អន្តរជាតិ
តៃវ៉ាន់​នឹង​បន្ត​ពង្រឹង​វិស័យ​ការពារជាតិ ខណៈ​ចិន​បន្ត​ព្រមាន​កម្ចាត់​រាល់​ការ​ប៉ុន​ប៉ុង​ផ្តាច់ខ្លួន​
31, Oct 2017 , 11:05 am        
រូបភាព
រូបភាព៖ The Wire
រូបភាព៖ The Wire
ដោយ:
​ពេល​ស្ថិតនៅ​រដ្ឋ​ហា​វ៉ៃ ប្រធានាធិបតី​កោះ​តៃវ៉ាន់​អះអាងថា តៃវ៉ាន់​នឹង​បន្ត​បង្កើន​ការចំណាយ​លើ​វិស័យ​ការពារជាតិ ដែលជា​តម្រូវការ​អាទិ​ភាព​របស់ខ្លួន​។ ប្រធានាធិបតី​រូបនេះ ថែម​បាន​អរគុណ​អាមេរិក ដែល​បាន​ចូលរួម​ធានា​សន្តិភាព និង​សន្តិសុខ​នៅក្នុង​តំបន់​ប៉ាស៊ីហ្វិក​ផងដែរ ។​



« យើង​ពិតជា​រីករាយ​ណាស់​ចំពោះ​ការចូល​រួមរក្សា​សន្តិភាព និង​ស្ថិរភាព​របស់​អាមេរិក​សម្រាប់​តំបន់​អាស៊ី​ប៉ា​ហ្វិ​ក ហើយ​តាមរយៈ​ជំនួប​ជាមួយនឹង​អាមេរិក យើង​កាន់តែ​យល់ច្បាស់​ពី​តម្រូវការ​ក្នុង​ការបង្កើន​ការវិនិយោគ​នៅក្នុង​វិស័យ​ការពារជាតិ​»​។ នេះ​ជាស​ម្តី​ប្រធានាធិបតី​តៃវ៉ាន់ Tsai Ing-wen ដែល​ស្រង់​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន Reuters ចុះផ្សាយ​ថ្ងៃ​៣០ តុលា ។

​តាម​ប្រភពព័ត៌មាន​ដដែល លោកស្រី​ប្រធានាធិបតី ក៏បាន​ប្រាប់​ក្រុម​អ្នកស្រាវជ្រាវ​អាមេរិក នៅ​រដ្ឋ​ហា​វៃ កន្លែង​លោកស្រី​ត្រូវ​ឆ្លងកាត់​មុន​បំពេញ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​កល្យាណមិត្ត​ថា តៃវ៉ាន់ កន្លងមក​បាន​បង្កើន​ការចំណាយ​លើ​វិស័យ​ការពារ​យ៉ាង​ប្រុងប្រយ័ត្ន​បំផុត ហើយ តៃវ៉ាន់ ក៏​នឹង​បន្តធ្វើ​បែបនេះ​ដើម្បី​សុវត្ថិភាព​របស់ខ្លួន​ផងដែរ ។​

​សូម​ជម្រាប​ផងដែរ លោកស្រី​ប្រធានាធិបតី​តៃវ៉ាន់ បាននិងកំពុង​តែ​ធ្វើដំណើរ​បំពេញ​ទស្សនកិច្ច​ទៅកាន់​រដ្ឋ​កោះ​ចំនួន​បី​ដែលជា​កល្យាណមិត្ត​របស់​ខ្លួន​នៅក្នុង​តំបន់​ប៉ាស៊ីហ្វិក​ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​រ​បស់​ខ្លួន ។ រដ្ឋ​ទាំងនោះ​រួមមាន កោះ​សាធារណរដ្ឋ​ម៉ា​ហ្សា​ល់ កោះ​សូ​ឡូ​មុន និង​កោះ​ទូ​វ៉ា​លូ ។​

​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ ការ​ថ្លែងការណ៍​ពាក់ព័ន្ធ​នឹង​ការបង្កើន​ការចំណាយ​លើ​វិស័យ​ការពា​តិ​របស់​មេដឹកនាំ​តៃវ៉ាន់ ហាក់ដូចជា​សារ​មួយ​ទៅកាន់​ចិន ដែល​បន្ត​គំរាមកំហែង​ខ្លួន​យ៉ាង​ដូច្នេះ​ឯង ។ ក្នុង​មហាសន្និបាត​បក្ស​កុ​ម្មុយ​នី​ស​ចិន​សប្តាហ៍​មុន លោក​ប្រធានាធិបតី ស៊ី ជិន​ភីង បាន​ព្រមាន​កោះ​តៃវ៉ាន់​ធ្ងន់ៗ​ថា ចិន​នឹង​ចាត់​វិធាន​គ្រប់បែបយ៉ាង​ដើម្បី​កម្ទេច និង​បញ្ឈប់​ចលនា និង​ការប៉ុនប៉ង​ប្រកាស​ឯករាជ្យ​ពី​ចិន​ទៀតផង ៕


Tag:
 ចិន​
  តៃវ៉ាន់
© រក្សាសិទ្ធិដោយ thmeythmey.com