អន្តរជាតិ
ប្រធានាធិបតី​កូរ៉េខាងត្បូង ប្រកាស​មិន​ទទួលស្គាល់​កូរ៉េខាងជើង​ជា «​រដ្ឋ​នុយក្លេអ៊ែរ​»
01, Nov 2017 , 9:20 pm        
រូបភាព
​ប្រធានាធិបតី​កូរ៉េខាងត្បូង មូ​ន ចេ​អ៊ី​ន នៅ​ថ្ងៃទី​១ ខែវិច្ឆិកា បានប្រកាសថា កូរ៉េខាងត្បូង​នឹងមិន​ទទួលស្គាល់​កូរ៉េខាងជើង​ជា «​រដ្ឋ​នុយក្លេអ៊ែរ​» ឡើយ ហើយ​រដ្ឋាភិបាល​លោក​នឹង​ប្រើប្រាស់​គ្រប់​មធ្យោបាយ​ដើម្បី​រំសាយ​នុយក្លេអ៊ែរ​ពី​ឧបទ្វីប​កូរ៉េ​។ ជាមួយគ្នានេះ លោក មូ​ន ចេ​អ៊ី​ន ក៏បាន​ប្ដេជ្ញាចិត្ត​ដែរ​ថា ក្រុង​សេ​អ៊ូ​ល​នឹងមិន​ផលិត​នុយក្លេអ៊ែរ​ដូច​ក្រុង​ព្យុងយ៉ាង ឬ​ទទួលយក​អាវុធ​ពី​បរទេស​ឡើយ ទោះ​មានការ​គំរាមកំហែង​លើ​ខ្លួន​ក្ដី​។​



​ការសាកល្បង​គ្រាប់​នុយក្លេអ៊ែរ និង​ការបាញ់​មី​ស៊ី​ល​ដែល​អាច​បំពាក់អាវុធ​មួយ​នេះ​ពី​សំណាក់​កូរ៉េខាងជើង ពិតជា​ធ្វើ​ឲ្យ​អាមេរិក និង​កូរ៉េខាងត្បូង​នៅ​មិន​ស្ងប់ចិត្ត​ឡើយ​។ នៅ​កូរ៉េខាងត្បូង បណ្ដា​អ្នកនយោបាយ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​បានលើកឡើង​ពី​ក្ដីបារម្ភ​ចំពោះ​សន្តិសុខ​ជាតិ ប្រឈមមុខ​ការគំរាមកំហែង​ឥតឈប់ឈរ​នេះ ហើយ​បានស្នើ​ឲ្យ​មានការ​ពង្រាយ​អាវុធ​នុយក្លេអ៊ែរ​យុទ្ធសាស្ត្រ​របស់​អាមេរិក​លើ​ទឹកដី​កូរ៉េខាងត្បូង​ឡើងវិញ​ផង​។​

​យ៉ាងណាមិញ លោក​ប្រធានាធិបតី មូ​ន ចេ​អ៊ី​ន បានប្រកាស​ជំហរ​ដាច់ខាត​ថា លោក​មិន​អនុញ្ញាត​ឲ្យ​កូរ៉េខាងត្បូង​មាន​នុយក្លេអ៊ែរ​ឡើយ​។ ថ្លែង​ក្នុង​កិច្ចប្រជុំសភា​នៅ​ថ្ងៃទី​១ ខែវិច្ឆិកា លោក មូ​ន ចេ​អ៊ី​ន បញ្ជាក់​ច្បាស់ៗ​ថា ផ្អែក​តាម​សេចក្ដីប្រកាស​រួម​ស្ដីពី​ការរំសាយ​នុយក្លេអ៊ែរ​រវាង​កូរ៉េ​ទាំងពីរ កូរ៉េខាងត្បូង​មិន​ទទួលស្គាល់​កូរ៉េខាងជើង​ជា​រដ្ឋ​នុយក្លេអ៊ែរ​ឡើយ ហើយ​កូរ៉េខាងត្បូង​ក៏​មិន​ផលិត ឬក៏​ស្តុក​ទុក​នុយក្លេអ៊ែរ​ក្នុង​ឃ្លាំង​ដែរ​។​

