នាក់​គំរាមកំហែង​លោក​(​លោក គីម ជុង​អ៊ុន​) និង​សុំ​ឲ្យ​លោក​បញ្ឈប់​សកម្មភាព​គំរាមកំហែង​នុយក្លេអ៊ែរ​នោះ​ទៅ ។ ទន្ទឹមនឹងនេះ លោក ក៏​យល់ឃើញ​ដែរ​ថា មានតែ​ចិន​មួយគត់ ដែល​អាច​បន្ទន់ចិត្ត​កូរ៉េខាងជើង​បាន ។

​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​ជប៉ុន លោក​ប្រធានាធិបតី រ៉ូ​ឌ្រី​ហ្គូ ឌូ​ទើ​តេ ត្រូវបំពេញ​ទស្សនកិច្ច​រយៈពេល​បី​ថ្ងៃ​ទៅកាន់​ជប៉ុន ដើម្បី​ជួបពិភាក្សា​ជាមួយ​នាយករដ្ឋមន្ត្រី​ជប៉ុន ស៊ីន​ហ្សូ អា​បេ ។ ក្នុង​ដំណើរ​ទស្សនកិច្ច​លើក​ទី​ពីរ​នេះ លោក ឌូ​ទើ​តេ និង​លោក អា​បេ នឹងមាន​ជំនួប​ទ្វេភាគី​មួយ ហើយដោយ​រដ្ឋាភិបាល​ជ​ប៉ុន សង្ឃឹមថា វា​ជា​ឱកាសល្អ​សម្រាប់​មេដឹកនាំ​ទាំងពីរ​ជជែក​ពី​បញ្ហា​តំបន់ និង​បញ្ហា​ប្រឈម​ពិភពលោក ៕


Tag:
 ហ្វីលីពីន​
  អាស៊ាន​
  កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com