អន្តរជាតិ
ឥណ្ឌូណេស៊ី បន្ត​យុទ្ធនាការ​ពន្លិច​ទូក​នេសាទ​បរទេស​ខុសច្បាប់​
01, Nov 2017 , 7:19 pm        
រូបភាព
ដោយ:
​រដ្ឋាភិបាល​ក្រុង​ហ្សា​ការ​តា បាន​ពន្លិច​ទូក​នេសាទ​បរទេស​ជាច្រើន​គ្រឿង​ទៅក្នុង​រណ្តៅ ក្នុង​យុទ្ធនាការ​បោសសម្អាត​បទល្មើស​នេសាទ ក៏ដូចជា​ដើម្បី​ព្រមាន​ក្រុម​អ្នកនេសាទ​បរទេស ដែល​តែងតែ​បំពាន​ដែន​អធិបតេយ្យ​ខ្លួន​ដោយ​មិនមាន​ញ​ញឺ​ត ។



​ជំនួស​ដោយ​ការ​បំផ្ទុះ រដ្ឋមន្ត្រី​នេសាទ និង​កិច្ចការ​សមុទ្រ លោកស្រី Susi Pudjiastuti និង​កងកម្លាំង​ប្រយុទ្ធប្រឆាំង​បទល្មើស​នេសាទ​ឥណ្ឌូណេស៊ី នៅ​សប្តាហ៍​នេះ បាន​ពន្លិច​នាវា​បរទេស​១៧​គ្រឿង ដែល​ត្រូវបាន​ប្រើប្រាស់​ក្នុង​ប្រតិបត្តិ​ការនេសាទ​ខុសច្បាប់​នៅក្នុង​ដែនទឹក​ឥណ្ឌូណេស៊ី ។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន The Jakarta Post ។

​ជុំវិញ​ចំណាត់ការ​នេះ លោកស្រី​រដ្ឋមន្ត្រី បាន​អះអាងថា ការ​ពន្លិច​នាវា​ទាំងនេះ គឺជា​ភស្តុតាង​ដ៏​សំខាន់​មួយ​ដែល​បង្ហាញថា ឥណ្ឌូណេស៊ី តែងតែ​យកចិត្តទុកដាក់​បំផុត​ក្នុង​កិច្ចការ​ការពារ​ដែនទឹក​របស់ខ្លួន​សម្រាប់​ពេលអនាគត ។ នេះ​បើ​យោងតាម​ប្រភពព័ត៌មាន​ដដែល ។

​ជាមួយគ្នានេះ ប្រធាន​កងកម្លាំង​ប្រឆាំង​បទល្មើស​នេសាទ លោក Wahyudi Hendro Dwiyono ក៏បាន​ពន្យល់​ដែរ​ថា ឥណ្ឌូណេស៊ី មិន​ប្រើប្រាស់​ការ​បំផ្ទុះ​ដើម្បី​កម្ទេច​នាវា​នេសាទ​ខុសច្បាប់​ទាំង​នោះឡើយ​។ ត្រឹម​ពន្លិច​នៅក្នុង​រណ្តៅ​ជ្រៅ​នោះ វា​គ្រប់គ្រាន់​ហើយ ។

​មន្ត្រី​រូបនេះ​បាន​អះអាង​ទៀតថា គិត​ចាប់ពី​ខែមករា​មក មាន​នាវា​នេសាទ ៨៨ គ្រឿង​ហើយ ត្រូវបាន​ពន្លិច​ចោល បន្ទាប់ពី​កងកម្លាំង​រកឃើញថា វា​មាន​ពាក់ព័ន្ធ​នឹង​ការនេសាទ​ខុសច្បាប់​នោះ ។

​សូម​ជម្រាប​ផងដែរ​ថា ឥណ្ឌូណេស៊ី ដែលជា​ប្រទេស​ដែលមាន​បណ្តុំ​កោះ​ច្រើន និង​ជា​ប្រទេស​ជាង​ធំជាងគេ​របស់​អាស៊ាន បានចាប់ផ្តើម​ចាត់វិធានការ​តឹងរ៉ឹង ប្រឆាំងនឹង​ការនេសាទ​ខុសច្បាប់ ចាប់តាំងពី​លោក​ប្រធានាធិបតី ចូ​កូ វី​ដូ​ដូ ឡើងកាន់តំណែង​ក្នុង​ឆ្នាំ​២០១៤​។​

​វិធានការ​នេះ ធ្វើឡើង​ក៏​ដោយសារតែ​ការនេសាទ​ខុសច្បាប់ បានធ្វើ​ឲ្យ​ឥណ្ឌូណេស៊ី​បាត់បង់​ចំណូល​ជាតិ​ជាច្រើន​លាន​ដុល្លារ ។ កន្លងមក​អាជ្ញាធរ​ឥណ្ឌូណេស៊ី ក៏បាន​កម្ទេច​ទូក​នេសាទ​ជាច្រើន​របស់ ហ្វីលីពីន វៀតណាម ម៉ាឡេស៊ី និង​មី​យ៉ាន់​ម៉ា ដោយ​រដ្ឋាភិបាល​ចោទថា ពួកគេ​ចូល​នេសាទ​ដោយ​ខុសច្បាប់ ក្នុង​ដែន​អធិបតេយ្យ​របស់ខ្លួន​៕


Tag:
 ឥណ្ឌូណេស៊ី​
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com