អន្តរជាតិ
សមាហរណកម្ម​តំបន់​៖ ឌូ​ទើ​តេ ថា បើ​អឺរ៉ុប​ធ្វើបាន ហេតុអ្វី​អាស៊ាន​ធ្វើ​មិនបាន​?
01, Nov 2017 , 10:39 pm        
រូបភាព
ប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គោ ឌូទើតេ ក្នុងកិច្ចប្រជុំអាស៊ានកន្លងមក (រូបភាពវិមានប្រធានាធិបតីហ្វីលីពីន)
ប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គោ ឌូទើតេ ក្នុងកិច្ចប្រជុំអាស៊ានកន្លងមក (រូបភាពវិមានប្រធានាធិបតីហ្វីលីពីន)
​ក្នុងនាម​ជា​ប្រធាន​អាស៊ាន ប្រធានាធិបតី​ហ្វីលីពីន រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ បានប្រកាស​ជំហរ​ក្នុងការ​ពង្រឹង​សមាហរណកម្ម​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ឲ្យ​កាន់​ស្អិតល្មួត​ថែមទៀត​។ លោក ឌូ​ទើ​តេ បានលើកឡើង​ពី​ការ​ពួតដៃគ្នា​នៃ​រដ្ឋ​សមាជិក​អឺរ៉ុប ដែល​នេះ​នាំ​ឲ្យ​លោក​ជឿថា កិច្ចសហប្រតិបត្តិការ​រឹងមាំ​រវាង​ប្រទេស​សមាជិក​អាស៊ាន​ទាំងអស់​ពិតជា​អាច​កើតឡើង​បាន​ដូចគ្នា​ដែរ​។ ប៉ុន្តែ​ក្ដី​ស្រមៃ​នេះ ស្ថិត​លើផ្លូវ​វែងឆ្ងាយ​ទៀត បើ​គិតពី​ស្ថានភាព​បច្ចុប្បន្ន​។​



«​បើ​សហភាព​អឺរ៉ុប​អាចធ្វើ​បាន ហេតុអ្វី​អាស៊ាន​ធ្វើ​មិនបាន​?» នេះ​ជា​សំណួរ​បង្កប់​ដោយ​ការប្ដេជ្ញាចិត្ត​របស់​ប្រធានាធិបតី​ហ្វីលីពីន រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ ជុំវិញ​សមាហរណកម្ម​នៃ​ប្រទេស​ទាំង​១០​នៃ​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ ឬ​អាស៊ាន ដែលមាន​អាយុ​៥០​ឆ្នាំ​មកហើយ​។ លោក ឌូ​ទើ​តេ លើកឡើង​បែបនេះ​នាឱកាស​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​រាត្រី​ថ្ងៃទី​៣១ ខែតុលា បន្ទាប់ពី​បញ្ចប់​ដំណើរ​ទស្សនកិច្ច​ពីរ​ថ្ងៃ​នៅ​ជប៉ុន​។​

​បច្ចុប្បន្ននេះ ហ្វី​លី​ពី គឺជា​ប្រធាន​ប្ដូរ​វេន​របស់​អាស៊ាន​ស​ម្រា​ប់​ឆ្នាំ​២០១៧ ។ ប្រធានាធិបតី​ហ្វីលីពីន​សង្ឃឹមថា សមាជិក​អាស៊ាន​ទាំងអស់​នឹង​សម្រេច​ឲ្យ​គោលដៅ​ក្នុង​ពង្រីក​កិច្ចសហប្រតិបត្តិការ​រួម​គ្នា​ឲ្យ​កាន់តែ​ជិតស្និទ្ធ ដូចដែល​សហភាព​អឺរ៉ុប​កំពុង​ធ្វើ​សព្វថ្ងៃ​។ ក្រុង​ម៉ានីល​ក៏​ដាក់​គោលដៅ​បង្កើត​កិច្ចសហប្រតិបត្តិការ​អន្តររដ្ឋាភិបាល​រវាង​រដ្ឋ​សមាជិក ក៏ដូចជា​ការសម្រួល​លំហូរ​ទំនិញ និង​សេវាកម្ម​ក្នុង​តំបន់​ផងដែរ​។​

