អន្តរជាតិ
របប​សឹក​ថៃ ទទូច​ឲ្យ​ប្រទេស​ដៃគូ​ជូនដំណឹង​ពាក់ព័ន្ធ​នឹង​ការ​ស្នាក់នៅ​របស់លោក​ស្រី យី​ង ឡាក់
01, Nov 2017 , 9:59 pm        
រូបភាព
ដោយ:
​រដ្ឋាភិបាល​របប​សឹក​ថៃ បាន​អះអាងថា មកទល់ពេលនេះ មិនទាន់មាន​ការរាយការណ៍​ណា​បញ្ជាក់​ពី​ទីកន្លែង​ដែល​អតីត​នាយករដ្ឋមន្ត្រី​ថៃ លោកស្រី យី​ង​ឡាក់ ស្នាក់​នៅឡើយ ហើយ​លោកស្រី ក៏​មិនទាន់​ទទួលបាន​សិទ្ធិ​ជ្រក​ពី​បណ្តា​ប្រទេស​ណាមួយ​ផងដែរ ។



​រដ្ឋមន្ត្រីការបរទេស​ថៃ​លោក Don Pramudwinai នៅ​ថ្ងៃ​៣១ តុលា បាន​ថ្លែង​ឲ្យ​ដឹង ថា រដ្ឋាភិបាល​អង់គ្លេស បាន​ជូន​ដល់​ដំណឹង​ដល់​រដ្ឋាភិបាល​ថៃ ថា ក្នុងករណី​លោកស្រី យី​ង​ឡាក់ ពិតជា​បាន​ស្នាក់នៅ​អង់គ្លេស​មែន នោះ​វា គ្រាន់តែ​ការ​ស្នាក់នៅ​ធម្មតា​នោះទេ ពោលគឺ​មិនជា​ប់​ពាក់ព័ន្ធ​នឹង​ការសុំ​សិទ្ធិ​ជ្រកកោន​អ្វី​ឡើយ ។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន​ថៃ The Nation ។​

​លោក​រដ្ឋមន្ត្រី លើកឡើង​បែបនេះ ដើម្បី​ជាការ​ឆ្លើយតប និង​បំភ្លឺ​ទៅនឹង​សំណួរ​របស់​អ្នកសារព័ត៌មាន ដែល​បាន​សួរថា​តើ​អតីត​នាយករដ្ឋមន្ត្រី​ថៃ លោកស្រី​យី​ង​ឡាក់ ស៊ីន​ណា​វ៉ា​ត់ ពិតជា​ទទួលបាន​សិទ្ធិ​ជ្រកកោន​នយោបាយ​ពី​អង់គ្លេស​មែនឬ​យ៉ាងណា ។​

​សូម​រម្លឹក​បន្តិច​ដែរ​ថា នៅ​ចុងខែ​កញ្ញា​កន្លងទៅ តុលាការ​កំពូល​ថៃ បាន​កាត់ទោស​កំបាំងមុខ​លើ​សំណុំរឿង​របស់​អតីត​នាយករដ្ឋមន្ត្រី យី​ង​ឡាក់ ដោយ​សម្រេច​ឲ្យ​ជាប់ពន្ធនាគារ​៥​ឆ្នាំ​ពីបទ​ធ្វេសប្រហែស​ក្នុងការ​ដឹកនាំ​ដែល​ធ្វើ​ឲ្យ​រដ្ឋ​ខាតបង់​ទឹកប្រាក់​រាប់លាន​ដុល្លារ​ដោយសារ​កម្មវិធី​ស្រូវ​អង្ករ​រដ្ឋ​។

​នៅ​ថ្ងៃ​៣១ តុលា​ដដែល​នោះ អ្នកនាំពាក្យ​រដ្ឋាភិបាល​ថៃ  ក៏បាន​អះអាង​ដែរ​ថា លោកស្រី យី​ង​ឡាក់ មិនអាច​ប្រើប្រាស់​លិខិតឆ្លងដែន​ជនជាតិ​ថៃ​ដើម្បី​ធ្វើដំណើរ​បាន​ទៀតឡើយ ពោលគឺ លិខិតឆ្លងដែន​របស់​លោកស្រី ត្រូវបាន​បញ្ចប់​សុពលភាព​ហើយ ។ ហើយ​រដ្ឋាភិបាល​ថៃ ក៏បាន​ណែនាំ​ពី​ចំណាត់ការ​របស់ខ្លួន​ទៅគ្រប់​បណ្តា​ស្ថានទូត​ថៃ​ទូទាំង​ពិភពលោក​រួចហើយ​ដែរ​។ ចំណាត់ការ​នេះ គឺជា​ចំណាត់ការ​ក្តៅ​មួយ ដែល​បិទផ្លូវ​លោកស្រី មិន​ឲ្យ​ធ្វើដំណើរ​ទៅណា​បាន ពោលគឺ លោកស្រី យី​ង​ឡាក់ អាចធ្វើ​ដំណើរ​ឆ្លង​ប្រទេស​បាន​លុះត្រាតែ​លោកស្រី មាន​លិខិតឆ្លងដែន​បរទេស​ផ្សេងទៀត ។

​ជុំវិញ​សំណុំរឿង​អតីត​នាយករដ្ឋមន្ត្រី​ថៃ​នេះដែរ ប្រមុខ​របប​សឹក​ថៃ​លោក​ឧ​ត្ត​ម​សេនីយ៍ ប្រា​យុទ្ធ ចន្ទ អូ​ចា ក៏បាន​ថ្លែង​ក្នុង​នៅក្នុង​សន្និសីទ​ប្រចាំ​សបា្តហ៍​របស់លោក​ដែរ​ថា អាជ្ញាធរ​ថៃ នៅ​មិនទាន់​ទទួល​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ទីកន្លែង​ដែល​លោកស្រី​យី​ង​ឡាក់ ស្នាក់នៅ​ពិតប្រាកដ​ឡើយ ។ លោកនាយក​រដ្ឋមន្ត្រី ក៏បាន​ទទូច​ឲ្យ​ប្រទេស​ដៃគូ​ផ្តល់ដំណឹង​ឲ្យ​ថៃ​ពី​ទីកន្លែង​ដែល​លោកស្រី​យី​ង​ឡាក់​ស្នាក់នៅ ដើម្បី​ផ្តល់​លទ្ធភាព​ឲ្យ​រដ្ឋាភិបាល​ថៃ អាចអនុវត្ត​ច្បាប់​របស់ខ្លួន ៕


Tag:
 ថៃ​
  អង់គ្លេស
© រក្សាសិទ្ធិដោយ thmeythmey.com