អន្តរជាតិ
ទស្សនកិច្ច​រយៈពេល​វែង​របស់លោក ត្រាំ នៅ​អាស៊ី​បង្ហាញ​ពី​ការប្តេជ្ញាចិត្ត​របស់​អាមេរិក​ចំពោះ​តំបន់​
31, Oct 2017 , 4:17 pm        
រូបភាព
រូបភាព៖ South China Morning Post
រូបភាព៖ South China Morning Post
​មន្ត្រីជាន់ខ្ពស់​អាមេរិក​បាន​លើកឡើងថា ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ នឹងចូលរួម​ក្នុង​ពិធី​លាង​សាយភោជន៍ ពិធី​អបអរ​ខួប​លើក​ទី ៥០ នៃ​ការបង្កើត​អាស៊ាន និង​ជួបពិភាក្សា​ជាមួយ​មេដឹកនាំ​សមាជិក​កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា​ទាំងអស់​ពេល​លោក​ស្ថិតនៅ​ហ្វីលីពីន​ថ្ងៃ ១២ ខែវិច្ឆិកា​ផង​។ វា​ជា​ដំណើរ​ទស្សនកិច្ច​ប្រវត្តិសាស្ត្រ​រយៈពេល​វែង​បំផុត​មួយ​របស់​ប្រធានាធិបតី​អាមេរិក ក្នុង​រយៈពេល​ជាង ២៥​ឆ្នាំ ហើយ​វា​ក៏​ឆ្លុះបញ្ចាំង​ពី​ជំហរ​មិន​ងាករេ​របស់​អាមេរិក​ក្នុងការ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​តំបន់​អាស៊ី​ផង​។​



​ក្នុង​សន្និសីទ​សារព័ត៌មាន​តាម​ទូរ​សព្ទ​ថ្ងៃ​ចន្ទ​ទី ៣០ ខែតុលា ឧបការី​រង​ប្រធានាធិបតី​អាមេរិក និង​ជា​នាយក​ទទួលបន្ទុក​កិច្ចការងារ​អាស៊ី​បូព៌ា​លោក Matt Pottinger បាន​បញ្ជាក់ថា លោក ត្រាំ នឹងចូលរួម​ក្នុង​កិច្ចប្រជុំ​សំខាន់ៗ និង វេទិកា​ប្រារព្ធ​ខួប​អាស៊ាន​លើក​ទី ៥០ ជាមួយ​មេដឹកនាំ​តំបន់​ទាំងអស់​ផង​ពេល​លោក​មកដល់​ក្រុង​ម៉ានីល​ថ្ងៃ ១២ វិច្ឆិកា​។

​ពេល​សួរ​ពី​អវត្តមាន​ប្រធានាធិបតី ត្រាំ ក្នុង​កិច្ចប្រជុំ​អាស៊ី​បូព៌ា (EAS) ក្នុងពេល​បំពេញ​ទស្សនកិច្ច​នៅ​ហ្វីលីពីន លោក Matt Pottinger បាន​ពន្យល់ថា គេ​មិនគួរ​និយាយថា ប្រធានាធិបតី ត្រាំ មិន​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា​ឡើយ​។​

«​ប្រធានាធិបតី​នឹង​អញ្ជើញ​មកដល់​ក្រុង​ម៉ានីល​នៅ​ថ្ងៃ ១២ វិច្ឆិកា ដោយ​លោក​ចូលរួម​ក្នុង​ពិធី​លាង​សាយភោជន៍​រួមជាមួយ​មេដឹកនាំ​សមាជិក​កិច្ចប្រជុំ​អាស៊ី​បូព៌ា រួមទាំង​ចូលរួម​ក្នុង​ពិធី​សំខាន់ៗ​ផ្សេងទៀត​។ ខ្ញុំ​មិន​គិតថា លោក ប្រធានាធិបតី​មិន​ចូលរួម​ក្នុង​កិច្ចប្រជុំ​អាស៊ី​បូព៌ា​ឡើយ​»​។ នេះ​ជាការ​សម្តី​របស់លោក Matt Pottinger ឆ្លើ​តប​នឹង​សារព័ត៌មាន​ថ្មីៗ​។ 

