អន្តរជាតិ
​ញូវយ៉ក​៖ ៨​នាក់​ស្លាប់ ក្នុងការ​វាយប្រហារ​រ​បស់​សមា​ជិ​កក្រុម​ភេរវជន​រដ្ឋ​ឥស្លាម
01, Nov 2017 , 8:12 am        
រូបភាព
រូបភាព៖ AP
រូបភាព៖ AP
ដោយ: ថ្មីៗ
​ភេរវជន​ដែល​បើករថយន្ត​បុក​រះ​បង្ក​ឲ្យ​មនុស្ស​ស្លាប់ ៨​នាក់ និង​របួស ១១​នាក់​នៅក្នុង​ទីក្រុង ញូវយ៉ក នោះ​ត្រូវបាន​គេ​កំណត់​អត្ត​សញ្ញា​ណា​បាន ដោយ​គេ​មាន​ឈ្មោះថា Sayfullo Saipov ជនជាតិ​អ៊ូ​បេ​គី​ស្ថាន​។ ជននេះ​បានប្រកាស​ភក្តីភាព​ចំពោះ​ក្រុម​ភេរវជន ដែ​ស្ហ​ឬ​ក្រុម​រដ្ឋ​ឥស្លាម​ផង​។​

​មនុស្ស ៨​នាក់​បាន​ស្លាប់ និង​១១​នាក់​ផ្សេងទៀត​រងរបួស​ដោយសា​រ​ការវាយប្រហារ​ដោយ​បើករថយន្ត​បុក​រះ​លើផ្លូវ​សម្រាប់អ្នក​ជិះ​កង់​កណ្តាល​ទីក្រុង ញូវយ៉ក​នៅ​ថ្ងៃ ៣១ ខែតុលា​។ វា​ជាការ​ប្រហារ​ទ្រង់ទ្រាយ​ធំ​បំផុត​មួយ​មិន​ធ្លាប់មាន​ចាប់ពី​មានការ​វាយប្រហារ​អគារ​ពាណិជ្ជកម្ម​ថ្ងៃ ១១ ខែកញ្ញា​ឆ្នាំ ២០០១ មក​នោះ​។​
 
​សារព័ត៌មាន New York Times បាន​ផ្សាយ​ថា  ជន​ដែល​បង្កហេតុ​នោះ​មាន​ឈ្មោះថា Sayfullo Saipov អាយុ ២៩ ឆ្នាំ និង​មាន​ដើមកំណើត​អ៊ូ​បេ​គី​ស្ថាន​។ ជននេះ​បានមក​រស់នៅ​អាមេរិក​នៅក្នុង​ឆ្នាំ ២០១០ ហើយ​ទទួលបាន​កាត​បៃតង​ដែលជា​ឯកសារ​អនុញ្ញាត​ឲ្យ​គេ​រស់នៅ​ស្របច្បាប់​នៅ​អាមេរិក​ផង​។ 
 
​ប៉ូលិស​តំបន់​បាន​អះអាងថា ជននេះ​បានប្រកាស​ភក្តីភាព​ចំពោះ​ក្រុម​ភេរវជន​ដែ​ស្ហ​ឬ​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​។ គេ​បាន​បើក​បុក​រះ​មនុស្ស​រហូតដល់​បុក​ជាមួយ​រថយន្ត​ដឹក​សិស្ស​។ ក្រោយ​រថយន្ត​ឈប់ Saipov បាន​លោត​ចុះ ហើយ​កាន់​កាំភ្លើង​ខ្យល់​រត់​ស្រែកថា «​ព្រះ​អស្ចារ្យ​ណាស់​»​។ ភ្លាមៗ​នោះ​ប៉ូលិស​សម្រេច​បាញ់​តែម្តង ហើយ​គេ​ស្ថិតក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​ផងដែរ​។​
 
​អភិបាលក្រុង​ញូវយ៉ក បានប្រកាសថា ករណីនេះ​ជាការ​វាយប្រហារ​ភេរវកម្ម ហើយ​មន្ត្រី​អនុវត្ត​ច្បាប់​សហព័ន្ធ​នឹង​ទទួលខុសត្រូវ​ស៊ើបអង្កេត​ករណី​វាយប្រហារ​នេះ​បន្តទៀត​។​
 
​ក្រោយ​ការវាយប្រហារ ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ដែលមាន​គោលនយោបាយ​កម្រិត​ការហូរចូល​នៃ​ជនអន្តោប្រវេសន៍​មកកាន់​សហរដ្ឋអាមេរិក​នោះបាន​ប្រកាស​ថ្កោលទោស​ការវាយប្រហារ និង ផ្ញើ​សារ​រម្លែក​ទុក​ចំពោះ​អ្នកស្លាប់​។ ហើយ​លោក​បាន​អះអាងថា អាមេរិក​មិន​អនុញ្ញាត​ឲ្យ​ក្រម​ភេរវជន​រដ្ឋ​ឥស្លាម​ត្រឡប់ ឬ​ចូល​ទឹកដី​អាមេរិក​ឡើយ​៕
 

Tag:
 អាមេរិក
  ដែស្ហ
  ដូណាល់ ត្រាំ
  ញូវយ៉ក
© រក្សាសិទ្ធិដោយ thmeythmey.com