អន្តរជាតិ
បងធំ​អាស៊ាន​ឥណ្ឌូណេស៊ី មិន​ទទួលស្គាល់​ការប្រកាស​ឯករាជ្យ​រប​ស់​តំបន់​Catalonia ពី​អេ​ស្ប៉ា​ញ​
31, Oct 2017 , 8:59 am        
រូបភាព
ដោយ:
​រដ្ឋាភិបាល​ក្រុង​ហ្សា​ការ​តា បានប្រកាស​មិន​ទទួលស្គាល់​ផែនការ​ប្រកាស​ឯករាជ្យ​របស់ Catalonia ចេញពី​ប្រទេស​អេ​ស្ប៉ា​ញ​ឡើយ ។ នេះ​ជា​សេចក្តីថ្លែងការណ៍​ដំបូង​ហើយ​របស់​រដ្ឋ​អាស៊ាន​ពាក់ព័ន្ធ​នឹង​បញ្ហា​ដែល​កំពុងតែ​កើតឡើង​នៅក្នុង​តំបន់​អឺរ៉ុប ។



​ក្រសួងការបរទេស​ឥណ្ឌូណេស៊ី នៅ​ថ្ងៃ​២៨ តុលា កន្លងទៅ​បានចេញ​សេចក្តីថ្លែងការណ៍​មួយ​ផ្លូវការ​តាមរយៈ​គណនី Twitter របស់ខ្លួន​ដោយបាន​ប្រកាស​មិន​ទទួលស្គាល់​ការប៉ុនប៉ង​ផ្តាច់ខ្លួន​របស់ តំបន់​ស្វយ័ត Catalonia ពី​ប្រទេស​អេ​ស្ប៉ា​ញ​។

​បើតាម​គណនី Twitter ផ្លូវការ​របស់​ក្រសួងការបរទេស​ឥណ្ឌូណេស៊ី ឥណ្ឌូណេស៊ី​បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖« Catalonia គឺជា​ផ្នែក​មួយ​របស់​អេ​ស្ប៉ា​ញ ។ ឥណ្ឌូណេស៊ី នឹងមិន​ទទួលស្គាល់​ចំពោះ​ឯករាជ្យ​របស់ Catalonia ឡើយ »​។


​សូម​រម្លឹក​ផងដែរ​ថា នៅ​ថ្ងៃ​០១ តុលា​កន្លងទៅ លោក Carles Puigdemont បាន​ដឹកនាំ​ឲ្យ​មាន​ការធ្វើប្រជាមតិ​មួយ​ផ្តាច់ខ្លួន​តំបន់ Catalonia ចេញពី​អេ​ស្ប៉ា​ញ ។ ប្រជាជន​តំបន់ Catalonia ៩០​ភាគរយ​បោះឆ្នោត​គាំទ្រ​ការ​ផ្តាច់ខ្លួន​ក្នុង​ប្រជាមតិ ដែល​រដ្ឋាភិបាល​អេ​ស្ប៉ា​ញ​ចាត់ទុកជា​ទង្វើ​ខុសច្បាប់​។​

​ខណៈនោះ​ដែរ អ្នកបោះឆ្នោត​ចំនួន​១៧៦៥៦៥​នាក់​ផ្សេងទៀត​បានសម្រេច​បោះឆ្នោត​បដិសេធ​ការ​ផ្តាច់ខ្លួន​ក្នុង​ប្រជាមតិ​នោះ ហើយ​វា​មានការ​ផ្ទុះ​ហិង្សា​ដែល​ធ្វើ​ឲ្យ​មនុស្ស​រាប់រយ​នាក់​រងរបួស​ផង​។​

​បើ​ក្រឡេក​មក​តំបន់​អាស៊ាន​វិញ វា​មានតែ​ឥណ្ឌូណេស៊ី ដែលជា​រដ្ឋ​ធំជាងគេ​របស់​អាស៊ាន​នោះទេ​មកទល់ពេលនេះ ដែល​បានចេញ​សេចក្តីថ្លែងការណ៍​មិន​ទទួលស្គាល់​ការប្រកាស​ឯករាជ្យ​រប​ស់​តំបន់ Catalonia នោះ​។  អាស៊ាន មិនទាន់មាន​សេចក្តីថ្លែងការណ៍​ណាមួយ​ជុំវិញ​បញ្ហា​ដែល​កំពុងតែ​កើត​នៅក្នុង​តំបន់​អឺរ៉ុប​នោះឡើយ ៕


© រក្សាសិទ្ធិដោយ thmeythmey.com