​កាលពី​សប្តាហ៍​មុន រដ្ឋមន្ត្រីការបរទេស​ហ្វីលីពីន​លោក Alan Peter Cayetano បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា ប្រធានាធិបតី ត្រាំ នឹងចូលរួម​កិច្ចប្រជុំ​អាមេរិក​អាស៊ាន និង​ការ​ប្រារព្ធ​ខួប​លើក​ទី ៥០ នៃ​ការបង្កើត​អាស៊ាន​ផងដែរ​ក្នុងពេលដែល​លោក​ស្ថិតនៅ​ហ្វីលីពីន​ថ្ងៃ ១២ និង​ថ្ងៃ ១៣ វិច្ឆិកា​នោះ​។ ប៉ុន្តែ​បើ​កិច្ចប្រជុំ​អាស៊ី​បូព៌ា ត្រូវ​រៀបចំឡើង​ថ្ងៃ ១៤ វិច្ឆិកា​តាម​ការកំណត់​នោះ លោក ត្រាំ មិនអាច​ចូលរួម​បានឡើយ​។

«​ការសម្រេចចិត្ត​ចុងក្រោយ​នោះ​គឺថា លោក ត្រាំ នឹង​មក​ទស្សនកិច្ច​នៅ​ហ្វីលីពីន​នៅ​ថ្ងៃ ១២ និង ១៣ ខែវិច្ឆិកា​។ បើសិនជា​កិច្ចប្រជុំ​អាស៊ី​បូព៌ា​នៅ​ត្រូវ​រៀបចំ​ថ្ងៃ ១៤ ខែវិច្ឆិកា​ដដែល លោក ត្រាំ មិនអាច​បន្ថែម​ពេល​មួយថ្ងៃ​ទៀត​ដើម្បី​ចូលរួម​ឡើយ​ព្រោះ​ដំណើរ​ទស្សនកិច្ច​របស់​លោក​វា​មាន​រយៈពេល​វែង​រួចហើយ​»​។ រដ្ឋមន្ត្រីការបរទេស​ហ្វីលីពីន​បាន​ថ្លែង​ដូច្នេះ​។

​ការប្តេជ្ញាចិត្ត​របស់​អា​មេ​រិ​ក​ចំពោះ​តំបន់​អាស៊ី​ជំនាន់​លោក ត្រាំ មិន​ប្រែប្រួល​ឡើយ​

​ដោយឡែក ព័ត៌មាន​ដែល​ពាក់ព័ន្ធ​ការមិន​ចូលរួម​កិច្ចប្រជុំ​អាស៊ី​បូព៌ា​របស់​ប្រធានាធិបតី ត្រាំ បានក្លាយ​ប្រធានបទ​ក្តៅ ហើយ​មានការ​វាយតម្លៃថា អវត្តមាន​លោក​ត្រាំ បញ្ជាក់ថា រដ្ឋបាល​នេះ​មិន​ចាប់អារម្មណ៍​តំបន់​អាស៊ី​ឡើយ​។​

​ពាក់ព័ន្ធ​ការលើកឡើង​បែបនេះ ឧបការី​រង​របស់​ប្រធានាធិបតី​លោក Matt Pottinger កត់សម្គាល់ថា វា​មានការ​រឿង​ជជែក​ត​គ្នា​ជា​បន្ត​បន្ទាប់ពី​ភាពមិនច្បាស់លាស់​នៃ​គោលនយោបាយ​របស់​រដ្ឋ​បាល​អាមេរិក​ថ្មី​ចំពោះ​តំបន់​។ ប៉ុន្តែ​លោក​យល់ថា វា​មិន​ឆ្លុះបញ្ចាំង​ពី​ការពិត​ជាក់ស្តែង​ឡើយ ហើយ​ទស្សនកិច្ច​លោក ត្រាំ មក​អាស៊ី​នេះ​ជា​ទស្សនកិច្ច​ប្រវត្តិសាស្ត្រ​មួយ​មិន​ធ្លាប់​ជាង​២៥​ឆ្នាំ​ហើយ​។ វា​ក៏​បង្ហាញ​ឲ្យ​ឃើញ​ពី​ការយកចិត្តទុកដាក់រ​បស់​អាមេរិក​ចំពោះ​តំបន់​អាស៊ីអាគ្នេយ៍​ដូចគ្នា​។​

