កីឡាជាតិ
ជាតិ
AFC U19៖ ក្នុងនាម​ជា​ក្រុម​លេខ​២ កម្ពុជា​កំពុង​អ៊ុត​មើល​លទ្ធផល​៩​ពូ​ល​ផ្សេងទៀត​
01, Nov 2017 , 9:46 am        
រូបភាព
ដោយ:
​ក្រុមកីឡា​បាល់ទាត់​អាយុ​ក្រោម​១៩​ឆ្នាំ​កម្ពុជា កំពុង​អ៊ុត​មើល​វាសនា​របស់ខ្លួន​ក្នុង​ព្រឹត្តិការណ៍ AFC U19 Championship 2018 ក្រោយ​ឈរ​ចំណាត់ថ្នាក់​លេខ​២ ពូ​ល G បន្ទាប់ពី​ចិន​។ ជាមួយនឹង​ការទទួលបាន​៣​ពិន្ទុ (+០) កម្ពុជា​ត្រូវ​រង់ចាំ​រហូតដល់​ការប្រកួត​៩​ពូ​ល​ផ្សេងទៀត​ចប់សព្វគ្រប់ ខណៈ​ការប្រកួត​ទាំងនោះ​បានចាប់ផ្តើម​ហើយ​។​



​សម្រាប់​ការប្រកួត​ជម្រុះ​ពូ​ល G នៃ​វគ្គ​ជម្រុះ AFC U19 Championship 2018 នៅ​ពហុ​កីឡដ្ឋាន​ជាតិ កម្ពុជា បាន​ចាញ់​ចិន ១-០ ឈ្នះ​មី​យ៉ាន់​ម៉ា ៣-២ និង​ស្មើ​ហ្វីលីពីន ០-០ ។ នៅក្នុង​ពូ​ល​នេះ ចិន បាន​៩​ពិន្ទុ ដើម្បី​ទទួល​កៅអី​ដោយ​ស្វ័យប្រវត្តិ​ទៅកាន់​ប្រទេស​ឥណ្ឌូណេស៊ី ខណៈ​កម្ពុ​ជាមាន​៤​ពិន្ទុ​ស្ថិតក្នុង​ចំណាត់ថ្នាក់​លេខ​២ ។​

​សម្រាប់​តំណែង​លេខ​២​ល្អ​នៃ​ពានរង្វាន់​យុវជន​អាស៊ី​នេះ ជំនួប​ជាមួយ​ក្រុម​បាត​តារាង​មិនត្រូវ​រាប់បញ្ចូល​ឡើយ​ដោយសារ​ក្រុម Northern Mariana Islands ដែល​ស្ថិតនៅក្នុង​ពូ​ល J  និង​អា​ហ្វ​ហ្គា​នី​ស្ថាន ដែល​ឈរ​នៅ​ពូ​ល C បាន​ដកខ្លួន​ចេញ​។ ចំណែក ពូ​ល​ដែលមាន​៥​ក្រុម​ដូចជា​ពូ​ល A, B និង F លទ្ធផល​ជាមួយ​ក្រុម​ចំណាត់ថ្នាក់​លេខ​៤ និង​លេខ​៥​ក៏​មិន​ត្រូវបាន​បូក​បញ្ចូល​ដែរ​។​

​ករណី​មានន័យថា U19 កម្ពុជា មាន​៣​ពិន្ទុ (+០) ដោយ​ផ្អែកលើ​លទ្ធផល​ចាញ់​ចិន ១-០ និង​ឈ្នះ​មី​យ៉ាន់​ម៉ា ៣-២ ខណៈ​លទ្ធផល​ស្មើ ០-០ ជាមួយ​ហ្វីលីពីន មិន​ត្រូវបាន​រាប់បញ្ចូល​។

​ក្រុម​កំពូល​តារាង​នៃ​ពូ​ល​នីមួយៗ បាន​កៅអី​ទៅកាន់​វគ្គ​ចុងក្រោយ​នៅ​ឥណ្ឌូណេស៊ី បូក​ជាមួយ​ក្រុម​លេខ​២​ឆ្នើម​ចំនួន​៥​ផ្សេងទៀត​។ ក្នុងករណី​ឥណ្ឌូណេស៊ី ស្ថិតក្នុង​កំពូល​តារាង ឬ​លេខ​២​ឆ្នើម នា​ការប្រកួត​ជម្រុះ ក្រុម​លេខ​២​ឆ្នើម​នឹង​កើន​ដល់​៦​ក្រុម ពីព្រោះ​ក្នុងនាម​ជា​ម្ចាស់ផ្ទះ ឥណ្ឌូណេស៊ី មាន​សិទ្ធិ​លេង​នៅ​វគ្គ​ចុងក្រោយ​ដោយ​ស្វ័យប្រវត្តិ​។​

