អន្តរជាតិ
នៅ​ចិន អ្នក​មិន​គោរព​ភ្លេងជាតិ​ប្រឈម​ជាប់គុក​៣​ឆ្នាំ​
31, Oct 2017 , 8:19 pm        
រូបភាព
​សភា​ប្រជាជន​ចិន ដែលជា​ស្ថាប័ន​នីតិបញ្ញត្តិ​កំពូល កំពុង​ពិចារណា​ដាក់ទោស​ធ្ងន់ធ្ងរ​លើ​បុគ្គល​ទាំងឡាយ​ដែល​មិន​គោរព​ភ្លេងជាតិ​។ ក្នុង​សេចក្ដីស្នើ​វិសោធនកម្ម​ច្បាប់ព្រហ្មទណ្ឌ ជន​ណា​ដែល​បំពាន​ភ្លេងជាតិ​អាច​ប្រឈមមុខ​នឹង​ការ​ជាប់ទោស​ពន្ធនាគារ​ដល់​ទៅ​បី​ឆ្នាំ​ឯណោះ​។ បើតាម​ច្បាប់​ស្ដីពី​ភ្លេងជាតិ អ្នក​ដែល​បំពាន​អាច​ជាប់ឃុំ​នៅ​ប៉ុស្តិ៍​ប៉ូលិស​រយៈពេល​១៥​ថ្ងៃ​ប៉ុណ្ណោះ ហើយ​កំពុង​ត្រូវបាន​អនុវត្ត​ក្នុង​ទឹកដី​ចិន​ទាំងអស់ រាប់ទាំង​ហុងកុង និង​ម៉ា​កាវ​ផង​។​



​សភា​ប្រជាជន​ចិន​កំពុង​គិតគូរ​ធ្វើ​វិសោធនកម្ម​ច្បាប់ព្រហ្មទណ្ឌ​របស់ខ្លួន​ដើម្បី​បញ្ចូល​មាត្រា​ថ្មី​ជុំវិញ​ការដាក់ទោស​បុគ្គល​ដែល​មិន​គោរព​ភ្លេងជាតិ​។ សេចក្ដីស្នើច្បាប់​ថ្មី​មួយ​ស្ដីពី​ការកែប្រែ​ច្បាប់ព្រហ្មទណ្ឌ​បាន​ទៅ​ដល់ដៃ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​សភា​ដើម្បី​ពិភាក្សា​ក្នុង​កិច្ចប្រជុំ​រៀងរាល់​ពីរ​ខែម្ដង​ដែល​ចាប់ផ្ដើម​នៅ​ថ្ងៃទី​៣០ ខែតុលា​។ ប៉ុន្តែ​គេ​មិនទាន់​ដឹង​ច្បាស់​ថា​សេចក្ដីស្នើច្បាប់​នេះ​ត្រូវបាន​អនុម័ត​ពេលណា​ឡើយ តែ​ត្រូវ​ទទួលទោស​ធ្ងន់ធ្ងរ​ជាង​មុន​។​

​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​ចិន Xinhua លោក Wang Chaoying អនុប្រធាន​គណៈកម្មកា​រ​កិច្ចការ​ច្បាប់​និយាយថា ច្បាប់ព្រហ្មទណ្ឌ​បានចែង​ទម្ងន់ទោស​នៃ​ការបំពាន​ទង់ជាតិ និង​សញ្ញា​ជាតិ​រួចហើយ ហើយ​ពេលនេះ​ទោស​នៃ​ការមិន​គោរព​ភ្លេងជាតិ​នឹងត្រូវ​ដាក់បញ្ចូល​ដូចគ្នា​ដែរ​។ សេចក្ដីស្នើច្បាប់​វិសោធនកម្ម​បញ្ជាក់ថា ទោស​នៃ​ការមិន​គោរព​ភ្លេងជាតិ​មានដូចជា​ការដកហូត​សិទ្ធិ​នយោបាយ ការ​ស្ថិតក្រោម​ការតាមដាន ការជាប់​ឃុំ ឬក៏​ដល់​ថ្នាក់​ជាប់ពន្ធនាគារ​ឯណោះ​។​