«​តាមពិត​ទៅនេះ​ជា​ដំណើរ​ទស្សនកិច្ច​រយៈពេល​វែង​បំផុត​មួយ​របស់​ប្រធានាធិបតី​អាមេរិក​ដែល​មិន​ធ្លាប់មាន​ក្នុង​រយៈពេល​ជាង​២៥​ឆ្នាំ មកហើយ​។ លោក ដូ​ណា​ល់ ត្រាំ អញ្ជើញ​ទៅ Danang ដោយ​ចូលរួម​ក្នុង​កិច្ចប្រជុំ APEC  និង​ទៅ​ហាណូយ​ដើម្បី​បំពេញ​ទស្សនកិច្ច​ផ្លូវការ​។ បន្តម​កទៀត​លោក​បន្ត​មក​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន អាមេរិក (US-ASEAN Summit) ចូលរួម​ក្នុងការ​ប្រារព្ធ​ខួប​លើក​ទី ៤០ នៃ​ការបង្កើត​ទំនាក់ទំនង​រវាង​អាស៊ាន និង​អាមេរិក រួមជាមួយ​ខួប​លើក​ទី​៥០​របស់​អាស៊ាន​នៅ​ម៉ានីល​ទៀត​»​។ លោក Pottinger បាន​បន្ថែម​ដូច្នេះ​។

​មកដល់​បច្ចុប្បន្ន រដ្ឋបាល​លោក ដូ​ណា​ល់ ត្រាំ កំពុង​ត្រួត​ពិនិត្យឡើងវិញ និង​កែសម្រួល​គោលនយោបាយ​ការបរទេស និង​យុទ្ធសាស្ត្រ​របស់ខ្លួន​មកកាន់​តំបន់​អាស៊ី ធ្វើយ៉ាងណា​ឲ្យ​ខុសប្លែក​ពី​គោលនយោបាយ​ការបរទេស​ពង្រឹង​ឥទ្ធិពល​អាមេរិក​ឡើងវិញ​នៅ​អាស៊ី (Asia Pivot) របស់លោក បា​រ៉ា​ក់ អូ​បា​ម៉ា​នោះ​។ គេ​មិនទាន់​ដឹង​ច្បាស់​ថា​គោលនយោបាយ​ថ្មី​នេះ​ខុសប្លែក​បែបណា​ពី​គោលនយោបាយ​រដ្ឋបាល​មុន​ឡើយ​។

​សូមបញ្ជាក់​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ នឹង​ចាប់ផ្តើម​ដំណើរ​ទស្សនកិច្ច​មកកាន់​តំបន់​អាស៊ី​ជា​លើកដំបូង​នៅ​ថ្ងៃ ៣ វិច្ឆិកា​ខាងមុខ​។ ដំណើរ​ទស្សនកិច្ច​រប​ស់លោក ត្រាំ ផ្តើម​នៅ​ប្រទេស​ជប៉ុន មុន​បន្តទៅ​កូរ៉េខាងត្បូង ចិន វៀតណាម និង​ហ្វីលីពីន​។ រដ្ឋ​ហា​វ៉ៃ​ជា​គោលដៅ​ចុងក្រោយ​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោក ត្រាំ​៕


Tag:
 ដូ​ណា​ល់ ត្រាំ​
  Matt Pottinger
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com