អន្តរជាតិ
ហ្វីលីពីន​៖ មេដឹកនាំ​ពិភពលោក ២១ និង​ប្រមុខ UN នឹងចូលរួម​ប្រជុំ​កំពូល​អាស៊ាន​សប្តាហ៍​ក្រោយ​
02, Nov 2017 , 3:39 pm        
រូបភាព
​មេដឹកនាំ​ប្រទេស ២១ និង​ប្រមុខ​អង្គការសហប្រជាជាតិ​នឹង​អញ្ជើញ​មក​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី ៣១ នៅ​ប្រទេស​ហ្វីលីពីន​នៅ​សប្តាហ៍​ក្រោយនេះ​។ ទី​ម័​រ​ខាងកើត​នឹង​បញ្ជូន​ប្រតិភូ​តំណាង​របស់ខ្លួន​ក្នុងនាម​ជា​ភ្ងៀ​វ​កិត្តិយស​មក​ចូលរួម​ក្នុង​កិច្ចប្រជុំ​ផងដែរ​។​



​ប្រធាន​ក្រុម​ប្រឹក្សាជាតិ​ហ្វីលីពីន​ទទួលបន្ទុក​រៀប​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ាន Marciano Paynor បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា មេដឹកនាំ​ចំនួន ២១ រួមជាមួយ​ប្រមុខ​អង្គការសហប្រជាជាតិ​លោក Antonio Guterres នឹងមាន​វត្តមាន​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី ៣១ នៅ​ហ្វីលីពីន​សប្តាហ៍​ក្រោយ​។​

​បើតាម​សារព័ត៌មាន Philippine Star លោក Marciano Paynor បាន​បញ្ជាក់ថា មកដល់ពេលនេះ​មិនទាន់​មានការ​ផ្តល់ព័ត៌មាន​ថា មេដឹកនាំ​ទាំង ២២ រូបនេះ​នឹងមិន​ចូលរួម​ក្នុង​កិច្ចប្រជុំ​ឡើយ​។ ហើយ​ប្រទេស​ទី​ម័​រ​ខាងកើត នឹង​បញ្ជូន​អ្នកតំណាង​របស់ខ្លួន​មក​ចូលរួម​ក្នុងនាម​ជា​ភ្ងៀ​វ​ផងដែរ​។

«​ដរាបណា​មេដឹកនាំ​ទាំងនោះ​មិនបាន​រាយការណ៍​ប្រាប់​ជាមុន​ថា គេ​មិន​បានមក​ចូលរួម​ទេ យើង​អាច​សន្និដ្ឋានបានថា ពួកគេ​នឹង​មក​ចូលរួម​ជាធម្មតា​។ ដូច្នេះ​មេដឹកនាំ​អាស៊ាន​ទាំង ១០ រួមជាមួយ​សមាជិក​កិច្ចប្រជុំ​អាស៊ី​បូព៌ា ៨ រួមជាមួយ​ប្រទេស​ពីរ​ទៀត​ដែល​រៀបចំ​ពិធី​ខួប​លើក​ទី ៤០​នៃ​ទំនាក់​ទ្វេភាគី​ជាមួយ​អាស៊ាន មាន​សហភាព​អឺរ៉ុប និង​កា​ណា »​។ នេះ​ជាស​ម្តី​របស់លោក Marciano Paynor​។​

​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី ៣១ នេះ​នឹងត្រូវ​រៀបចំឡើង​ព្រមៗ​គ្នា​នៅក្នុង​ទីក្រុង​ម៉ានីល ផង និង​នៅ​មូលដ្ឋាន​យោធា Clark នៅ​ខេត្ត Pampanga ផងដែរ​ពីថ្ងៃ ១១ ដល់​ថ្ងៃ ១៤ ខែវិច្ឆិកា​។ ដៃគូ​សន្ទនា​អាស៊ាន​មាន​ចិន ឥណ្ឌា អូស្ត្រាលី កាណាដា សហភាព​អឺរ៉ុប ជប៉ុន នូ​វែ​ល​សេ​ឡង់ រុស្ស៊ី កូរ៉េខាងត្បូង និង​អាមេរិក​នឹងចូលរួម​ក្នុង​ការរៀបចំ​កម្មវិធី​នេះដែរ​។​

​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ នឹង​អញ្ជើញ​ទៅដល់​ហ្វីលីពីន​នៅ​ថ្ងៃ ១២​ខែវិច្ឆិកា​បន្ទាប់ពី​ចាកចេញ​ពី​វៀតណាម​។ លោក​នឹង​ជួប​ជាមួយ​មេដឹកនាំ​អាស៊ាន​និង​ដៃគូ​សន្ទនា​អាស៊ាន​នៅក្នុង​កម្មវិធី​លាង​សាយភោជន៍​ពិសេស​ដើម្បី​ប្រារព្ធ​ខួប​លើក​ទី ៥០​នៃ​ការបង្កើត​អាស៊ាន​។  លោក ត្រាំ ក៏​នឹង​បន្ត​ជួប​ជជែក​ទ្វេភាគី​ជាមួយ​លោក ឌូ​ទើ​តេ នៅក្នុងពេល​ទស្សនកិច្ច​នៅ​ហ្វីលីពីន​ផងដែរ​។

​សូមបញ្ជាក់ថា កិច្ចប្រជុំ​អាស៊ាន​នឹងត្រូវ​រៀបចំឡើង​ពីថ្ងៃ ៩ ដល់​ថ្ងៃ​១៤ ខែវិច្ឆិកា​។ វិមាន​ប្រធានាធិបតី​ហ្វីលីពីន​បានប្រកាស កំណត់​យក​ថ្ងៃ ១៣ ដល់​ថ្ងៃ ១៥ ខែវិច្ឆិកា  ជា​ថ្ងៃ​ឈប់សម្រាក​ពិសេស​នៅ​កណ្តាល​រដ្ឋធានី​ម៉ានីល ខេត្ត Pampanga និង Bulacan ដើម្បី​សម្រួល​ដល់​កិច្ចប្រជុំ​អ​ស៊ាន​៕


Tag:
 ​ហ្វីលីពីន​
  អាស៊ាន​
  Marciano Paynor
© រក្សាសិទ្ធិដោយ thmeythmey.com