អន្តរជាតិ
ពូ​ទីន ទៅ​អ៊ីរ៉ង់​ដើម្បី​ពិភាក្សា​ពី​ផែនទី​សន្តិភាព​ស៊ី​រី និង​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​
02, Nov 2017 , 10:59 pm        
រូបភាព
​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន អញ្ជើញ​ទៅ​ទស្សនកិច្ច​នៅ​ប្រទេស​អ៊ីរ៉ង់​នៅ​ថ្ងៃ​ពុធ ទី ១ ខែវិច្ឆិកា ដោយ​លោក​បាន​ជួបពិភាក្សា​ជាមួយ​មេដឹកនាំ​អ៊ីរ៉ង​ផង​។ ផែនទី​កិច្ចព្រមព្រៀង​សន្តិភាព​ស៊ី​រី និង​បញ្ហា​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ត្រូវបាន​មេដឹកនាំ​ទាំងពីរ​លើក​មក​ពិភាក្សា​ផងដែរ​។​



​ថ្ងៃទី ១ ខែវិច្ឆិកា ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀ ពូ​ទីន បាន​ជួបពិភាក្សា​ជាមួយ​ប្រធានាធិបតី​អ៊ីរ៉ង់​លោក Hassan Rouhani ដោយ​ផ្តោត​សំខាន់​លើ​បញ្ហាសំខាន់​ជាច្រើន​ទាំង​ទំនាក់ទំនង​ទ្វេភាគី រួមទាំង​បញ្ហា​សន្តិសុខ​តំបន់​ដូចជា​សង្គ្រាម​ស៊ី​រី និង​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ផងដែរ​។​

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP ក្នុងពេល​ជំនួប​ពិភាក្សា​នេះ លោក ពូ​ទីន និង​លោក Rouhani បាន​ជជែក​ពី​បញ្ហា​ផែនទី​ស​និ្ត​ភាព​នៅ​ស៊ី​រី រួមជាមួយ​បញ្ហា​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ផងដែរ​។ បន្ទាប់ពី​ជួប​ជាមួយ​ប្រធានាធិបតី​អ៊ីរ៉ង់ លោក ពូ​ទីន ក៏​ជួប​ជាមួយ​មេដឹកនាំ​កំពូល​អ៊ីរ៉ង់ Ayatollah Ali Khamenei ដែរ​។​

​ពាក់ព័ន្ធ​បញ្ហា​ស៊ី​រី បើតាម​ការបញ្ជា​ក់រប​ស់​វិមាន​ប្រធានាធិបតី​រុស្ស៊ី លោក ពូ​ទីន និង​មេដឹកនាំ​អ៊ីរ៉ង់​ផ្តោត​សំខាន់​លើ​ការជំរុញ​ឲ្យ​មានការ​ចូល​តុ​ចរចា​រវាង​របប​ដឹកនាំ​ស៊ី​រី និង​ក្រុមប្រឆាំង​ដើម្បី​ឈានទៅ​បង្កើត​ដំណោះស្រាយ​នយោបាយ​។ កាលពី​ថ្មីៗ​នេះ រុស្ស៊ី អ៊ីរ៉ង់ និង​តួ​ក​គី បាន​សន្យា​ចាប់​ជំរុញ​ភាគី​ឲ្យ​បង្កើត​ដំណោះស្រាយ​នយោបាយ ក្រោយ​ការចរចា​នៅ​ទឹក​ដីកា​ហ្សា​ក់​ស្ថាន​កាលពី​ថ្ងៃ​អង្គារ​ទី ៣១ ខែតុលា​។​

​អ៊ីរ៉ង់ និង​រុស្ស៊ី​ជា​ខ្នងបង្អែក​ដ៏​រឹងមាំ​របស់​របប​ដឹកនាំ​ស៊ី​រី រួមជាមួយ​តួ​ក​គី​ដែលជា​ខ្នងបង្អែក​ក្រុមប្រឆាំង​ផងដែរ​នោះបាន​ប្រឹងប្រែង​យ៉ាងខ្លាំង​កន្លងមក​ដើម្បី​ជំរុញ​ឲ្យ​ភាគី​ជម្លោះ​ចូល​តុ​ចរចា និង​ចាប់ផ្តើម​បញ្ចប់​ការប្រយុទ្ធ​។ ក្នុងឆ្នាំនេះ​កិច្ចចរចា​ជាច្រើន​ជំហាន​ត្រូវបាន​រៀបចំឡើង​ក្រោម​ការ​ជ្រោមជ្រែង​ពី​សំណាក់​ភាគី​ទាំងបី ហើយ​វា​មានការ​ឯកភាពគ្នា​បង្កើត​តំបន់​គ្មាន​ការប្រយុទ្ធ​គ្នា​នៅ​តំបន់​ជាច្រើន​ទូទាំងប្រទេស​ស៊ី​រី​។​

​ក្រៅពី​បញ្ហា​ស៊ី​រី លោក ពូ​ទីន ក៏​ពិភាក្សា​ពី​បញ្ហា​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ឆ្នាំ ២០១៥ ដែល​បង្កើតឡើង​ដោយ​មហាអំណាច​ប្រាំ បូក​អាល្លឺម៉ង់​ផងដែរ​។​កិច្ចព្រមព្រៀង​នេះហើយ​ដែល​ធានា​ឲ្យ​មាន​ការដក​ទណ្ឌកម្ម​ប្រឆាំង​អ៊ីរ៉ង់​ភាគច្រើន​កន្លងមក​នោះ​។

​ប៉ុន្តែ​បច្ចុប្បន្ន​កិច្ចព្រមព្រៀង​នេះ​ស្ថិតក្រោម​សម្ពាធ​របស់​ប្រធានាធិបតី​អាមេរិក​ដូ​ណា​ល់ ត្រាំ ដោយ​លោក​មិន​ព្រម​ទទួលស្គាល់ និង​គាំទ្រ​កិច្ចព្រមព្រៀង​នេះឡើយ​កន្លងមក ហើយ​គំរាម​លុបចោល​កិច្ចព្រមព្រៀង​នេះ​ទៀត​។​យ៉ាងណាមិញ លោក ពូ​ទីន បង្ហាញ​ជំហរ​គាំទ្រ​កិច្ចព្រមព្រៀង​នេះ ប្រឆាំងនឹង​ការសម្រេចចិត្ត​របស់​អា​មេ​រិ​ក​។​

​សូមបញ្ជាក់ថា នេះ ជា​ដំណើ​ទស្សនកិច្ច​លើក​ទី​ពីរ​ហើយ​របស់លោក ពូ​ទីន មកកាន់​ប្រទេស​អ៊ីរ៉ង់​នេះ​។ ទស្សនកិច្ច​លើកទីមួយ​ធ្វើឡើង​កាលពី​ឆ្នាំ ២០១៥ កន្លងមក​នោះ ៕


Tag:
 ​ស៊ី​រី​
  វ្ល៉ា​ឌី​មៀ ពូ​ទីន​
  អ៊ីរ៉ង់​
  ដូ​ណា​ល់ ត្រាំ​
  Hassan Rouhani
© រក្សាសិទ្ធិដោយ thmeythmey.com