អន្តរជាតិ
មី​យ៉ាន់​ម៉ា ចោទ បង់​ក្លា​ដែ​ស​ថា ព្យាយាម​ពន្យារពេល​ប​ញ្ចូ​ន​ជនភៀសខ្លួន ដ្បិត​ចង់បាន​ជំនួយ​បន្ថែម​
02, Nov 2017 , 8:39 pm        
រូបភាព
ជនភៀសខ្លួនរ៉ូហ៊ីងយ៉ានៅឯជំរំភៀសខ្លួនក្នុងទឹកដីបង់ក្លាដែស (រូបភាពពីគេហទំព័រអង្គការសហប្រជាជាតិ)
ជនភៀសខ្លួនរ៉ូហ៊ីងយ៉ានៅឯជំរំភៀសខ្លួនក្នុងទឹកដីបង់ក្លាដែស (រូបភាពពីគេហទំព័រអង្គការសហប្រជាជាតិ)
ដោយ:
​រដ្ឋាភិបាល​ក្រុង​ណៃ​ពិដោរ បាន​ចោទ​រដ្ឋាភិបាល​ក្រុង​ដា​ហ្កា ថា​បាន​ព្យាយាម​ពន្យារពេល​ក្នុងការ​បញ្ជូន​ជនភៀសខ្លួន​របស់​មី​យ៉ាន់​ម៉ា​ទៅ​ប្រទេស​ដើម​វិញ ។ ក្រុង​ណៃ​ពិដោរ ថែមទាំង​បាន​អះអាងថា ការណ៍​ដែល​ក្រុង​ដា​ហ្កា​ធ្វើបែបនេះ ក៏​ព្រោះតែ ផលប្រយោជន៍​ហិរញ្ញវត្ថុ ដែល​ផ្តល់​ដោយ​សហគមន៍​អន្តរជាតិ ។



​អ្នកនាំពាក្យ​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា លោក Zaw Htay បាន​ឲ្យ​ដឹងថា រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា បាន​ត្រៀមខ្លួន​រួចជាស្រេច​ហើយ​ក្នុង​ការទទួល​ជនភៀសខ្លួន​ពី​បង់​ក្លា​ដែ​ស​វិញ ដោយយោង​តាម​កិច្ចព្រមព្រៀងទ្វេភាគី​រប​ស់​ប្រទេស​ទាំងពីរ ក៏ប៉ុន្តែ​ភាគី​ម្ខាង​ទៀត បាន​ព្យាយាម​ពន្យារពេល ។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​ភ្នាក់ងារ​ព័ត៌មាន Reuters នៅ​ថ្ងៃ​៣១ តុលា ។

​តាម​ប្រភពព័ត៌មាន​ដដែល បន្ថែម​ពី​បន្ទោស​ភាពយឺតយ៉ាវ​នៃ​ការបញ្ជូន​ជនភៀសខ្លួន អ្នកនាំពាក្យ​ដដែល​នោះ បាន​ភ្ជាប់​ការពន្យារពេលរ​បស់បង់​ក្លា​ដែ​ស​ជាមួយនឹង​ជំនួយ​អន្តរជាតិ ដែល​ផ្តល់​ឲ្យ​បង់​ក្លា​ដែ​ស​សម្រាប់​សង្គ្រោះ​ជនភៀសខ្លួន ។​

​លោក លើកឡើង​យ៉ាង​ដូច្នេះ​ថា​៖« បច្ចុប្បន្ន ពួកគេ (​បង់​ក្លា​ដែ​ស​) បានទទួល​ជំនួយ ៤០០ លាន​ដុល្លារ​រួចហើយ ។ យើង មានការ​ព្រួយបារម្ភ​ថា កម្មវិធី​នៃ​ការបញ្ជូន​ជនភៀសខ្លួន ត្រូវ​ពន្យារពេល ដោយសារតែ​ជំនួយ​នេះ ដ្បិត បង់​ក្លា​ដែ​ស ទទួល​បានការ​គាំពារ​ពី​សហគមន៍​អន្តរជាតិ​»​។

​យ៉ាងណាក៏ដោយ នៅ​សប្តាហ៍​មុន រដ្ឋាភិបាល​បង់​ក្លា​ដែ​ស ក៏បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ​ផងដែរ ដោយបាន​បញ្ជាក់ថា ភាគី​មី​យ៉ាន់​ម៉ា មិនទាន់​យល់ព្រម​ក្នុងការ​អនុវត្ត​លើ​កិច្ចព្រមព្រៀង ដែល​ផ្តោត​សំខាន់​លើ​ការ​គាំពារ​ជនភៀសខ្លួន​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា​នៅឡើយ​នោះទេ ។ កិច្ចព្រមព្រៀង​នោះ រាប់បញ្ចូល​ទាំង​គោលនយោបាយ ដែល​ចេញ​ដោយ​អតីត​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ លោក កូហ្វី អាណាន់​ផងដែរ ។

​បើតាម​របាយការណ៍​អង្គការសហប្រជាជាតិ ជនភៀសខ្លួន​មិនតិចជាង​៥០​ម៉ឺន​នាក់​ឡើយ ដែល​បាន​ចាកចេញ​ពីរ​ដ្ឋ Rakhine របស់​មី​យ៉ាន់​ម៉ា ទៅកាន់​បង់​ក្លា​ដែ​ស និង​ស្នាក់​នៅក្នុង​ជំរំ​បណ្តោះអាសន្ន​នៅ​ទីនោះ ដោយសារតែ​ការប៉ះទង្គិច​នៅ​ចុង​ខែសីហា​កន្លងទៅ ។ តាម​របាយការណ៍​ដដែល​នោះ ជនភៀសខ្លួន បាន​អះអាងថា ពួកគេ ត្រូវបាន​បង្ខំ​ឲ្យ​ចាកចេញ និង​ថែមទាំង​គំរាម​សម្លាប់​ទៀតផង ខណៈពេលដែល​ភូមិ និង​ផ្ទះ របស់​ពួកគេ ត្រូវបាន​អាជ្ញាធរ​បំផ្លាញ​ផងដែរ​នោះ ៕


Tag:
 មី​យ៉ាន់​ម៉ា​
  បង់​ក្លា​ដែ​ស
© រក្សាសិទ្ធិដោយ thmeythmey.com