​នា​ជំនួប​ចុងក្រោយ​កន្លងមក គ្រូបង្វឹក U19 ហ្វីលីពីន​លោក Jose Maria Anoche Aberasturi បាន​អះអាងថា ការរក្សា​លទ្ធផល​ស្មើ ០-០ ជាមួយ​កម្ពុជា​កើតឡើង​ពី​ការ​ប្រាប់​កូនក្រុម​ឲ្យ​បិទ​កីឡាករ​កម្ពុជា​៣​រូប​រួមមាន សៀង ច​ន្ធា ទៀត គឹម​ហេង និង ស៊ិន កក្កដា របស់លោក​។ ពាក់ព័ន្ធ​នឹង​ការបិទ​នេះ​គ្រូបង្វឹក​ហ្វីលីពីន​យល់ឃើញថា ដោយសារ​ពួកគេ​ទាំងបី​ជា​កីឡាករ​ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​ហ្វីលីពីន​។

​ក្នុងនោះ​លោក​បាន​ប្រាប់​កូនក្រុម​ឲ្យ​ព្យាយាម​រារាំង​ខ្សែប្រយុទ្ធ សៀង ច​ន្ធា ព្រោះ​រូបគេ​មាន​បច្ចេកទេស​ខ្ពស់​ក្នុងការ​បណ្តើ​របាល់​ទៅមុខ​យ៉ាង​លឿន​នៅពេល​បាល់​នៅជាប់​នឹង​ជើង​របស់គេ រីឯ ស៊ិន កក្កដា ឲ្យ​ព្យាយាម​បិទ​ជើងឆ្វេង​ព្រោះ​ជើងឆ្វេង​របស់គេ​អាច​បង្ក​គ្រោះថ្នាក់​បើ​បណ្តោយ​ឲ្យ​ទាត់​បាល់​បាន​។ ចំណែក​ខ្សែបម្រើ ទៀត គឹម​ហេង មាន​ចលនា​បន្លាស់​ទី​លឿន និង​មានការ​សហការ​យ៉ាង​ល្អជា​មួយ សៀង ច​ន្ធា ដែលជា​ចំណុច​គ្រោះថ្នាក់​បំផុត​សម្រាប់​ហ្វីលីពីន​។

​ទន្ទឹមនឹងនេះ​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​អាយុ​ក្រោម​១៩​ឆ្នាំ​កម្ពុជា​លោក Inoue Kazunori បាន​លើកឡើងថា ការមិនអាច​ទម្លុះ​សំណាញ់​ទី​ហ្វីលីពីន​បាន​ដោយសារ​កូនក្រុម​លោក​នៅ​ខ្សោយ​ផ្នែក​បច្ចេកទេស ការ​បណ្តើ​របាល់ និង​ការសម្រេច​ទី​។ ចំណុច​ទាំងនេះហើយ​ដែល​ធ្វើ​ឲ្យ​កម្ពុជា​មិនអាច​សម្រេច​ឱកាស​មាស​ដែល​បាន​ហុច​ឲ្យ​ជាច្រើនលើក​ច្រើនសារ​សម្រាប់​កម្ពុជា​។

​ទន្ទឹមនឹង​ការសោកស្តាយ​ចំពោះ​លទ្ធផល​ស្មើ ០-០ ជាមួយ​ហ្វីលីពីន​ដែល​មិន​ស្គាល់​ជ័យជម្នះ​សម្រាប់​៣​ប្រកួត​របស់ខ្លួន គ្រូបង្វឹក​ជនជាតិ​ជប៉ុន Kazunori ជំរុញ​ឲ្យ​កីឡាករ​កម្ពុជា​ខិតខំ​ប្រឹងប្រែង​អភិវឌ្ឍន៍​សមត្ថភាព និង​បច្ចេកទេស​ឲ្យ​កាន់តែ​រីកចម្រើន​ថែមទៀត​៕


Tag:
 បាល់ទាត់​
  Inoue Kazunori
  Jose Maria Anoche Aberasturi
© រក្សាសិទ្ធិដោយ thmeythmey.com