អន្តរជាតិ
ចិន​ប្រាប់​អាមេរិក​ឲ្យ​ឈប់​លូកលាន់​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង មុន ត្រាំ មក​ទស្សនកិច្ច​អាស៊ី​
01, Nov 2017 , 2:38 pm        
រូបភាព
​សហរដ្ឋអាមេរិក​មិនគួរ​ព្យាយាម​រារាំង​ការប្រឹងប្រែង​របស់​ចិន និង​ប្រទេសជិតខាង​ក្នុង​ការឈាន​ទៅ​ឯកភាពគ្នា​លើ​ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាងត្បូង​ឡើយ​។ នេះ​សារ​ផ្តាំផ្ញើ​របស់​តំណាង​រដ្ឋាភិបាល​ចិន​ទៅកាន់​អាមេរិក ដើម្បី​ស្នើ​ឲ្យ​មហាអំណាច​ឈប់​លូកលាន់​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​ទៀត​។​



​ប៉ុន្មាន​ថ្ងៃមុន​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ចាប់ផ្តើម​ដំណើរ​ទស្សនកិច្ច​របស់​ខ្លួន​មកកាន់​តំបន់​អាស៊ី​ជា​លើកដំបូង ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​សហរដ្ឋអាមេរិក​បាន​ប្រាប់​ឲ្យ​អាមេរិក​ឈប់​លូកលាន់​ក្នុង​បញ្ហា​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ទៀត​។​

​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AP លោក Cui Tiankai ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​អាមេរិក​បាន​និយាយថា អាមេរិក​គ្មាន​ចំណែក​សូម្បី​បន្តិច​ក្នុង​ដែន​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​។​ដូច្នេះហើយ អាមេរិក​គួរ​ឈប់​បង្កើត​បញ្ហា និង​អនុញ្ញាត​ឲ្យ​ប្រទេស​ពាក់ព័ន្ធ​ក្នុង​តំបន់​គ្រប់គ្រង​និង​ដោះស្រាយ​ជម្លោះ​ដោយ​ប្រើ​យន្តការ​ដែលមាន​ប្រសិទ្ធភាព និង​រក្សា​ចំណងមិត្តភាព​រួមគ្នា​បាន​។​

«​ខ្ញុំ​គិតថា វា​ប្រាកដជា​ប្រសើរ​ជាង​មុន​ប្រសិនបើ​ប្រទេស​ដទៃ​រួមទាំង​អាមេរិក​ផង​នោះ​មិន​ព្យាយាម​លូកលាន់ និង​ព្យាយាម​បង្កើត​ឧបសគ្គ​សម្រាប់​ការឯកភាព​គ្នា​លើ​ការ​ឈានទៅ​បង្កើត​ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាងត្បូង​នោះ​។ ខ្ញុំ​គិតថា វា​ជា​ក្តីសង្ឃឹម​របស់​យើង ហើយ​វា​ក៏​ជា​ក្តីសង្ឃឹម​របស់​ប្រទេស​អាស៊ាន​ដែរ​»​។ លោក Cui Tiankai បានលើកឡើង​ដូច្នេះ​។​

​កន្លងមកនេះ​ចិន​រង​ការរិះគន់​ខ្លាំង​ពី​ក្រុង​វ៉ាស៊ីនតោន និង​បណ្តា​ប្រទេសមួយ​ចំនួន​នៅ​អាស៊ាន​ដូចជា​វៀតណាម​ជាដើម​ពាក់ព័ន្ធ​ការបន្ត​សាងសង់​កោះ​សិប្បនិម្មិត​នៅក្នុង​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​។ ថ្វីបើ​គ្មាន​ចំណែក​ក្នុង​តំបន់​ជម្លោះ អាមេរិក​អះអាងថា ខ្លួន​មាន​សិទ្ធិ​ឈឺឆ្អាល​ព្រោះ​ខ្លួន​ក៏មាន​សេរីភាព​នាវាចរណ៍ និង​ហោះហើរ​នៅ​សមុទ្រ​ចិន​ខាងត្បូង​ដែរ​។ កាលពី​ខែ​មុន គេ​ឃើញ​រដ្ឋមន្ត្រីការបរទេស​អាមេរិក រិច ធី​ល័​រ​សិន ក៏បាន​ទិតៀន​ចិន និង​អះអាងថា សកម្មភាព​បង្ករឿង​របស់​ចិន​កំពុង​បង្ក​ផលប៉ះពាល់​ដល់​សណ្តាប់ធ្នាប់ និង​ច្បាប់​អន្តរជាតិ​ផងដែរ​។​

​ដោយឡែក ការបង្កើត​ក្រម​ប្រតិបត្តិ​ដែលមាន​អនុភាព​គតិយុត្តិ​ក្នុងការ​គ្រប់គ្រង​ដែន​ជម្លោះ និង​ដោះស្រាយ​បញ្ហា​រវាង​ចិន និង​សមាជិក​អាស៊ាន​នោះ​នៅតែ​ប្រឈម​បញ្ហា​ច្រើន ដោយសារ​កន្លងមក​ចិន​នៅតែមាន​ជំហរ​ស្ទាក់ស្ទើរ​ក្នុង​ការចរចា​ជាមួយ​អាស៊ាន​ជា​ក្រុម​។ ការចរចា​ប្រហែលជា​ត្រូវ​ចំណាយពេល​រាប់​ឆ្នាំ​ទៅមុខ​ថែម​ទៀតផង​។ ប៉ុន្តែ​ចិន​ចាត់ទុកថា ចេតនា​របស់​អាមេរិក​ក្នុងការ​ទប់ស្កាត់​ចិន​ធ្វើ​ឲ្យ​ការដោះស្រាយ​បញ្ហា​ជម្លោះ​កាន់តែ​ស្មុគស្មាញ និង​លំបាក​៕


Tag:
 ចិន​
  ដូ​ណា​ល់ ត្រាំ​
  សមុទ្រ​ចិន​ខាងត្បូង​
© រក្សាសិទ្ធិដោយ thmeythmey.com