អន្តរជាតិ
ឌូ​ទើ​តេ អរគុណ​ជប៉ុន​ដែល​សន្យា​ផ្ដល់ជំនួយ​ជិត​៩​ពាន់​លាន​ដុល្លារ​
31, Oct 2017 , 7:19 pm        
រូបភាព
​ជប៉ុន​បាន​សន្យា​ផ្ដល់ជំនួយ​ចំនួន​១​ទ្រី​លាន​យ៉េន​ទៅ​ឲ្យ​ហ្វីលីពីន​ដើម្បី​អភិវឌ្ឍ​ប្រទេស និង​មួយផ្នែក​យកទៅ​កសាង​ទីក្រុង​ម៉ា​រ៉ាវី​ឡើងវិញ ក្រោយ​ខ្ទេចខ្ទាំ​ដោយសារ​សង្គ្រាម​ប៉ុន្មាន​ខែ​មកនេះ​។ ការសន្យា​នេះ​ធ្វើឡើង​អំឡុងពេល​ជំនួប​រវាង​នាយករដ្ឋមន្ត្រី​ជប៉ុន ស៊ិន​ហ្សូ អា​បេ និង​ប្រធានាធិបតី​ហ្វីលីពីន រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ ដែល​ស្ថិតក្នុង​ទស្សនកិច្ច​នៅ​តូ​ក្យូ​។ ការផ្ដល់​ជំនួយ​នេះ​ក៏​ត្រូវគេ​មើលឃើញថា ជាការ​ទាក់ទាញ​ហ្វីលីពីន ដែល​បាន​ទោរទន់​ទៅ​ចិន​យ៉ាងខ្លាំង​។



​ប្រធានាធិបតី​ហ្វីលីពីន រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ ទំនងជា​សប្បាយចិត្ត​មិន​ស្ទើរ​ឡើយ ពេល​ជប៉ុន​សន្យា​ផ្ដល់ជំនួយ​ច្រើនសន្ធឹក​សន្ធាប់​សម្រាប់​ហ្វីលីពីន​។ អំ​ឡូង​ពេល​ដំណើរ​ទស្សនកិច្ច​លើក​ទី​២ នៅ​ជប៉ុន​របស់លោក ឌូ​ទើ​តេ នាយករដ្ឋមន្ត្រី​ជប៉ុន ស៊ិន​ហ្សូ អា​បេ បានប្រកាស​ផ្ដល់ជំនួយ​ចំនួន​១​ទ្រី​លាន​យ៉េន ដែល​ស្មើ​ជិត​៩​ពាន់​លាន​ដុល្លារ​សម្រាប់​ហ្វីលីពីន​។ ជំនួយ​នេះ​នឹង​ផ្ដោត​សំខាន់​លើ​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ហ្វីលីពីន និង​ការស្ដារ​ទីក្រុង​ម៉ា​រ៉ាវី​ឡើងវិញ​។​

​ក្នុង​សន្និសីទ​សារព័ត៌​មាននៅ​ទីក្រុង​តូ​ក្យូ​នៅ​ថ្ងៃទី​៣០ ខែតុលា លោក ឌូ​ទើ​តេ បាន​អរគុណ​ជប៉ុន​ដែល​នៅតែ​បន្ត​ប្ដេជ្ញាចិត្ត​ក្នុង​ការជួយ​ហ្វីលីពីន ជាពិសេស​តាមរយៈ​ការផ្ដល់​ជំនួយ​ដ៏​ច្រើន​នៅពេលនេះ​។ សារព័ត៌មាន GMA News របស់​ហ្វីលីពីន​ផ្សាយ​ថា គម្រោង​សាងសង់​ធំៗ​ជាច្រើន​នឹង​ទទួលបាន​ហិរញ្ញវត្ថុ​ពី​គម្រោង​ជំនួយ​នេះ​ដូចជា​គម្រោង​ផ្លូវ​រថ​ក្រោម​ដី​នៅ​រដ្ឋធានី​ម៉ានីល និង​ការសាងសង់​នៅតាម​បណ្ដា​ខេត្ត​នានា​ផងដែរ​។​

