អន្តរជាតិ
តុលាការ​ធម្មនុញ្ញ​អេ​ស្ប៉ា​ញ​ទាត់ចោល​ការប្រកាស​ឯក​រាជ្យ​នៃ​ទឹកដី Catalonia
01, Nov 2017 , 10:18 am        
រូបភាព
​តុលាការ​ធម្មនុញ្ញ​អេ​ស្ប៉ា​ញ​បានសម្រេច​ទាត់ចោល​ការប្រកាស​ឯក​រាជ្យ​នៃ​ទឹកដី Catalonia នៅ​ថ្ងៃ​អង្គារ​ទី ៣១ ខែតុលា​។ ការសម្រេច​នេះ​ធ្វើឡើង​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​ក្រោយ​សភា​តំបន់ Catalonia សម្រេច​ប្រកាស​ឯករាជ្យ ដោយ​យោងតាម​លទ្ធផល​ប្រជាមតិ​កន្លងមក​។



​ក្រោយ​ទឹកដី Catalonia ប្រកាស​ឯករាជ្យ​សប្តាហ៍​មុន រដ្ឋាភិបាល​អេ​ស្ប៉ា​ញ​បានសម្រេច​បញ្ចប់​ស្វ័យភាព​ទឹកដី​នេះ​ភ្លាមៗ និង​ទាញ​យកមក​គ្រប់គ្រង​ដោយផ្ទាល់​វិញ​។ ប៉ុន្តែ​ដល់​ថ្ងៃ​អង្គារ​ទី ៣១ ខែតុលា តុលាការ​ធម្មនុញ្ញ​អេ​ស្ប៉ា​ញ​ក៏បាន​សម្រេច​លុបចោល​កា​រ​ប្រកាស​ឯករាជ្យ​នៃ​ទឹកដី​នេះ​ថែមទៀត​។​

​បើតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន​រុស្ស៊ី RT ការសម្រេច​នេះ​ធ្វើឡើង​ចំ​ពេលដែល​ប្រធានាធិបតី​តំបន់ Catalonia លោក Carles Puigdemont  ដែល​ត្រូវបាន​គេ​ទម្លាក់​ពី​តំណែង​នោះ​ធ្វើដំណើរ​ទៅ​ទីក្រុង​ព្រុ​ច​សែ​ល​ដើម្បី​ផ្តល់​សុន្ទរកថា​នៅ​ទីនោះ​ផង​។ លោក​ក៏​ត្រូវបាន​រដ្ឋាភិបាល​អេ​ស្ប៉ា​ញ​ដាក់ពាក្យ​ប្តឹង​លោក​ពី​ការជំរុញ​ឲ្យ​មានការ​ផ្តាច់ខ្លួន​នៃ​ទឹកដី​ខាងលើ​ផងដែរ​។​

​យ៉ាងណាមិញ​ពេល​ជួប​អ្នកសារព័ត៌មាន លោក Puigdemont បានបញ្ជាក់​ច្បាស់​ថា លោក​មិនបាន​ចាក​ចេញមក​ព្រុ​ច​សែ​ល​ដើម្បី​សុំ​សិទ្ធិ​ជ្រកកោន​នយោបាយ​ឡើយ​។ លោក​ក៏បាន​បន្ថែម​ផងដែរ​ថា លោក​ថ្កោលទោស​ប្រព័ន្ធយុត្តិធម៌​អេ​ស្ប៉ា​ញ និង​ចង់បង្ហាញ​ទៅ​ពិភពលោក​ពី​វិបត្តិ​ប្រជាធិបតេយ្យ​ដែល​កំពុង​កើតមានឡើង​នៅ​អេ​ស្ប៉ា​ញ​។​

​ដោយឡែក​ក្រៅពី​ការសម្រេច​របស់​តុលាការ​ធម្មនុញ្ញ តុលាការ​កំពូល​អេ​ស្ប៉ា​ញ​ក៏បាន​សម្រេច​កោះហៅ​ប្រធានសភា​តំបន់ Catalonia និង​សមាជិកសភា​ប្រាំ​រូប​ផ្សេងទៀត​ឲ្យ​ចូលខ្លួន​បំភ្លឺ​នៅ​ថ្ងៃ ២ និង​ថ្ងៃ ៣ ខែវិច្ឆិការ​នេះ​ផង​។​

​សូមបញ្ជាក់ថា សភា​តំបន់ Catalonia បានសម្រេច​ប្រកាស​ឯករាជ្យ​ពី​អេ​ស្ប៉ា​ញ​ក្នុងសម័យ​ប្រជុំ​ថ្ងៃ ២៧ ខែតុលា ហើយ​កិច្ចប្រជុំ​នេះ​ត្រូវបាន​សមាជិកសភា​ដែល​គាំទ្រ​ការរួមរស់​ជាមួយ​អេ​ស្ប៉ា​ញ​ធ្វើ​ពិ​ហិ​កា​។ ឆ្លើយតប​នឹង​ការប្រកាស​ឯករាជ្យ​នេះ ព្រឹទ្ធសភា​អេ​ស្ប៉ា​ញ​បានសម្រេច​អនុវត្ត​មាត្រា ១៥៥ នៃ​រដ្ឋធម្មនុញ​ដើម្បី​ដកហូត​អំណាចរដ្ឋាភិបាល​តំបន់ ហើយ​ប្រកាស​ការបោះឆ្នោត​តំបន់​នេះ​នៅ​ខែធ្នូ​ខាងមុខ​៕


Tag:
 អេ​ស្ប៉ា​ញ​
  Catalonia
  Carles Puigdemont
© រក្សាសិទ្ធិដោយ thmeythmey.com