អន្តរជាតិ
ចិន ជឿថា អេ​ស្ប៉ា​ញ​មាន​សមត្ថភាព​បង្រួបបង្រួម​ជាតិ ក្រោយ​តំបន់ Catalonia ប្រកាស​ឯករាជ្យ​
31, Oct 2017 , 9:19 pm        
រូបភាព
ដោយ:
​រដ្ឋាភិបាល​ក្រុង​ប៉េកាំង បានបង្ហាញ​ការគាំទ្រ​ចំពោះ​ការប្រឹងប្រែង​របស់​រដ្ឋា​ភិ​បាល​អេ​ស្ប៉ា​ញ​ក្នុងការ​បង្រួបបង្រួម​ជាតិ ខណៈពេល​អេ​ស្ប៉ា​ញ​ដើរ​ដល់​ចំណុច​រង្គោះរង្គើរ​ផ្ទៃក្នុង​មួយ ។ ដោយ​ហៅ​បញ្ហា​នៅ​Catalonia ជា​បញ្ហា​ផ្ទៃក្នុង ក្រុង​ប៉េកាំង​មិន​គាំទ្រ​ការប្រកាស​ផ្តាច់ខ្លួន​ចេញ​គ្រប់​រូបភាព ។



​នៅពេលដែល​អ្នកសារព័ត៌មាន សួរថា​តើ​ចិន មានការ​យល់ឃើញ និង​ចំណាប់អារម្មណ៍​យ៉ាង​ចំពោះ​បញ្ហា​ដែល​កំពុងតែ​កើតឡើង​នៅក្នុង​អេ​ស្ប៉ា​ញ ក្រុង​ប៉េកាំង មិន​ធ្វើ​អត្ថាធិប្បាយ​ឡើយ ដោយបាន​ចាត់ទុក​បញ្ហា​ទាំងនោះ គឺជា​រឿង​កិច្ចការ​ផ្ទៃក្នុង​ប៉ុណ្ណោះ​។

​ក្នុង​សន្និសីទ​សារព័ត៌មាន​ប្រចាំថ្ងៃ​នៅ​ថ្ងៃ​៣០ តុលា អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោកស្រី Hua Chunying បាន​អះអាង​យ៉ាង​ដូច្នេះ​ថា​៖« យើង​គិតថា វា​ជា​រឿង​កិច្ចការ​ផ្ទៃក្នុង​របស់​អេ​ស្ប៉ា​ញ ។ យើង​យល់ និង​គាំទ្រ​ការខិតខំ​រដ្ឋាភិបាល​នេះ​ក្នុងការ​បង្រួបបង្រួម​ជាតិ សាមគ្គីភាព ជាតិ​សាសន៍ និង​បូរណភាព​ទឹកដី ។​

​ក្រុង​ប៉េកាំង មិន​គាំទ្រ​រាល់​សកម្មភាព​ផ្តាច់ខ្លួន​ចេញ និង​ការបំពានច្បាប់​គ្រប់​រូបភាព​។ តែ​យ៉ាងណាក៏ដោយ ចិន​ជឿជាក់ថា អេ​ស្ប៉ា​ញ​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុងការ​រក្សា​សណ្តាប់ធ្នាប់​សង្គម និង​ធានា​ពី​សិទ្ធិ​និង​ផលប្រយោជន៍​របស់​ពល​រដ្ឋ​ផងដែរ ។​

​សូម​រម្លឹក​ផងដែរ​ថា នៅ​ថ្ងៃ​០១ តុលា​កន្លងទៅ លោក Carles Puigdemont បាន​ដឹកនាំ​ឲ្យ​មាន​ការធ្វើប្រជាមតិ​មួយ​ផ្តាច់ខ្លួន​តំបន់ Catalonia ចេញពី​អេ​ស្ប៉ា​ញ ។ ប្រជាជន​តំបន់ Catalonia ៩០​ភាគរយ​បោះឆ្នោត​គាំទ្រ​ការ​ផ្តាច់ខ្លួន​ក្នុង​ប្រជាមតិ ដែល​រដ្ឋាភិបាល​អេ​ស្ប៉ា​ញ​ចាត់ទុកជា​ទង្វើ​ខុសច្បាប់​។​

​មកទល់ពេលនេះ ការប៉ុនប៉ង​ផ្តាច់ខ្លួន​ចេញពី​អេ​ស្ប៉ា​ញ ទំនងជា​គ្មាន​លទ្ធផល​អ្វី​ឡើយ ដ្បិត​រដ្ឋាភិបាល​អេ​ស្ប៉ា​ញ ទើបបាន​សម្រេច​ប្រើប្រាស់​អំណាច​របស់ខ្លួន​បញ្ចប់​ការផ្តល់​ស្វ័យភាព​ដល់​តំបន់ Catalonia នៅ​ចុង​សប្តាហ៍​នេះ ក្រោយ​ពេលដែល​សភា​តំបន់ Catalonia បានសម្រេច​បោះឆ្នោត​ប្រកាស​ឯករាជ្យ​ពី​អេ​ស្ប៉ា​ញ​នោះ ៕


Tag:
 ចិន​
  អេ​ស្ប៉ា​ញ​
  Catalonia
© រក្សាសិទ្ធិដោយ thmeythmey.com