​យ៉ាងណាមិញ បំណង​របស់លោក ឌូ​ទើ​តេ ដែល​ចង់​ឲ្យ​អាស៊ាន​ក្លាយជា​អង្គការ​តំបន់​រួមគ្នា​មួយ​ដូច​សហភាព​អឺរ៉ុប មិនមែន​អាច​សម្រេចបាន​ដោយ​ងាយ​ឡើយ​។ ខុសពី​អឺរ៉ុប​ដែលមាន​ប្រព័ន្ធ​នយោបាយ និង​សេដ្ឋកិច្ច​ស្រដៀង​គ្នា អាស៊ាន​ជា​តំបន់​ចម្រុះ​គ្រប់បែបយ៉ាង ហើយ​សមាជិក​ទៀតសោត​មិនសូវមាន​ជំហរ​តែមួយ​ឡើយ​។ ឧទាហរណ៍​ជាក់ស្ដែង គឺ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​តែម្ដង ដែល​បាន​ក្លាយជា​ឧបសគ្គ​ដ៏​ធំ​រាំងស្ទះ​សមាហរណកម្ម​តំបន់​មួយ​នេះ​។​

​នេះ គឺ​មិនទាន់​និយាយ​ដល់​បញ្ហា​ប្រវត្តិសាស្ត្រ​ជូរចត់ ដែល​កើតឡើង​រវាង​សមាជិក​ខ្លះ​កាលពី​អតីតកាល អតុល្យភាព​សេដ្ឋកិច្ច នយោបាយ​ការបរទេស និង​ផលប្រយោជន៍​ប្រទេស​រៀងៗ​ខ្លួន​ផង​។ ប៉ុន្តែ​ការប្ដេជ្ញាចិត្ត​របស់​រដ្ឋ​សមាជិក​អាស៊ាន​ទាំងអស់​ក្នុងការ​ពង្រីក​កិច្ចសហប្រតិបត្តិការ​ព​ហុ​ភាគី ជា​សញ្ញា​វិជ្ជមាន​ក្នុងការ​ឈានដល់​សមាគម​អាស៊ាន​មួយ​ដែល​សមាជិក​ទាំងអស់​មា​ន​គោលដៅ​តែមួយ និង​ទស្សនៈវិស័យ​តែមួយ​។​

​ដោយឡែក​នាយករដ្ឋមន្ត្រី​សិង្ហ​បុរី លី សៀន​ឡុង ដែល​ត្រូវ​ទទួល​តំណែង​ប្រធាន​អាស៊ាន​បន្ត​ពី​ហ្វីលីពីន​ក្នុង​ឆ្នាំ​២០១៩ ខាងមុខ ធ្លាប់​និយាយថា អាទិភាព​នៃ​កិច្ចប្រជុំ​អាស៊ាន​នៅ​សិង្ហ​បុរី គឺជា​ទំនាក់ទំនង​ជាមួយ​ចិន​។ សារព័ត៌មាន Rappler បាន​ស្រង់​សម្ដី​នាយករដ្ឋមន្ត្រី​សិង្ហ​បុរី​ថា អាស៊ាន​ត្រូវ​ពង្រឹង​ទំនាក់ទំនង​ជាមួយ​ចិន ហើយ​អាស៊ាន​ត្រូវតែ​ប្រកាន់​ជំហរ​មាន​ហេតុផល និង​ការអត់ធ្មត់​ជុំវិញ​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​៕

Tag:
 អាស៊ាន​
  អឺរ៉ុប​
  ហ្វីលីពីន​
  រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ
© រក្សាសិទ្ធិដោយ thmeythmey.com