អន្តរជាតិ
របប​សឹក​ថៃ​៖ យី​ង​ឡាក់ លែង​ប្រើប្រាស់​លិខិតឆ្លងដែន​ជនជាតិ​ថៃ​ដើម្បី​ធ្វើដំណើរ​បាន​ទៀតហើយ
31, Oct 2017 , 10:19 pm        
រូបភាព
ដោយ:
​រដ្ឋាភិបាល​សឹក​ថៃ បាន​លុបចោល​លិខិតឆ្លងដែន​ទាំង​បួន ដែល​កំពុងតែ​ប្រើប្រាស់​ដោយ​អតីត​នាយករដ្ឋមន្ត្រី​ថៃ​លោកស្រី យី​ង​ឡាក់ ស៊ីន​ណា​វ៉ា​ត់ ។ នេះ​ជា​ចំណាត់ការ​ថ្មី​មួយ​បន្ថែមទៀត​ដែល​ត្រូវបាន​ដាក់ចេញ​ដើម្បី​ប្រឆាំងនឹង​លោកស្រី យី​ង​ឡាក់ បន្ទាប់ពី​លោកស្រី មិន​បង្ហាញខ្លួន​តាម​ដីកាកោះ​របស់​តុលាការ​។



​លិខិតឆ្លងដែន​ទាំង​បួន ដែល​កាន់កាប់​ដោយ​អតីត​នាយករដ្ឋមន្ត្រី យី​ង​ឡាក់ ស៊ីន​ណា​វ៉ា​ត់ ត្រូវបាន​បញ្ចប់​សុពលភាព​ដោយ​ក្រសួងការបរទេស​ថៃ​រួចហើយ ។ នេះ គឺជា​ការអះអាង​របស់​អ្នកនាំពាក្យ​ក្រសួងការបរទេស​ថៃ លោក Busadee ដែល​ត្រូវបាន​ចុះផ្សាយ​ដោយសារ​ព័ត៌មាន​ថៃ The Nation នៅ​ថ្ងៃ​៣១ តុលា ។

​អ្នកនាំពាក្យ បាន​ពន្យល់ថា ការលុបចោល​នេះ ធ្វើឡើង​តាម​សំណើ​របស់​ប៉ូលិស​ថៃ ហើយ​លិខិតឆ្លងដែន​ទាំង​បួន​នោះ មាន​ពីរ​ជា​លិខិតឆ្លងដែន​ធម្មតា និង​ពីរ​ផ្សេងទៀត​ជា​លិខិតឆ្លងដែន​ការទូត ។

​អ្នកនាំពាក្យ​ដដែល បាន​សង្កត់ធ្ងន់​ទៀតថា ពី​ពេលនេះ​តទៅ លោកស្រី យី​ង​ឡាក់ មិនអាច​ប្រើប្រាស់​លិខិតឆ្លងដែន​ជនជាតិ​ថៃ​ដើម្បី​ធ្វើដំណើរ​បាន​ទៀតឡើយ ហើយ​រដ្ឋាភិបាល​ថៃ ក៏បាន​ណែនាំ​ពី​ចំណាត់ការ​របស់ខ្លួន​ទៅគ្រប់​បណ្តា​ស្ថានទូត​ថៃ​ទូទាំង​ពិភពលោក​រួចហើយ​ដែរ​។

​សូម​រម្លឹក​បន្តិច​ដែរ​ថា នៅ​ថ្ងៃទី​២៧ កញ្ញា តុលាការ​កំពូល​ថៃ​បាន​កាត់ទោស​កំបាំងមុខ​លើ​សំណុំរឿង​របស់​អតីត​នាយករដ្ឋមន្ត្រី យី​ង​ឡាក់ ដោយ​សម្រេច​ឲ្យ​ជាប់ពន្ធនាគារ​៥​ឆ្នាំ​ពីបទ​ធ្វេសប្រហែស​ក្នុងការ​ដឹកនាំ​ដែល​ធ្វើ​ឲ្យ​រដ្ឋ​ខាតបង់​ទឹកប្រាក់​រាប់លាន​ដុល្លារ​ដោយសារ​កម្មវិធី​ស្រូវ​អង្ករ​រដ្ឋ​។

​គេ​នៅ​មិនទាន់​ដឹង​ច្បាស់​ថា លោកស្រី​អតីត​នាយករដ្ឋមន្ត្រី កំពុងតែ​ស្នាក់នៅ​ទីក្រុង​ឌូ​បៃ ឬ​ទីក្រុង​ឡុង​ដ៍ ដូច​តាម​សារព័ត៌មាន​មួយចំនួន​ចុះផ្សាយ​ឡើយ​។ វា​កាន់តែ​ស្មុគស្មាញ បន្ទាប់ពី​របប​សឹក​បញ្ចប់​សុពលភាព​លិខិតឆ្លងដែន​ទាំង​បួន​របស់​លោកស្រី ដោយ​គេ​មិនដឹងថា​លោកស្រី​នឹង​ប្រើប្រាស់​លិខិតឆ្លងដែន​បរទេស​ឬ​យ៉ាងណា​នោះទេ​៕


Tag:
 ថៃ​
  អាស៊ាន​
  យី​ង​ឡាក់ ស៊ីណា​វ៉ា​ត់
© រក្សាសិទ្ធិដោយ thmeythmey.com