​ជាងនេះទៅទៀត គម្រោង​ស្ដារ​ទីក្រុង​ម៉ា​រ៉ាវី​ស្ថិត​ក៏​ស្ថិតក្រោម​ផែនការ​ផ្ដល់ជំនួយ​រប​ស់ជ​ប៉ុនដែរ​។ ក្នុង​សេចក្ដីថ្លែងការណ៍​រួម​ក្រោម​ជំនួប​ទ្វេភាគី រដ្ឋាភិបាល​ជប៉ុន​ទទួលស្គាល់ថា ការសាងសង់​ទីក្រុង​ម៉ា​រ៉ាវី​ឡើងវិញ គឺជា​រឿង​សំខាន់បំផុត​។ ទីក្រុង​ភាគខាងត្បូង​នេះ​ទើប​ត្រូវបាន​រំដោះ​កាលពីដើម​សប្ដាហ៍​មុន​ក្នុង​ប្រតិបត្តិការ​ជាង​៥​ខែ ដែល​បង្ខំ​ឲ្យ​ប្រជាជន​រាប់ម៉ឺន​នាក់​រត់​ភៀសខ្លួន ហើយ​អាគារ​ជាច្រើន​ត្រូវបាន​បំផ្លាញ​ក្នុងការ​ប្រយុទ្ធ​រវាង​ក​ម្លាំ​ង​រដ្ឋាភិបាល និង​ក្រុម​ឧទ្ទាម Maute ។​

​នេះ​ជា​ដំណើរ​ទស្សនកិច្ច​លើក​ទី​២ របស់លោក ឌូ​ទើ​តេ ទៅកាន់​ជប៉ុន បន្ទាប់ពី​ទស្សនកិច្ច​លើកដំបូង​នៅ​ខែតុលា ឆ្នាំ​២០១៦ ។ តាមពិតទៅ ប្រធានាធិបតី​ហ្វីលីពីន​គ្រោង​ទៅកាន់​ជប៉ុន​តាំងពី​ខែមិថុនា ប៉ុន្តែ​ត្រូវបាន​ពន្យារពេល​ដោយសារតែ​ប្រតិបត្តិ​រំដោះ​ទីក្រុង​ម៉ា​រ៉ាវី​។ ជាមួយនឹង​ការផ្ដល់​ជំនួយ​ក្នុង​បរិមាណ​ច្រើន​បែបនេះ លោក ឌូ​ទើ​តេ បាន​ហៅ​ជប៉ុន​ជា​មិត្ត​ពិតប្រាកដ​របស់​ហ្វីលីពីន ហើយ​ភាគី​ទាំង​កំពុង​កសាង​យុគសម័យ​មាស​ក្នុង​ទំនាក់ទំនង​ទ្វេភាគី​។​

​ច្បាស់​ណាស់​ថា ការសន្យា​ផ្ដល់ជំនួយ​ច្រើន​បែបនេះ​ពី​សំណាក់​ជប៉ុន មាន​គោលដៅ​អូសទាញ​ហ្វីលីពីន​ឲ្យ​ចាក​ឆ្ងាយ​ពី​ឥទ្ធិពល​របស់​ចិន​ដែល​កំពុង​កើនឡើង​ខ្លាំង​។ ក្រោម​ការដឹកនាំ​របស់​លោក ឌូ​ទើ​តេ ទំនាក់ទំនង​រវាង​ហ្វីលីពីន និង​ចិន​ល្អប្រសើរ​យ៉ាងខ្លាំង​។ ចិន​បាន​ផ្ដល់ជំនួយ​សន្ធឹកសន្ធាប់​ទៅកាន់​ហ្វីលីពីន ជាពិសេស​ក្នុង​ប្រតិបត្តិ​ការរំដោះ​ទីក្រុង​ម៉ា​រ៉ាវី ដោយ​ចិន​ផ្ដល់ជំនួយ​មនុស្សធម៌​ផង និង​ផ្ដល់​កាំភ្លើង​វែង​រាប់ពាន់​ដើម​ទៅ​ឲ្យ​ទាហាន​ហ្វីលីពីន​៕


Tag:
 ជប៉ុន​
  ហ្វីលីពីន​
  រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ​
  ស៊ិន​ហ្សូ អា​បេ​
© រក្សាសិទ្ធិដោយ thmeythmey.com