​ជុំវិញ​រឿងនេះ កាលពី​ខែកញ្ញា សភា​ចិន​ក៏​ទើបតែ​អនុម័ត​ច្បាប់​ស្ដីពី​ភ្លេងជាតិ ដែល​កំណត់​ពី​ការប្រើប្រាស់​ភ្លេងជាតិ​ឲ្យ​បាន​ត្រឹមត្រូវ​។ អ្នក​ដែល​កែប្រែ​ទំនុកច្រៀង ច្រៀង ឬ​ចាក់​ភ្លេងជាតិ​ក្នុង​ផ្លូវ​មិន​សមរម្យ​នៅតាម​ទីសាធារណៈ នឹងត្រូវ​ឃុំខ្លួន​រយៈពេល​១៥​ថ្ងៃ ហើយ​អាច​ត្រូវ​ជាប់ទោស​ឧក្រិដ្ឋ​ទៀតផង​។ ដោយសារ​ហេតុនេះ ទើប​សភា​ចិន​ពិចារណា​កែប្រែ​ច្បាប់ព្រហ្មទណ្ឌ​ដើម្បី​បញ្ចូល​ទោស​មួយ​នេះ សំដៅ​ដាក់ទោស​បុគ្គល​ដែល​បំពាន​។​

​វិសាលភាព​នៃ​ការអនុវត្ត​ច្បាប់​ខាងលើ គ្របដណ្ដប់​លើទឹក​ដី​ចិន​ទាំងអស់​រាប់ទាំង​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង និង​ម៉ា​កាវ​ផង​។ នៅ​ហុងកុង ការអនុវត្ត​ច្បាប់​នេះ​បង្ក​ជាការ​ព្រួយបារម្ភ​យ៉ាងខ្លាំង​ពី​សំណាក់​ប្រជាជន​ក្នុង​តំបន់ ដោយ​ចាត់ទុកជា​នេះ​ជាការ​ជ្រៀត​ជ្រែកចូល​កិច្ចការ​ផ្ទៃក្នុង​ហុងកុង​ពី​សំណាក់​ក្រុង​ប៉េកាំង​។ នេះ​ក៏​ព្រោះតែ​ហុងកុង​ជា​តំបន់​ស្វយ័ត​ពិសេស​មាន​ប្រព័ន្ធ​រដ្ឋបាល​ខ្លួនឯង ទោះជា​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​ចិន​តាមរយៈ «​ប្រទេសមួយ ប្រព័ន្ធ​ពីរ​» ក្ដី​។​

​គេ​អាច​ចាំបាន​ថា ក្នុង​ឆ្នាំ​២០១៥ អ្នកគាំទ្រ​ក្រុមកីឡា​បាល់ទាត់​ហុងកុង​បាន​ស្រែក​ឌឺដង​ដាក់​ភ្លេង​ជាតិចិន «March of the Volunteers» អំឡុងពេល​ការប្រកួត​ជម្រុះ​ពានរង្វាន់​ពិភពលោក​។ សហព័ន្ធ​កីឡាបាល់ទាត់​ពិភពលោក FIFA ក៏បាន​ពិន័យ​ហុងកុង​ជុំវិញ​ទង្វើ​របស់​អ្នកគាំទ្រ​របស់ខ្លួន​។ ភ្លេង​នេះ​ក្លាយជា​ភ្លេងជាតិ​ផ្លូវការ​នៅ​ឆ្នាំ​១៩៤៩ ស្របពេល​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ត្រូវបាន​បង្កើតឡើង​ដូចគ្នា​៕ 


Tag:
 ​ចិន​
  ច្បាប់​
© រក្សាសិទ្ធិដោយ thmeythmey.com