​ជាមួយគ្នា​នោះដែរ លោក មូ​ន ចេ​អ៊ី​ន ក៏​លើក​ពី​ការប្ដេជ្ញាចិត្ត​ក្នុង​ការនាំយក​សន្តិភាព​សម្រាប់​ឧបទ្វីប​កូរ៉េ ហើយ​អន្តរាគមន៍​យោធា​ណាមួយ ត្រូវតែមាន​ការយល់ព្រម​ពី​កូរ៉េខាងត្បូង​សិន​។ ការលើកឡើង​បែបនេះ ហាក់ដូចជា​ការឆ្លើយតប​នឹង​ការ​ផ្លោង​ពាក្យសម្ដី​ដាក់គ្នា​រវាង​អាមេរិក និង​កូរ៉េខាងជើង រហូតដល់​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ គំរាម​កម្ទេច​ក្រុង​ព្យុងយ៉ាង​ថែមទៀត​។ បើតាម​លោក មូ​ន អនាគត​ឧបទ្វីប​កូរ៉េ ទុក​ឲ្យ​ប្រជាជន​កូរ៉េ​ជា​អ្នកសម្រេច​ខ្លួនឯង​។   

«​យើង​មិន​ចង់​ឲ្យ​ប្រវត្តិសាស្ត្រ​ឈឺចាប់​ដូចជា​ការគ្រប់គ្រង​របស់​ជប៉ុន និង​ការបែងចែក​ទឹកដី​សម័យ​សង្គ្រាម​កើតឡើង​ម្ដង​ទៀតឡើយ ព្រោះ​វាសនា​របស់​ប្រទេស​កូរ៉េ​ត្រូវបាន​ចាត់ចែង​ដោយ​មិនមាន​ការគោរព​ឆ​ន្ទះ​ប្រជាជន​កូរ៉េ​ទេ​»​។ នេះ​ជាការ​សង្កត់ធ្ងន់​របស់​ប្រធានាធិបតី​កូរ៉េខាងត្បូង ដែល​បាន​បន្តថា រដ្ឋាភិបាល​លោក​ដែល​កើតចេញ​ចំពេល​គ្រោះថ្នាក់ នឹង​ព្យាយាម​រក្សា​ស្ថិរភាព​តំបន់​ឲ្យ​បាន​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Xinhua ។​

​ជុំវិញ​ដំណោះស្រាយ​វិបត្តិ​នុយក្លេអ៊ែរ​កូរ៉េខាងជើង​វិញ ច្រកចេញ​នៃ​បញ្ហា​នៅតែ​មិនទាន់​រកឃើញ​នៅឡើយ ខណៈដែល​របប​ដឹកនាំ​កូរ៉េខាងជើង​ហាក់​គ្មាន​បំណង​ចរចា​អ្វី​ទាំងអស់ និង​ថែមទាំង​បដិសេធ​អង្គុយ​ចរចា​លើ​កម្មវិធី​នុយក្លេអ៊ែរ​ទៅទៀត​។ ឯ​រដ្ឋបាល​ក្រុង​វ៉ា​ស៊ិន​តោន​វិញ ក៏មាន​ជំហរ​មិន​ស្របគ្នា​ដែរ ដោយ​ប្រមុខ​ការទូត និង​ការពារជាតិ នៅតែ​ប្រកាន់​ជំហរ​ចរចា តែ​លោក ត្រាំ ចង់​ប្រើ​ធម៌​ក្ដៅ​លើ​កូរ៉េខាងជើង​ជាង​៕

Tag:
 កូរ៉េខាងត្បូង​
  កូរ៉េខាងជើង​
  មូ​ន ចេ​អ៊ី​ន
© រក្សាសិទ្ធិដោយ thmeythmey.com